កីឡាអន្តរជាតិ
អន្តរជាតិ
ការប្រជែងជើងឯក La Liga បើកទូលាយជាងមុន ក្រោយអវត្តមាន Messi និង Ronaldo
29, Oct 2021 , 5:29 pm        
រូបភាព
Barcelona និង Real Madrid បានគ្រប់គ្រងពានរង្វាន់ La Liga យូរមកហើយក្នុងចំនួន១៥លើក ចំណោម១៧រដូវកាលចុងក្រោយ។ ប៉ុន្តែពេលវេលាអាចនឹងផ្លាស់ប្តូរវិញ បន្ទាប់ពីយុគ្គសម័យដ៏ខ្លាំងក្លារបស់ Barca និង Real Madrid បានថយថយបន្តិចម្តងៗ ដ្បិតពួកគេបាត់តារាឆ្នើមរៀងៗខ្លួន។


ដោយសារវត្តមាន Lionel Messi និង Cristiano Ronaldo បានធ្វើឱ្យ Barcelona និង Real Madrid រីកមុខមាត់ខ្លាំងឡើងតាមរយៈការប្រជែងពានលីគកំពូលអេស្ប៉ាញ និង Champions League។ តែក្រោយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និងព័រទុយហ្កាល់ ចាកចេញពីអេស្ប៉ាញយុគសម័យរបស់ក្រុមយក្សទាំងពីរក៏ធ្លាក់ចុះតាមនោះដែរ។
នៅរដូវកាលមុនពានរង្វាន់ La Liga ត្រូវបាន Atletico Madrid បំបែកបានហើយ និងជាការគ្រងជើងឯកលើកទីពីរក្នុងរយៈពេល៨ឆ្នាំ។
 
នៅរដូវកាលថ្មី ២០២១-២២ នេះវិញ Real Sociedad ជា​ក្រុម​គួរកត់សម្គាល់បន្ទាប់ពីពួកគេធ្វើបានល្អហើយសព្វថ្ងៃកំពុងនាំមុខគេក្នុងតារាងលីគកំពូលអេស្ប៉ាញ។ Real Sociedad រកបាន២៤ពិន្ទុពីការប្រកួត១១លើក ​នាំ​មុខ Real Madrid, Sevilla និង Betis ដែលនៅតំបន់ Top 4 ចំនួន៣ពិន្ទុ។
 
មិនមែនតែ Real Sociedad ទេដែលកើនទម្រង់លេងល្អរដូវកាលនេះ Rayo Vallecano និង Osasuna ក៏មិនធម្មតាដែរ។ ក្រុមទាំងពីរដែលយកបានពិន្ទុពីក្រុមយក្ស Barca និង Real Madrid សប្តាហ៍មុន មានពិន្ទុស្មើជាមួយម្ចាស់ការពារជើងឯក Atletico Madrid ចំនួន១៩ពិន្ទុដូចគ្នា។
 
Rayo Vallecano បានយកឈ្នះ Barcelona ១-០ ដែលធ្វើឱ្យលោក Ronald Koeman ត្រូវបញ្ចប់តំណែងអ្នកចាត់ការក្រុមភ្លាមៗ។ ដោយឡែក Osasuna ស្មើជាមួយ Real Madrid ១-១។
ក្រុមរហស្សនាមអធិរាជស នៅមិនទាន់មានបញ្ហាខ្លាំង ដូចក្រុមរហ្សនាមអ្នកមានបុណ្យនោះទេនៅប៉ុន្មានរដូវកាលចុងក្រោយនេះ។ Barca ដែលកំពុងសម្លឹងមើលអ្នកចាត់ការថ្មី សព្វថ្ងៃរកបានតែ១៥ពិន្ទុប៉ុណ្ណោះ ពីការប្រកួត១០លើក ក្នុងនោះឈ្នះ៤ ចាញ់៣ និងស្មើ៣ ស្ថិតនៅលេខរៀងទី៩។
 
Barca ធ្លាក់ដុនដាបខ្លាំងចាប់តាំងពីតារាឆ្នើមរបស់ពួកគេ Messi ចាកចេញទៅចូលរួមជាមួយ PSG ដើមរដូវកាលនេះ។ សរុបមកវិញ អវត្តមានរបស់ Messi និង Ronaldo គឺត្រូវបានគេមើលឃើញថាបានកាត់បន្ថយភាពខ្លាំងរបស់ក្រុម Barca និង Real Madrid ពិតមែន ហើយការនេះនឹងធ្វើឱ្យក្រុមដ៏ទៃមានឱកាសប្រជែងពានលីគកំពូលអេស្ប៉ាញស្រួលជាងមុន។
ជើងឯក La Liga ១៧រដូវកាលចុងក្រោយ Barca ឈ្នះ១០ដង Real Madrid ៥ដង និង AT-Madrid ២ដង៕
 

Tag:
 La Liga
© រក្សាសិទ្ធិដោយ thmeythmey.com