កីឡាអន្តរជាតិ
អន្តរជាតិ
Cavallo កីឡាករបាល់ទាត់ដំបូង ដែលប្រកាសថាខ្លួនខ្ទើយ ទទួលបានការគាំទ្រហួសស្មាន
29, Oct 2021 , 8:29 am        
រូបភាព
Josh Cavallo ខ្សែបម្រើក្រុម Adelaide United នៃលីគកំពូលអូស្ត្រាលី ជាកីឡាករបាល់ទាត់ដំបូងគេ ដែលហ៊ានសារភាពថា ខ្លួនជាអ្នកស្រឡាញ់ភេទដូចគ្នា។ កីឡាករ និងក្លិបកីឡាបាល់ទាត់ល្បីៗលំដាប់ពិភពលោក ចេញមុខគាំទ្រ Cavallo ពេញទំហឹង។



Cavallo វ័យ២១ឆ្នាំ ដែលជាកីឡាកររបស់ក្រុមជម្រើសជាតិអូស្ត្រាលី ក្រោមអាយុ២១ឆ្នាំផង បាននិយាយនៅក្នុងវីដេអូទាំងរំជួលចិត្តថា រូបគេជាកីឡាករបាល់ទាត់ ហើយក៏ជាអ្នកស្រឡាញ់ភេទដូចគ្នាដែរ។
  


«អ្វីដែលខ្ញុំចង់ធ្វើគឺលេងបាល់ទាត់ និងទទួលបានភាពស្មើគ្នា។ ខ្ញុំដឹងថាមានកីឡាករផ្សេងទៀតដូចជាខ្ញុំ តែពួកគេរស់នៅក្នុងភាពស្ងៀមស្ងាត់។ ខ្ញុំចង់ជួយផ្លាស់ប្តូរផ្នត់គំនិតនេះ ដើម្បីបង្ហាញថាអ្នកគ្រប់គ្នាត្រូវបានស្វាគមន៍ក្នុងការប្រកួតកីឡាបាល់ទាត់ ហើយសមនឹងទទួលបានសិទ្ធិក្លាយជាខ្លួនឯងពិតប្រាកដពីធម្មជាតិ»។ Cavallo និយាយក្នុងវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម twitter ផ្ទាល់របស់គេ។
 
វីដេអូដែលមានចំណងជើងថា Josh's Truth របស់ Cavallo មានអ្នកចុចមើលចំនួនជាង៧លានដង និងមានកីឡាករល្បីៗ រួមទាំងក្លិបាល់ទាត់ធំៗនៅអឺរ៉ុបខំមិនគាំទ្ររូបគេយ៉ាងច្រើន។
Gerard Pique, Raphaël Varane, Marcus Rashford, Gary Lineker, Robin van Persie,  Joey Barton និង Zlatan Ibrahimovic ជាដើម សុទ្ធតែបង្ហាញការសារទរជុំវិញការប្រកាសផ្លូវការរបស់ Cavallo ខណៈអ្នកខ្លះមិនពេញចិត្តនឹងអ្នកស្រឡាញភេទដូចគ្នាបែបនេះ។
  


ដោយឡែកក្លិប Sunderland, Athletic Bilbao, Liverpool, Chelsea, Juventus និងក្របខណ្ឌ Premier League ក៏បានសរសើរ និងគោរពពីភាពក្លាហានរបស់កីឡាករបាល់ទាត់វ័យក្មេងរូបនេះផងដែរ។
 
ការប្រកាសរបស់ Cavallo មានន័យថារូបគេបានក្លាយជាកីឡាករបាល់ទាត់បុរសស្រឡាញ់ភេទកម្រិតអាជីពតែម្នាក់គត់ដែលហ៊ានបើកចំហ៕
 
 
 

Tag:
 Josh Cavallo
  LGBT
© រក្សាសិទ្ធិដោយ thmeythmey.com