កីឡាអន្តរជាតិ
អន្តរជាតិ
អត្តពលិកគ្មានវ៉ាក់សាំង នៅតែអាចចូលរួមអូឡាំពិកប៉េកាំងបាន តែត្រូវចត្តាឡីស័ក២១ថ្ងៃ
28, Oct 2021 , 8:29 am        
រូបភាព
អត្តពលិកអូឡាំពិក មន្ត្រី បុគ្គលិក និងអ្នកសារព័ត៌មានដែលទៅដល់ព្រឹត្តិការណ៍កីឡារដូវរងារក្រុងប៉េកាំងឆ្នាំ ២០២២ តម្រូវឱ្យចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩។ អ្នកគ្មានវ៉ាក់សាំងនៅតែអាចចូលរួមបាន តែត្រូវនៅដាច់ដោយឡែករយៈពេល២១ថ្ងៃសិន ពោលគឺយូរជាងព្រឹត្តិការណ៍ ដែលមានរយៈពេលប្រកួតផ្លូវការ១៧ថ្ងៃ។ នេះ​បើ​តាម​ការ​ណែនាំ​ថ្មី​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC)។



ការធ្វើចត្តាឡីស័កក្នុងរយៈពេលដ៏យូរចំនួន៣សប្តាហ៍ សម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង ជាវិធានការតឹងរ៉ឹងរបស់ម្ចាស់ផ្ទះចិន ដើម្បីធានាថាព្រឹត្តិការណ៍លំដាប់ពិភពលោក ដែលចាប់ផ្តើមពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ដំណើរការដោយរលូន ខណៈជំងឺកូវីដ-១៩ នៅតែរាតត្បាត។
 
លោក Colleen Wrenn ប្រធានផ្នែកដឹកជញ្ជូននៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិអះអាងថា៖ «ស្របពេលជំងឺរាតត្បាត COVID-19 កំពុងវាយលុកជាថ្មី នោះយើងមិនអនុញ្ញាតនរណាម្នាក់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ អាចមានលទ្ធភាពឆ្លងបានឡើយ»។
 
ការធ្វើតេស្ត PCR ប្រចាំថ្ងៃក៏នឹងត្រូវធ្វើដដែលទោះអ្នកចូលរួមមានវ៉ាក់សាំង និងចត្តាឡីស័កតាមគោលការណ៍។ វិធានការទាំងអស់នេះ ត្រូវបានបង្កើតឡើងពីសំណាក់ IOC រួមជាមួយអ្នករៀបចំកីឡានេះ និងរដ្ឋាភិបាលរបស់ប្រទេសចិនផ្ទាល់តែម្តង។
 
លោក Juan Antonio Samaranch ប្រធានគណៈកម្មការសម្របសម្រួលកីឡាអូឡាំពិកប៉េកាំង បន្ថែមថាអ្នកចូលរួមនឹងទទួលបានបទពិសោធន៍ថ្មីខុសពីមុន ហើយពួកគេត្រូវតែគោរពតាមវិធានការ​រឹត​បន្តឹងដែល​ជា​មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​រៀបកីឡានេះ​ដោយ​សុវត្ថិភាព​ក្នុង​អំឡុង​ពេល​មាន​ជំងឺរាតត្បាត។
 
ដោយឡែក អ្នកណាក៏ដោយដែលចង់ទៅលេងប្រទេសចិន អំឡុងពេលកីឡាអូឡាំពិក ត្រូវចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១៤ ថ្ងៃមុនពេលទៅដល់៕

Tag:
 Beijing 2022
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com