ជាតិ
ប្រតិបត្តិករទេសចរខ្លះ ​ស្ទាក់ស្ទើរបើកអាជីវកម្មឡើងវិញ ខណៈកម្ពុជាត្រៀមបើកទេសចរណ៍វិញ
31, Oct 2021 , 2:59 pm        
រូបភាព
ទេសចរក្នុងស្រុកដើរទស្សនាអង្គរវត្ត នៅចុងខែ តុលា ឆ្នាំ២០២១។
ទេសចរក្នុងស្រុកដើរទស្សនាអង្គរវត្ត នៅចុងខែ តុលា ឆ្នាំ២០២១។
សៀមរាប៖  ប្រតិបត្តិករទេសចរនៅកម្ពុជា ក៏ដូចជាខេត្តសៀមរាប បានបង្ហាញសេចក្ដីរីករាយឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសពីការបើកទេសចរណ៍ នៅខែវិច្ឆិកា ដោយចាប់ផ្តើមនៅខេត្តព្រះសីហនុ និងដើមឆ្នាំ២០២២ សម្រាប់ខេត្តសៀមរាប។ យ៉ាងណាក៏ដោយ អ្នករកស៊ីធំៗក្នុងវិស័យទេសចរណ៍ ហាក់នៅស្ទាក់ស្ទើរបើកអាជីវកម្មឡើងវិញ ដោយខ្លះបារម្ភថាការសាកល្បងបើកទេសចរណ៍ឡើងវិញនេះ នឹងធ្វើឱ្យពួកគេកាន់តែពិបាក។

 
ប្រធានក្រុមប្រតិបត្តិករទេសចរណ៍ ខេត្តសៀមរាប លោក កៅ ហ្វីលីព បានសាទរ និងត្រេកអរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីបើកទទួលទេសចរចាក់វ៉ាក់សាំងឡើងវិញ នៅចុងឆ្នាំនេះ។ លោក ហ្វីលីព រំពឹងថា ការបើកសាកល្បងនៅចុងខែ វិច្ឆិកា នាខេត្តព្រះសីហនុ នឹងទទួលបានផ្លែផ្កាល្អប្រសើរ ហើយទេសចរទាំងនោះ អាចបន្តដំណើរមកកម្សាន្តខេត្តសៀមរាបផង។ 
 
ទាក់ទងនឹងសណ្ឋាគារ និងភោជនីយដ្ឋានវិញ លោក ហ្វីលីព គ្រាន់តែប្រើពាក្យថា ម្ចាស់អាជីវកម្មនានាផ្តើមមើលតែប៉ុណ្ណោះ ដោយមិនបញ្ជាក់ថា អាជីវកម្មទាំងនោះ អាចនឹងបើកវិញព្រមគ្នាក្នុងកម្រិតណានោះទេ។ ម្ចាស់សណ្ឋាគារលំដាប់ផ្កាយក្នុងក្រុងសៀមរាបរូបនេះ ពន្យល់ថា៖« ​ចាំអ៊ុតខាងកំពង់សោម(ព្រះសីហនុ) ២ខែនេះសិន សង្ឃឹមថាស្ថានភាពនឹងល្អប្រសើរ នឹងស្វះស្វែងបើក (អាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន)ឡើងវិញ គ្រាន់តែបើកម្ដងនេះ មានការប្រុងប្រយ័ត្នខ្ពស់ ដោយសារយើង មិនទាន់អាចវិនិច្ឆ័យបានថា ភ្ញៀវអាចមកច្រើន តើបើកទៅអាចរួចខ្លួនអត់។ កន្លងមកយើងមិនមានប្រាក់ចំណេញដោយសារបិទ ជំពាក់ធនាគារ និង Supplier (អ្នកផ្គត់ផ្គង់) ច្រើន។ ការបើកលើកនេះ មានការប្រុងប្រយ័ត្នមែនទែន ថាតើអាចរួចខ្លួន ឬធ្វើឱ្យកាន់តែពិបាកទៅទៀត [...]»។
 
ម្ចាស់សណ្ឋាគារ ម៉េម័រ ផាឡេស រូបនេះអះអាងថា ម្ចាស់អាជីវកម្មខ្លះអស់ទុនរកស៊ី ដូច្នេះការចាប់ផ្តើមវិញភ្លាមៗ មានការលំបាកបន្ដិច តែបង្ខំឱ្យពួកគេគិតពិចារណា និងប្រុងប្រយ័ត្នខ្លាំង។ លោក ហ្វីលីព បន្តថា៖« បើកភ្លាមបើនៅភ្ញៀវអាចរួចខ្លួន បើមិន (គ្មានភ្ញៀវ) ខាតតែដឹងស្រាប់ហើយ ដូចយើងបើកអាជីវកម្មថ្មីចឹង មិនអាចទៅរួចទេ ខ្ញុំក៏គិតថាមិនអាចបើកទាំងអស់ដែរ ភ្ញៀវមិនអាចទប់បានទេ​»។
 
