កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ទំនងជារកបានកូនភ្លោះលើកទី២ជាមួយមិត្តស្រី Rodriguez
29, Oct 2021 , 2:40 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមក្រុម Manchester United និងមិត្តស្រី Georgina Rodriguez បង្ហាញថាពួកគេកំពុងពពោះកូនភ្លោះជាថ្មីទៀតហើយ។ Eva និង Mateo វ័យ៤ឆ្នាំ ជាកូនភ្លោះដំបូងរបស់ Ronaldo។


គូស្នេហ៍មួយគូនេះបានបញ្ជាក់លើបណ្តាញសង្គម Instagram ថាពួកគេរីករាយដែលកំពុងមានកូនភ្លោះ។ «ចិត្តរបស់យើងពោរពេញដោយក្ដីស្រឡាញ់ ពួកយើងពិតជាចង់ឃើញពួកគេទាំងពីរណាស់»។
 
នាង Rodriguez បង្ហាញរូបភាពបញ្ជាក់ពីការធ្វើតេស្តអេកូ រួមជាមួយកូនស្រី Alana អាយុ៣ឆ្នាំជាមួយ Ronaldo ដែលជាឪពុករបស់ Cristiano Jnr អាយុ ១១ឆ្នាំ និងកូនភ្លោះ Eva និង Mateo អាយុ៤ឆ្នាំ។
 
បើសិនការពពោះរបស់ Rodriguez ពិតជាភ្លោះមែន មានន័យថា Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ នឹងទទួលបានកូនភ្លោះជាលើកទី២។ Eva និង Mateo ជាកូនភ្លោះរបស់ Ronaldo ដែលប្រើសេវ៉ាពពោះជំនួសកាលពី៥ឆ្នាំមុន។


 
ស្របពេលមានដំណឹងល្អនេះ Ronaldo វ័យ៣៦ឆ្នាំ ដែលស៊ុតបញ្ចូលទី៦គ្រាប់ក្នុងការបង្ហាញខ្លួនទាំង៩លើកចាប់តាំងពីចូលរួមជាមួយ Man Utd ជាថ្មី ក្រោយចាកចេញពី Juventus នៅមិនទាន់បញ្ចេញទម្រង់លេងលេចធ្លោនោះទេសម្រាប់បិសាចក្រហម។
 
Man Utd បានរងបរាជ័យយ៉ាងអាម៉ាស ក្រោមថ្វីជើង Liverpool ៥-០ ក្នុងក្របខណ្ឌ Premier League កាលពីសប្តាហ៍មុន។ ក្នុងចំណោម១០ប្រកួតនៅលីគកំពូលអង់គ្លេស ក្រុមលោក Ole Gunnar Solskjaer ដែលប្រឈមការបញ្ចប់តំណែងជាអ្នកចាត់ការចាញ់ដល់ទៅ៥ដង ឈ្នះ៣ និងស្មើ២ មាន១៤ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៧។
 
Man Utd នឹងត្រូវប៉ះ Tottenham Hotspur នៅចុងសប្តាហ៍នេះទៀត ខណៈលោក Solskjaer ត្រូវបានក្លិបផ្តល់ឱ្យ៣ប្រកួតទៀតដើម្បីស្តារមុខមាត់ឡើងវិញ៕
 

Tag:
 Cristiano Ronaldo
  Georgina Rodriguez
© រក្សាសិទ្ធិដោយ thmeythmey.com