ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​បង្កើន​ទំនាក់ទំនង​ជាមួយ​បងប្អូន​សាច់ថ្លៃ
28, Oct 2021 , 10:59 pm        
រូបភាព
ទំនាក់ទំនង របស់​អ្នក​ជាមួយនឹង​សាច់ថ្លៃ​អាច​ល្អ​ឬ​កាន់តែ​ល្អ​អាស្រ័យ​ទៅ​លើ​ថា​អ្នក ចង់​ឲ្យ​វា​ល្អ​ក្នុង​កម្រិត​ណា​។ វា​អាច​នឹង​មិនមែន​អាស្រ័យ​ទាំងស្រុង​លើ​អ្នក​នោះ​ទេ​ប៉ុន្តែ​ដោយសារ​តែ អត្ថបទ​នេះ​យើង​និយាយ​តែ​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដូច្នេះ​ចូរ ចាប់ផ្តើម​ដូច​តទៅ​៖

 
១. និយាយ​តែ​ពី​ចំណុច​វិជ្ជមាន​របស់​ដៃគូ​របស់​អ្នក​នៅ​មុខ​សាច់ថ្លៃ​៖ រាល់​ឪពុក​ម្តាយ​ទាំងអស់​សុទ្ធតែ​ចង់​ដឹង​ថា​កូន​របស់​គាត់​គឺជា​មនុស្ស អស្ចារ្យ​។ ការ​និយាយ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​សប្បាយចិត្ត​ហើយ​ត្រលប់​មក​វិញ​ក៏ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍ល្អ​ចំពោះ​អ្នក​ដែរ​។
 
២. មិន​ត្រូវ​និយាយ​ពី​បញ្ហា​អវិជ្ជមាន​នៅ​មុខ​សាច់ថ្លៃ​របស់​អ្នក​ឡើយ​៖ បើ​ទោះបីជា​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​កំពុង​តែ​ជួប​ប្រទះ​នូវ​ស្ថានភាព លំបាក​កម្រិត​ណា​ក៏​ដោយ អ្នក​មិន​ត្រូវ​និយាយ​ពី​ចំណុច​អាក្រក់​ដែល​កូន​របស់​គាត់​បាន​ប្រព្រឹត្ត នោះ​ទេ​។ នៅ​ពេល​អ្នក​បាន​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ហើយ​ក៏ ដោយ ក៏​សាច់ថ្លៃ​របស់​អ្នក​នឹង​នៅ​ចង​ចាំ​ពី​ចំណុច​អវិជ្ជមាន​ដែល​អ្នក​បាន​និយាយ ពី​កូន​របស់​គាត់​។
 
៣. គោរព​និង​គួរសម​ចំពោះ​សាច់ថ្លៃ​របស់​អ្នក​៖ វា​រួម​មានការ​ពិចារណា​ពី​តម្រូវការ​របស់​ពួក​គាត់​។ អ្នក​មិន​ត្រូវ​ទុក​កូន​ៗ​របស់​អ្នក​ចោល​នៅផ្ទះ​គាត់​ដោយ​ឲ្យ​គាត់​មើលថែ យូរ​ពេក​នោះ​ទេ​។ ពិត​ណាស់​ថា​ពួក​គាត់​ស្រលាញ់​ចៅ​របស់​គាត់ ប៉ុន្តែ​អ្នក​មិន​ត្រូវធ្វើ​ឲ្យ​វា​ក្លាយទៅជា​ការ​រំខាន​ដល់​ពួក​គាត់​នោះ​ទេ​។
 
៤. ចំណាយពេល​នៅ​ជាមួយ​សាច់ថ្លៃ​របស់​អ្នក​ហើយ​ជួយ​ពួក​គេ​៖ ចាប់ផ្តើម​ជួយ​ដោយ​មើល​ថា​អ្វី​ដែល​ចាំបាច់​ត្រូវធ្វើ​។ អ្នក​អាច​បោស​សម្អាតផ្ទះ​រៀបចំ​ឥ​វ៉ា​ន់ ឬ​ជួសជុល​របស់​ដែល​អ្នក​អាច​ជួសជុល​បាន​។ ការ​ធ្វើ​បែប​នេះ​នឹង​បន្សល់​ទុក​នូវ​ភាព​វិជ្ជមាន​របស់​អ្នក​ដល់​ពួក​គាត់​។
 
៥. បង្ហាញខ្លួន​ក្នុង​កម្មវិធី​នានា​ហើយ​បង្ហាញ​ការ​គោរព​ចំពោះ​ដៃគូ​របស់​អ្នក ៖ ការ​ធ្វើ​បែប​នេះ​នឹង​បង្ហាញ​សាច់ថ្លៃ​របស់​អ្នក​ថា​អ្នក​យកចិត្តទុកដាក់​និង រីករាយ​ក្នុង​ការ​ចូលរួម​ជាមួយ​ដៃគូ​របស់​អ្នក​និង​ក្រុម​គ្រួសារ​របស់​គាត់ ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com