ជាតិ
ទោះមានបញ្ហាជំងឺកូវីដ-១៩ តែយុទ្ធនាការសម្អាតសំណល់ប្លាស្ទិកបឹងទន្លេសាបនៅតែសកម្ម
01, Nov 2021 , 7:59 am        
រូបភាព
ការសម្អាតសំណល់ប្លាស្ទិកក្នុងសហគមន៍មេជ្រៃ អំឡុងខែ វិច្ឆិកា ឆ្នាំ២០២០។
ការសម្អាតសំណល់ប្លាស្ទិកក្នុងសហគមន៍មេជ្រៃ អំឡុងខែ វិច្ឆិកា ឆ្នាំ២០២០។
សៀមរាប៖ ទោះមានការរំខានពីវិបត្តិជំងឺកូវីដ ជិត២ឆ្នាំមកហើយក្ដី តែយុទ្ធនាការបំផុសចលនាឱ្យមានការសម្អាតសំណល់ប្លាស្ទិក ក្នុងបឹងទន្លេសាប នៅតែសកម្ម។  អង្គការមូលនិធិទំពាំងស្នងឫស្សីបានប្រកាសពីការចាប់ផ្តើមអនុវត្តន៍ យុទ្ធនាការសម្អាតសំណល់ប្លាស្ទិកបឹងទន្លេសាបឆ្នាំ២០២១។ ឆ្នាំនេះ អង្គការមួយនេះ បានប្រកាសចាប់ដៃគូជាមួយសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA ក្នុងយុទ្ធនាការសម្អាតសំណល់ប្លាស្ទិកបឹងទន្លេសាបរដូវទឹកសម្រក ក្រោមប្រធានបទ « ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក»។

 
យុទ្ធនាការនេះ នឹងអនុវត្តន៍រយៈពេលពេញ២ខែ ដោយបំផុសចលនាបណ្ដាសហគមន៍រស់នៅជាប់បឹងទន្លេសាប ប្រមូលសំរាមប្លាស្ទិក និងញែក ទុកដាក់ឱ្យបានត្រឹមត្រូវ។ យុទ្ធនាការនេះ នឹងប្រកាសជាផ្លូវការ នៅសហគមន៍មេជ្រៃ ដែលស្ថិតនៅភូមិពាមតាអ៊ួ ឃុំកែវពណ៌ ស្រុកពួក។ យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី៣០ តុលា ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២១។
 
ប្រធានអង្គការមូលនិធិទំពាំងឫស្សី លោក ស៊ា សុផល បានឱ្យដឹងថា ដូចទៅឆ្នាំមុនៗដែរ យុទ្ធនាការខាងលើនេះ ធ្វើឡើងដើម្បីបន្តជំរុញ និងលើកទឹកចិត្ត ដល់ប្រជាសហគមន៍ឱ្យចូលរួមសម្អាតសំណល់ប្លាស្ទិកក្នុងបឹងទន្លេសាប វេចខ្ចប់ និងទុកដាក់ឱ្យបានត្រឹមត្រូវ​ ដ្បិតថាសំណល់ទាំងនោះកំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធជីវៈចម្រុះ។ បន្ថែមពីនេះ ខុសពីឆ្នាំមុនៗ យុទ្ធនាការនេះក៏នឹងបំផុសឱ្យសហគមន៍គិតគូរ រៀបចំសហគមន៍របស់ខ្លួន ដើម្បីត្រៀមខ្លួន ក្លាយជាសហគមន៍ទេសចរណ៍មួយនាពេលអនាគត ខណៈដែលរាជរដ្ឋាភិបាល ប្រកាសបើកទទួលទេសចរណ៍ឡើងវិញ នាពេលឆាប់ៗខាងមុខនេះ។
 
