កីឡាអន្តរជាតិ
អន្តរជាតិ
«រួមគ្នាតែមួយ» ជាអត្តន័យមេដាយអូឡាំពិក និងប៉ារ៉ាឡាំពិកក្រុងប៉េកាំងឆ្នាំ ២០២២
27, Oct 2021 , 10:59 am        
រូបភាព
មេដាយប៉ារ៉ាឡាំពិកឆ្នាំ២០២២
មេដាយប៉ារ៉ាឡាំពិកឆ្នាំ២០២២
មេដាយកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកប៉េកាំងរដូវរងាឆ្នាំ ២០២២ ត្រូវបានបង្ហាញជាផ្លូវការហើយ ខណៈការប្រកួតនៅសល់១០០ថ្ងៃទៀតនឹងចូលមកដល់។ «រួមគ្នាតែមួយ» ជាអត្ថន័យដែលម្ចាស់ផ្ទះចិនដាក់ឈ្មោះឱ្យមេដាយរបស់ខ្លួន។



ចិននៅថ្ងៃទី២៦ ខែតុលា បានបង្ហាញរូបរាងមេដាយទាំងបីប្រភេទដែលខ្លួនរចនាឡើងដើម្បីផ្តល់ជូនអត្តពលិកជ័យលាភីក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២២។ និមិត្តសញ្ញាមួយត្រូវបានភ្ជាប់នៅក្នុងមេដាយ ដើម្បីឆ្លុះបញ្ចាំងពីវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះផងដែរ។
 

 យោងតាមគណៈកម្មាធិការអូឡាំពិក មេដាយអូឡាំពិកក្រុងប៉េកាំង មានឈ្មោះជាភាសារចិនថា «Tong Xin» ដែលមានន័យថា «រួមគ្នាតែមួយ»។ ការ​រចនា​មេដាយ នៅតែបង្ហាញច្បាស់ពីសញ្ញាកងប្រាំ​អូឡាំពិក​នៅចំកណ្តាល​ រួមជាមួយរចនាបថលំនាំក្បាច់​បុរាណ​​ចិននៅជុំវិញនោះផង។ ពាក្យ «XXIV Olympic Winter Games Beijing 2022» ក៏ត្រូវបានឆ្លាក់នៅខាងមុខមេដាយផងដែរ។
 
នៅផ្នែកខាងក្រោយវិញ និមិត្តសញ្ញានៃព្រឹត្តិការណ៍កីឡា Beijing 2022 ស្ថិតនៅចំកណ្តាល ដោយមានឆ្លាក់ឈ្មោះជាភាសាចិនពេញថា កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ ក្រុងប៉េកាំង។ នៅផ្នែកខាងក្រោយនេះ ក៏មានបង្ហាញផ្ទាំងទឹកកក ព្រិល និងលំនាំពពកដែរ។
  


ដោយឡែកមេដាយកីឡាប៉ារ៉ាឡាំពិករដូវរងាក៏ប្រើការរចនាស្រដៀងគ្នានឹងមេដាយអូឡាំពិកដែរ។ នៅចំកណ្តាលផ្នែកខាងមុខ ត្រូវបានឆ្លាក់សញ្ញារបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ហើយហ៊ុំព័ទ្ធដោយអក្សរឆ្លាក់ថា «Beijing 2022 Paralympic Winter Games» ជាភាសាអង់គ្លេស និងអក្សរស្ទាប (សម្រាប់អ្នកពិការភ្នែក)។
កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈកីឡាប៉ារ៉ាឡាំពិកចាប់ផ្តើមនៅថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២២៕





Tag:
 Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com