ដោយឡែក ប្រធានសមាគមសណ្ឋាគារកម្ពុជាប្រចាំខេត្តសៀមរាប លោក ពីយ៉ូត ដាវីដហ្សាយ៉ា វិញ យល់ឃើញថា ការប្រកាសបើកទេសចរ​វិញដើមឆ្នាំក្រោយ បង្កភាពងាយស្រួលដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ដើម្បីបានត្រៀមខ្លួន និងរៀបចំផែនការអាជីវកម្មវិញ។ លោក ដាវីដ បន្តថា ម្ចាស់អាជីវកម្មធំៗ នឹងចាប់ផ្តើមគិត ហើយប្រមូលបុគ្គលិករបស់ពួកគេឡើងវិញ​ដែរ។ 
 
ជាម្ចាស់អាជីវកម្មសណ្ឋាគារធំៗ ក្នុងក្រុងសៀមរាបមួយរូប លោក ដាវីដ ប្រាប់ដូច្នេះថា៖‍«ចំពោះអូតែល ក្នុងពីរឆ្នាំកន្លងមក ថ្នាក់ដឹកនាំបានគិតគូរច្រើនដែរ ពីទេសចរក្រោយកូវីដ ហើយនីតិវិធីធ្វើការ និងជំនាញបុគ្គលិក គឺបានគិតគូរមុនយូរណាស់មកហើយ មានពេលគិត។ អ៊ីចឹងគ្រាន់តែដល់ម៉ោងអនុវត្តន៍ហើយ»។
 
ទន្ទឹមនឹងការរង់ចាំទេសចរបរទេស លោក ដាវីដ ក៏មើលឃើញចលនាទេសចរក្នុងស្រុក បានចាប់ផ្តើមងើបឡើងវិញ គួរឱ្យអត់សម្គាល់​ដែរ។ លោក ដាវីដ បន្ថែម៖« សព្វថ្ងៃ ឃើញភ្ញៀវក្នុងស្រុកចាប់ផ្តើមមកលេងសៀមរាបច្រើន តាំងពីបញ្ចប់ការបិទខ្ទប់ក្រុង ភ្ញៀវក្នុងស្រុក បានផ្តល់ក្ដីសង្ឃឹម ដល់អ្នករកស៊ីក្នុងខេត្តសៀមរាប គាត់ជួយសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ឱ្យទប់ចំណាយគាត់រហូតដល់ឆ្នាំក្រោយ»។
 
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក ទៀ គីឡេង ក៏បង្ហាញអារម្មណ៍រីករាយ ចំពោះព័ត៌មាននៃការចាប់ផ្តើមបើកវិស័យទេសចរណ៍ឡើងវិញ នាពេលឆាប់ៗខាងមុខនេះដែរ។ ក្នុងនាមជាមគ្គុទ្ទេសក៍លោក គីឡេង មានប្រសាសន៍ថា ការបើកឡើងវិញនេះ នឹងធ្វើឱ្យវិស័យទេសចរណ៍​ ក៏ដូចជាជីវភាពរបស់មគ្គុទ្ទេសក៍ នឹងល្អប្រសើរវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ជិត២ឆ្នាំមកនេះ។ 
 
លោករៀបរាប់ទៀតថា៖« មគ្គុទ្ទេសក៍មួយចំនួនធំ បានចាក់វ៉ាក់សាំងរួចហើយ ដើម្បីចូលរួមទទួលភ្ញៀវ ដើម្បីការពារខ្លួនឯង និងការពារការឆ្លងជំងឺកូវីដ-១៩នេះ»។
 
ទាក់ទងនឹងការដាក់ឱ្យស្នើសុំវីសា តាមប្រព័ន្ធអេឡិចត្រូនិកវិញ លោក គីឡេង យល់ឃើញថា វាបានបង្កភាពងាយស្រួលដល់ទេសចរ និងជាមធ្យោបាយដ៏ល្អ ដែលកម្ពុជាបានដាក់ចេញនៅពេលនេះ​។ 
 
យ៉ាងណាក្ដី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា រូបនេះ នៅបារម្ភចំពោះការរៀបចំក្រុងសៀមរាប មិនទាន់បានរៀបរយ ដែលរាំងស្ទះ ឬប៉ះពាល់ដំណើរទេសចរ មកកាន់ក្រុងវប្បធម៌មួយនេះ។ លោក គីឡេង លើកឡើងថា៖«ទន្ទឹមនឹងនេះ សៀមរាបកំពុងស្ថាបនាផ្លូវ៣៨ខ្សែ ខ្ញុំយល់ថា អាជ្ញាធរគួរពន្លឿនបន្ដិច ដើម្បីត្រៀមទទួលទេសចរចុងឆ្នាំនេះ ដោយសារល្បឿនយឺតបន្ដិច មិនដឹងមូលហេតុអ្វី កន្លែងខ្លះកំពុងធ្វើ ខ្លះជិតរួចហើយ ព្រោះថាពេលភ្ញៀវមក គាត់នឹងសម្លឹងមើលក្រុងសៀមរាបយើង តែពេលយើងកំពុងធ្វើផ្លូវមិនទាន់រួច វាមិនល្អដែរ»។
 
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានប្រកាសបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតារាសាគរនៃខេត្តកោះកុង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ ក្រសួងទេសចរណ៍បញ្ជាក់ថា បន្ទាប់មកទៀតនឹងបន្តបើកនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ៕
 

Tag:
 ទេសចរណ៍សៀមរាប
  ប្រតិបត្តិករទេសចរ
  មគ្គុទ្ទេសក៍ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com