ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ពិសេសមែន! អង្ករសម្រូប ធ្វើឱ្យស្បែកស្អាតក្មេងជាងវ័យ បើយកមកប្រើបែបនេះ
30, Oct 2021 , 6:59 am        
រូបភាព
ទោះបីជាភាគច្រើននៃពួកយើងស្គាល់និងធ្លាប់ទទួលទានអង្ករសម្រូប ប៉ុន្តែប្រហែលជាមិនដឹងទេថាវាល្អអ្វីខ្លះចំពោះសម្រស់។ ថាតើត្រូវយកមកធ្វើបែបណាខ្លះទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើប្រាស់អង្ករសម្រូបដោះស្រាយបញ្ហាសម្រស់ ៖

 
១. ស្បែកភ្លឺរលោង
 
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាងសម្អាតអង្ករចំនួនកន្លះពែងជាមុនសិន បន្ទាប់មកគ្រាន់តែចាក់អង្ករក្នុងចាន់គោមស្អាតមួយនិងបន្ថែម ១ពែងចូល។ ត្រាំអង្ករសម្រាប់រយៈពេល ១៥នាទី រហូតដល់សារធាតុចិញ្ចឹមពីក្នុងអង្ករត្រូវបញ្ចេញទៅក្នុងទឹក។ ត្រងទឹកអង្ករទុក និងប្រើប្រាស់អង្ករសម្រាប់ចម្អិនទទួលទាន។ ចំពោះទឹកអង្ករអ្នកអាចប្រើប្រាស់ដុំសំឡីស្អាតមួយជ្រលក់ចូល និងលាបផ្ដិតៗសម្អាតលើស្បែកមុខ ព្រមទាំងក។ ម៉ាស្សាថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ រងចាំសម្រាប់រយៈពេល ១០នាទី រហូតដល់ស្ងួតទាំងស្រុងតែម្ដង។ លាងសម្អាតចេញជាមួយទឹកស្អាតធម្មតា។ អនុវត្តរាល់ថ្ងៃដើម្បីឱ្យស្បែកភ្លឺរលោងស្អាត។
 
២. ទប់ស្កាត់រោគសញ្ញានៃភាពចាស់មុនវ័យ
 
អង្ករសម្រូបមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលជួយជួសជុលស្បែកខូចឡើងវិញ ការពារស្បែកពីភាពជ្រីវជ្រួញ, យារធ្លាក់ និងស្នាមខ្សែ។ ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមអាចបង្កជាភាពស្ត្រេសដែលជាមូលហេតុចម្បងមួយនៃបញ្ហាស្ត្រេស។ ទោះជាយ៉ាងណាកាបូអ៊ីដ្រាតក្នុងអង្ករសម្រូបជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមទប់ស្កាត់រោគសញ្ញានៃភាពចាស់មុនវ័យ។ ក្រៅពីទទួលទាន អ្នកក៏អាចប្រើប្រាស់ទឹកអង្ករសម្រូបលាបផ្ទាល់លើស្បែកផងដែរ។
 
៣. រក្សាភាពយឺតនៃស្បែក
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនអង្ករសម្រូប ២ស្លាបព្រាបាយឱ្យម៉ដ្ឋជាមុនសិន បន្ទាប់មកសឹមលាយវាជាមួយយ៉ាអួរសុទ្ធ ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខដែលទើបនឹងលាងសម្អាតរួច។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតល្បាយម៉ាសចេញពីស្បែកមុខ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តសារឡើងវិញឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
 
៤. បំបាត់កន្ទួលក្រហមនិងការរលាកស្បែកដោយសារកម្ដៅថ្ងៃ
 
អង្ករសម្រូបមានផ្ទុកសារធាតុប្រឆាំងការរលាកខ្ពស់និងអាចផ្ដល់ភាពត្រជាក់ដល់ស្បែកល្អសម្រាប់ដោះស្រាយបញ្ហាឡើងរោលកន្ទួលក្រហមនិងការរលាកស្បែកដោយសារកម្ដៅថ្ងៃ។​ វាជួយពន្លឿនភាពជាសះស្បើយ និងការពារស្បែកពីការលេចឡើងនូវស្នាមសំលាកផ្សេងៗផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកអង្ករសម្រូបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ម្ដងក្នុងមួយថ្ងៃជាការស្រេច។ ទោះជាយ៉ាងណាអ្នកចាំបាច់ត្រូវលាងសម្អាតអង្ករសម្រូបឱ្យជ្រះភាពកខ្វក់ជាមុនសិន សឹមប្រើប្រាស់តាមក្រោយ។
 
៥. ជួយគ្រប់គ្រងទម្ងន់
 
អង្ករសម្រូបជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិសសៃ។ ហើយអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃជួយឱ្យឆាប់ឆ្អែតនិងមានអារម្មណ៍ឆ្អែតបានយូរ។ នេះជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានបាយអង្ករសម្រូបដើម្បីសម្រកទម្ងន់។
 
៦. ព្យាបាលមុន
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីស្អាតជ្រលក់ក្នុងទឹកអង្ករសម្រូប ២ស្លាបព្រាបាយ។ បន្ទាប់មកប្រើប្រាស់លាបផ្ទាល់លើស្បែកមុខ ក្រោយលាងសម្អាតរួច។ រងចាំរហូតដល់ស្ងួតសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អនុវត្តរូបមន្តនេះឡើងវិញរៀងរាល់ ៣ថ្ងៃម្ដង។ កុំភ្លេចលាងសម្អាតអង្ករឱ្យស្អាតជាមុនសិនផង។
 
៧. ព្យាបាលសក់ខូច
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនអង្ករសម្រូបពី ៣ ទៅ ៤ស្លាបព្រាយបាយឱ្យម៉ដ្ឋ បន្ទាប់មកសឹមបន្ថែមផ្នែកពណ៌សនៃស៊ុត ១គ្រាប់ចូល។ កូរឱ្យសព្វចូលគ្នា សឹមបន្ថែមទឹកធម្មតា ១ពែងចូល។ កូរវឹកឱ្យសព្វម្ដងទៀត សឹមលាបល្បាយលើសក់។ រងចាំសម្រាប់រយៈពេលប្រហែល ១០នាទី សឹមលាងសម្អាតចេញ។ រូបមន្តនេះជួយសម្អាតសក់ កម្ចាត់ភាពកខ្វក់ និងជាតិប្រេងដែលលើស។ អនុវត្តសារឡើងវិញម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។
 
៨. ព្យាបាលអង្គែ
 
បន្ទាប់ពីកក់សម្អាតសក់ជាមួយសាប៊ូរួច ចូរចាក់ទឹកអង្ករលើក្បាល ហើយធ្វើការម៉ាស្សាសក់ថ្នមៗ និងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសឹន សឹមលាងចេញជាមួយទឹកធម្មតាជាការស្រេច។ ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស និងប្រសើរ ចូរអនុវត្តឱ្យបានយ៉ាងហោចណាស់ ២ដង ក្នុងមួយសប្តាហ៍។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com