កីឡាអន្តរជាតិ
អន្តរជាតិ
Koeman ត្រូវបញ្ចប់តំណែងអ្នកចាត់ការភ្លាមៗ ក្រោយ Barcelona ចាញ់ Vallecano ១-០
28, Oct 2021 , 8:42 am        
រូបភាព
 
Barcelona បញ្ចប់តំណែងអ្នកចាត់ការទូទៅលោក Ronald Koeman បន្ទាប់ពីក្រុមប្រកួតចាញ់ Rayo Vallecano ១-០ នៅ La Liga។ ក្រុមរហស្សនាមអ្នកមានបុណ្យរកបាន១៥ពិន្ទុ ពីការប្រកួត១០លើក ស្ថិតនៅចំណាត់ថ្នាក់ទី៩ក្នុងតារាងលីគកំពូលអេស្ប៉ាញ និងចាញ់ពីរប្រកួតក្នុងវគ្គសន្សំពិន្ទុ Champions League ក្រោមការដឹនាំរបស់លោក Koeman រដូវកាល ២០២១-២២។


តាមរយៈសំណេរ ដែលបានបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ក្លិប Barcelona លោក Ronald Koeman ត្រូវបានដកតំណែងអ្នកចាត់ការភ្លាមៗ ក្រោយចាញ់ Vallecano នៅជំនួបលីគ ថ្ងៃទី២៧ ខែតុលា។ ប្រធានក្លិបលោក Joan Laporta បានជូនដំណឹងដល់អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះរួចហើយ។ លោក Koeman ដែលឡើងទៅកាន់តំណែងនេះបាន១៤ខែ នឹងត្រូវលាក្រុម Barca ជាផ្លូវការនាថ្ងៃទី២៩ ខែតុលា នៅទីលានហ្វឹកហាត់ Ciutat Esportiva។

«ក្លិប FC Barcelona សូមថ្លែងអំណរគុណចំពោះលោក Koeman សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ចំពោះក្លិប ហើយសូមជូនពរគាត់ទទួលបានភាពជោគជ័យក្នុងអាជីពរបស់គាត់នាពេលអនាគត»។ ក្លិបរហស្សនាមអ្នកមានបុណ្យសរេសេរក្នុងសេចក្តីប្រកាសរបស់ខ្លួនដូច្នេះ។


Barca ធ្វើមិនបានល្អនោះទេ ដោតឈរនៅលេខរៀងទី៩នៅ La Liga មាន១៥ពិន្ទុប៉ុណ្ណោះ ពីការប្រកួត១០លើក ឈ្នះ៤ ចាញ់៣ និងស្មើ៣ តាមពីក្រោយក្រុមកំពូលតារាង Real Madrid ចំនួន៦ពិន្ទុ។ មុនចាញ់ Vallecano ក្រុមលោក Koeman បានចាញ់ Real Madrid នៅជំនួប El Clasico ២-១ នៅកីឡដ្ឋាន Camp Nou។

អ្វីដែលពិបាកទៅទៀត Barca ប្រឈមធ្លាក់ត្រឹមវគ្គសន្សំពិន្ទុ Champions League រដូវកាលនេះ ដ្បិតពួកគេចាញ់២ប្រកួតក្នុងចំណោម៣លើក។ ម្ចាស់ជើងឯកអឺរ៉ុប៥សម័យមួយនេះ ឈរលេខរៀងទី៣ពូលនៃ E មាន៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Bayern Munich ៦ពិន្ទុ និង Benfica ចំនួន១ពិន្ទុ ខណៈការប្រកួតសល់៣លើកទៀត។

ក្រោយមការដឹកនាំរបស់លោក Koeman រយៈពេល ១៤ខែ ពោលចាប់តាំងពីខែសីហា ឆ្នាំ២០២០ Barca ឈ្នះតែពានរង្វាន់ Copa del Rey មួយគត់៕
 



© រក្សាសិទ្ធិដោយ thmeythmey.com