COVID-19
ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន៖ បើឱ្យសិស្សបាក់ឌុបជាប់ដោយស្វ័យប្រវត្តិ ប្រៀបដូចធ្វើផ្ទះបាក់សសរ
01, Nov 2021 , 2:00 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល មិនអនុញ្ញាតឱ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាប់ដោយស្វ័យប្រវត្តិឡើយ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើក្រុមកុមារអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកចាក់វ៉ាក់សាំងលើកុមារអាយុ ៥ឆ្នាំ នៅថ្ងៃទី០១ ខែវិច្ឆិកា។



«បើគិតពីឡើងថ្នាក់ហើយអត់ចេះអី តើយើងឡើងទៅធ្វើអី? អ៊ីចឹងគឺអត់(ឱ្យជាប់ដោយស្វ័យប្រវត្តិ)ទេ សុំឱ្យ(ក្រសួងអប់រំ)រៀបចំការប្រឡង»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានពន្យល់ថា មូលហេតុដែលសម្ដេច អនុញ្ញាតឱ្យសិស្សប្រឡងឆ្នាំ២០២០ ជាប់ស្វ័យប្រវត្តិ ហើយគ្មាននិទ្ទេសនោះ ដោយសារតែពួកគេ បានរៀនសូត្រច្រើន មុនពេលស្ថានភាពកូវីដ-១៩ វាយលុកខ្លាំង ដែលនាំឱ្យពិបាកក្នុងការរៀបចំការប្រឡង។
 
ប្រមុខរដ្ឋាភិបាល បានបន្ថែមថា ៖ «ឥឡូវ(សិស្សបាក់ឌុប ឆ្នាំ២០២១នេះ) សុំអារឿង(ជាប់ស្វ័យប្រវត្តិ)ហ្នឹង ដោយសារខ្លួនបានរៀនតិចតួច តែវាត្រូវតែប្រឡង។ បើខ្លួនមិនចេះ ត្រូវប្រឹងរៀនឱ្យចេះ ដើម្បីត្រៀមខ្លួនទៅប្រឡង ហើយបើប្រឡងមិនជាប់ឆ្នាំហ្នឹងទេ ឆ្នាំក្រោយត្រូវរៀន ហើយប្រឡងទៀតទៅ»។ 
 

សម្រាប់នាយករដ្ឋមន្រ្តី ការអនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្តិញឹកញាប់ពេកនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំ។ «ឥឡូវឧទាហរណ៍ឱ្យជាប់ ហើយទៅប្រឡងចូលមហាវិទ្យាល័យយ៉ាងម៉េច? បើមុខវិជ្ជាថ្នាក់ទី១២ ដែលជាថ្នាក់ចុងក្រោយ ខ្លួនឯងអត់ចេះផង ហើយទៅប្រឡងចូលមហាវិទ្យាល័យយ៉ាងម៉េច? វាមិនដាច់ជន្ទុល អាហ្នឹង ដូចជាធ្វើផ្ទះបាក់សសរផ្ទះ»។ នេះជាការលើកឡើងរបស់សម្ដេច ដែលប្រាប់យុវជនបន្ថែមថា បើរៀនមិនចេះហើយ ដើម្បីតែបានសញ្ញាបត្រនោះ ក៏មិនអាចយកធ្វើអ្វីបានដែរ។
 
សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម នៅតាមសាលារដ្ឋ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ក្រសួងអប់រំ បានប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ទៅគ្រឹះស្ថានមធ្យមសិក្សានីមួយៗ ឱ្យរៀបចំការប្រឡង។ ចំណែកមន្ទីរអប់រំ មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំ នៅការិយាល័យជំនាញ ត្រួតពិនិត្យតាមមណ្ឌលប្រឡងដែរ បើសិនក្នុងករណីចាំបាច់។ ចំពោះលទ្ធផលប្រឡងវិញ នឹងប្រកាស នាថ្ងៃទី២២ ខែវិច្ឆិកា ។ 
 
សម្រាប់សិស្សសញ្ញាបត្រមធ្យមសិក្សាទុតិយសភូមិ ឬបាក់ឌុប នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រធានមន្ទីរអប់រំ ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុប ជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យនិងសម្រេច។ នេះបើតាមក្រសួងអប់រំ។ 
 
ជាមួយគ្នានេះក្រសួងអប់រំ ក៏អនុញ្ញាតឱ្យសាលាឯកជនរៀបចំការប្រឡងឌីប្លូម និងបាក់ឌុប នៅតាមសាលារៀងៗខ្លួន។ សិស្សតាមសាលាឯកជននេះ បានប្រឡងជាបន្តបន្ទាប់ហើយ កាលពីថ្ងៃទី១១  និងថ្ងៃ២៥ តុលាកន្លងមក។ លទ្ធផលប្រឡងរបស់សិស្សតាមសាលាឯកជននេះ នឹងប្រកាសនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១៕
 

Tag:
 COVID-19
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com