លោកបន្តថា៖ «គម្រោងយើងផ្តោតលើការលើកកម្ពស់សហគមន៍ យើងវិវត្តន៍ពីយុទ្ធនាការប្រមូលប្លាស្ទិក រហូតទុកដាក់ប្លាស្ទិកដូរយកអង្ករ ដែលយើងបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល អំឡុងពេលកូវីដ-១៩ ហើយការចាប់ដៃគូជាមួយ CATA នេះ ព្រោះគាត់ជាវិស័យឯកជនផ្នែកទេសចរណ៍ គាត់នឹងជំរុញលើកទឹកចិត្ត និងជួយរៀបចំសហគមន៍ដើម្បីទទួលទេសចរ ទាំងការស្នាក់នៅ អាហារ និងសេវាកម្មផ្សេងៗ ដល់ពេលសហគមន៍យល់ថា បរិស្ថានស្អាតជាឆ្នាំងបាយគាត់ បរិស្ថានស្អាតទាក់ទាញភ្ញៀវ នោះគាត់នឹងចូលរួមការងារបរិស្ថានដោយខ្លួនឯង»។


ជម្រុកប្លាស្ទិកនៅសហគមន៍មេជ្រៃ ឃុំកែវពណ៌ ស្រុកពួក។
 
បន្ថែមពីនេះ លោក​ ស៊ា សុផល បញ្ជាក់ថា អង្គការរបស់លោក គ្រោងសហការជាមួយសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា រៀបចំទេសចរណ៍សហគមន៍មេជ្រៃ ដោយសាកល្បងរៀបចំប្រមាណ១០គ្រួសារ និងស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ផងដែរ។ លោក សុផល មានសុទិដ្ឋិនិយមថា ការចាប់ផ្តើមតាមរយៈការរៀបចំទស្សនកិច្ចសិក្សាភ្ញៀវ ពីភ្នំពេញមុននេះ នឹងជួយពង្រឹងសមត្ថភាពផ្នែកទេសចរណ៍ ដល់សហគមន៍ ក្នុងការត្រៀមខ្លួនទទួលទេសចរណ៍ កម្រិតអន្ដរជាតិ ខណៈកម្ពុជាត្រៀមបើកវិស័យទេសចរណ៍ឡើងវិញនៅដើមឆ្នាំក្រោយ។
 
សូមរំលឹកថា យុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបរដូវទឹកដំឡើង និងទឹកសម្រក ចាប់ផ្តើមតាំងពីឆ្នាំ២០១៨មក ដោយចលនាមហាជន តាមរយៈសហគមន៍ជុំវិញបឹងទន្លេសាប រួមមានសហគមន៍ឃុំកំពង់ឃ្លាំង កំពង់ភ្លុក ចុងឃ្នៀស មេជ្រៃ និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប។ យុទ្ធនាការនេះ បំផុសសហគមន៍ឱ្យយល់ពីផលប៉ះពាល់នៃសំរាមប្លាស្ទិក ការទុកដាក់ បែងចែក ឱ្យបានត្រឹមត្រូវ ហើយឈានដល់បង្កើតជាជង្រុកប្លាស្ទិកជាផ្លូវការ នៅសហគមន៍មេជ្រៃ នៅថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ ដោយមានការគាំទ្រពីក្រសួងបរិស្ថាន។ គម្រោងជង្រុកប្លាស្ទិកដូរយកអង្ករនេះដែរ ក៏ទទួលបានការគាំទ្រ ពីគណៈកម្មាធិការវាយតម្លៃទីក្រុងស្អាតផងដែរ ដែលយល់ថា គម្រោងនេះកំពុងចូលរួមជំរុញភាពស្អាត និងបៃតង នៅតាមតំបន់បឹងទន្លេសាប និងតំបន់ដទៃទៀត ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរ៕
 

Tag:
 ប្លាស្ទិក
  បឹងទន្លេសាប
  សហគមន៍ពាមតាអ៊ួ
© រក្សាសិទ្ធិដោយ thmeythmey.com