ជាតិ
ការស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចបានជិត៨៤ភាគរយហើយ
30, Oct 2021 , 7:59 am        
រូបភាព
សៀមរាប៖ គិតត្រឹមថ្ងៃទី១៥ ខែតុលា គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបានប្រមាណជិត៨៤ភាគរយហើយ។ ក្រសួងថា ការស្ថាបនានេះគ្រោងនឹងបញ្ចប់ឱ្យទាន់ពេលវេលា គឺនៅចុងខែធ្នូ ឆ្នាំនេះ។ តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងកែលម្អ និងស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ប្រព្រឹត្តិទៅដោយរលូនតាមផែនការ ទោះមានការអាក់ខានតិចតួចដោយសារបញ្ហាជំងឺកូវីដ១៩ក្ដី។ តាមក្រសួង ត្រឹមពាក់កណ្ដាលខែ តុលា គម្រោងស្ថាបនានេះសម្រេចបាន ៨៣,៨៧ភាគរយ គឺលឿនជាងផែនការ ២ភាគរយ។

 
 
យ៉ាងណា ការស្ថាបនានេះ ត្រូវបានគេមើលឃើញថា ហាក់មានភាពយឺតយ៉ាវនៅខ្សែផ្លូវខ្លះ ដែលខ្លះទើបកាយដាក់ប្រព័ន្ធលូ ខ្លះទៀតមិនទាន់ត្រួសត្រាយគន្លងផ្លូវថ្មីផង ដូចជាខ្សែផ្លូវនៅផ្សារក្រោមជាដើម។ កន្លងមក អាជ្ញាធរខេត្ត បានទទួលស្គាល់ថា ខ្សែផ្លូវខ្លះមានការរំខានទាន់ទងនឹងផលប៉ះពាល់សំណង់របស់ប្រជាពលរដ្ឋ  កត្តាអាកាសធាតុ និងជំងឺកូវីដរាតត្បាតជាដើម។ល។ ដែលជាឱ្យការដ្ឋានខ្លះ ត្រូវផ្អាកការងារមួយរយៈ។
 
ផ្ទុយពីនេះ ក្រសួងសាធារណការ ដែលជាសមាជិកនៃគណៈកម្មាធិការអន្តរក្រសួងការស្ថាបនាផ្លូវ៣៨ខ្សែ នៅតែអះអាងថា គម្រោងស្ថាបនានេះ នឹងបញ្ចប់ទាំងស្រុងនៅចុងខែ ធ្នូ ឆ្នាំ២០២១នេះ ដោយបញ្ជាក់ការ ការងាររៀងយូរតែលើការរៀបចំគ្រឹះ និងប្រព័ន្ធលូប៉ុណ្ណោះ ចំពោះការចាក់កៅស៊ូ នឹងអនុវត្តន៍ក្នុងរយៈពេលដ៏ខ្លី។ 
 
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកនជញ្ជូន អមដំណើរដោយក្រុមការងារ និងអាជ្ញាធរខេត្ត បានចុះពិនិត្យវឌ្ឍនភាពការងារផ្លូវ នៅរសៀលថ្ងៃទី២៥ ខែ តុលា។ លោក ស៊ុន ចាន់ថុល បានចុះត្រួតពិនិត្យផ្លូវដែលបានចាក់កៅស៊ូរួច រួមមាន ម្ដុំផ្លូវហ្សាលដឺហ្គូល ផ្លូវ៣០ជាដើម។ នៅទីនោះ ក្រុមការងារសាងសង់ បានបង្ហាញពីឧបករណ៍តេស្តគុណភាពផ្លូវ និងមានការជជែកគ្នាជុំវិញលទ្ធផលដែលទទួលបាន។
 
គួររំលឹកថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប មានប្រវែងសរុប ១០៦,៤២៤គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៥០លានដុល្លារអាមេរិក។ ក្នុងចំណោមថវិកាទាំងនោះ ៩លានដុល្លារចំណាយលើការងារចាំបាច់ក្នុងការរៀបចំប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលស្ថិតនៅក្រៅកម្រោងផ្លូវ ៣៨ខ្សែ។ គម្រោងទាំងមូល ចំណាយពេលស្ថាបនា១៣ខែ ដែលចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មក៕
 
ការងារស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ថតនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។៖











Tag:
 លូវ៣៨ខ្សែ
© រក្សាសិទ្ធិដោយ thmeythmey.com