កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer មានឱកាស៣ប្រកួតបន្ថែមទៀត ដើម្បីរក្សាកៅអីនៅ Man Utd
27, Oct 2021 , 4:09 pm        
រូបភាព
លោក Ole Gunnar Solskjaer ត្រូវបានក្លិបផ្តល់ឱកាសឱ្យ៣ប្រកួតទៀតដើម្បីស្តាមុខមាត់ និងរក្សាតួនាទីជាអ្នកចាត់ការ Manchester United ក្រោយដឹកនាំក្រុមប្រកួតចាញ់ Liverpool ៥-០។ លោក Sir Alex Ferguson នៅតែជឿជាក់ការដឹកនាំរបស់អតីតកូនក្រុមលោក និងជាអ្នកជំរុញឱ្យមានការផ្តល់ឱកាសនេះ។



ដឹកនាំមិនបានល្អប៉ុន្មានប្រកួតចុងក្រោយ បូករួមទាំងបរាជ័យដ៏អាម៉ាស់ក្រោមថ្វីជើង Liverpool ក្នុងការប្រកួត Premier League សប្តាហ៍មុន បានធ្វើឱ្យកៅអីអ្នកចាត់ការក្រុមបិសាចក្រហមរបស់លោក Solskjaer រង្គោះរង្គើ។
 
ស្របពេលគ្នានេះ លោក Antonio Conte ហាក់បង្ហាញបំណងចង់បានតួនាទីនេះពីលោក Solskjaer ប៉ុន្តែក្លិបមិនប្រាកដថាតើអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ពិតជំនាញត្រឹមត្រូវក្នុងការដឹកនាំ Man Utd ទៅមុខ ឬអត់ឡើយ។
 
មិនតែប៉ុណ្ណោះ ក្លិបបិសាចក្រហម​ក៏​មិន​ចង់មានការ​​ផ្លាស់​ប្តូរអ្នកណាម្នាក់​នៅ​ដើម​រដូវ​កាល​នេះ ខណៈការជំនួសថ្មីនឹង​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​បុគ្គលិក​ជាច្រើនផ្សេងទៀត។ បើតាមការចុះផ្សាយរបស់កាសែត ​​Telegraph លោក Solskjaer ត្រូវបានក្លិបផ្តល់ឱ្យកាស៣ប្រកួតទៀត ដើម្បីរក្សាតំណែងអ្នកចាត់របស់ខ្លួន។
 
Ole Gunnar Solskjaer ត្រូវបានគេផ្តល់ឱ្យបីប្រកួតបន្ថែមទៀតដើម្បីរក្សាតួនាទីរបស់គាត់ជាអ្នកចាត់ការ Manchester United បន្តទៀត។ ការផ្តល់ឱកាសនេះ មានការគាំទ្រយ៉ាងខ្លាំងពីលោក Sir Alex Ferguson។
 


លោក Ferguson ដែលមានវត្តមានក្នុងការប្រកួតដែល Man Utd ចាញ់ Liverpool ៥-០ នៅ Old Trafford ដែលនោះ ក៏មានទឹកមុខមិនសប្បាយចិត្តដែរ ប៉ុន្តែលោកនៅតែជឿជាក់លើអតីតកូនក្រុមខ្លួន និងត្រូវបានគេជឿជាក់ថាជាតួអង្គសំខាន់ក្នុងការសម្របសម្រួលជុំវិញតំណែងរបស់អ្នកចាត់ការន័រវែស។
អ្នកកាសែតដ៏ល្បីឈ្មោះ Fabrizio Romano ក៏អះអាងដែលថាវីរបុស Ferguson បានជំរុញឱ្យ អ្នកពាក់ព័ន្ធទាំងអស់រក្សា Solskjaer នៅពេលនេះ ជាមួយនឹងការផ្តល់ឱកាសដឹកនាំ៣ប្រកួតបន្ថែម។
 
Man Utd ស្ថិតនៅចំណាត់ថ្នាក់ទី៧ក្នុងតារាង Premier League ដោយរកបាន១៤ពិន្ទុ ក្រោយប្រកួត៩លើក ឈ្នះ៤ ចាញ់៣ និងស្មើ២ តាមពីក្រោយក្រុមកំពូលតារាង Chelsea ចំនួន៨ពិន្ទុ៕

Tag:
 Manchester United
  Ole Gunnar Solskjaer
  Sir Alex Ferguson
© រក្សាសិទ្ធិដោយ thmeythmey.com