កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich រងភាពអាម៉ាស់ធ្ងន់ធ្ងរក្នុងរយៈពេល៤៣ឆ្នាំ ក្រោយចាញ់ Gladbach ៥-០
28, Oct 2021 , 11:09 am        
រូបភាព
ក្រុម Bayern Munich រងបរាជ័យធ្ងន់ធ្ងរធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៧៨ ក្រោយពួកគេចាញ់ Borussia Monchengladbach ដល់ទៅ ៥-០ ក្នុងការប្រកួតពានរង្វាន់ German Cup ជុំទីពីរនៅថ្ងៃទី២៧ ខែតុលា។



Monchengladbach បានផ្តល់មេរៀនឈឺចាប់ឱ្យក្រុមយក្សអាល្លឺម៉ង់ Bayern Munich ជាមួយគ្រាប់បាល់សុទ្ធបញ្ចូលទីចំនួន៥គ្រាប់។ Kouadio Kone ជាអ្នកបំប៉ោងសំណាញ់ទីគ្រាប់ដំបូង មុនពេល Ramy Bensebaini និង Breel Embolo បន្ថែមម្នាក់២គ្រាប់តាមក្រោយ។ 
 
៥គ្រាប់របស់ Gladbach កើតឡើងក្នុងចំណោមឱកាសស៊ុតចំនួន៦លើកប៉ុណ្ណោះ ខណៈក្រុមភ្ញៀវ Bayern Munich គ្រប់គ្រងបាល់បានច្រើនលើសលុប តែគ្មានឱកាសសម្រេចទីសូម្បី១គ្រាប់។

 
 
បរាជ័យដ៏អាក្រក់របស់ Bayern Munich ក្នុងរយៈពេល៤៣ឆ្នាំនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងនាយកីឡារបស់ក្លិប ដ្បិតក្រុមដាក់ពេញជើងទាំងអស់។ Bayern អាម៉ាស់មុខលើកដំបូងកាលFortuna Dusseldorf ៧-១ ក្នុងក្របខណ្ឌ Bundesliga នៅឆ្នាំ១៩៧៨។
 
លោក Hasan Salihamidzic ជាអតីតកីឡាករឆ្នើម Bayern Munich និងសព្វថ្ងៃមានតួនាទីជានាយកកីឡាបានប្រាប់កាសែត ARD ថាខ្លួនពិតជាភ្ញាក់ផ្អើលនឹងលទ្ធផលនេះណាស់។ 
«នៅវគ្គទី១ Bayern Munich ធ្វើមិនបានល្អទាល់តែសោះ។ នេះជាលទ្ធផលមិនគួរឱ្យជឿង ដ្បិតកម្រិតនៃការលេងរបស់ក្រុមយើងរយៈពេលចុងក្រោយស្ទើតែដល់កំពូលទៅហើយ»។ នេះជាការបញ្ជាក់របស់ Salihamidzic អតីតខ្សែបម្រើជម្រើសជាតិបូស្នី។
 
នេះ ជាបរាជ័យធ្ងន់ធ្ងរលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមឈុតធំ Bayern ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Julian Nagelsmann ដែលជាប់ធ្វើចត្តាឡីស័កក្រោយតេស្តវិជ្ជមានកូវីដ-១៩ ខណៈក្រុមយក្សអាល្លឺម៉ង់មួយនេះ ក៏ត្រូវបញ្ចប់ការរកគ្រាប់បាល់បញ្ចូលទីគូប្រជែងក្នុង ៨៥ ប្រកួតជាប់ៗគ្នារបស់ពួកគេផងដែរ៕

Tag:
 Bayern Munich
© រក្សាសិទ្ធិដោយ thmeythmey.com