កីឡាអន្តរជាតិ
អន្តរជាតិ
Aguero ត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ក្រោយមានបញ្ហាបេះដូង អំឡុងពេលប្រកួតទល់ Alves
01, Nov 2021 , 6:29 pm        
រូបភាព
រូបភាព៖skysports
រូបភាព៖skysports
ខ្សែប្រយុទ្ធ Sergio Aguero របស់ក្លិបអ្នកមានបុណ្យ Barcelona កំពុងស្ថិតក្រោមការតាមដានយ៉ាងហ្មត់ចត់របស់ក្រុមគ្រូពេទ្យប្រចាំក្លិប បន្ទាប់ពីរូបគេមានបញ្ហាបេះដូង អំឡុងពេលប្រកួតទល់ក្លិប Alves នាកីឡដ្ឋាន Camp Nou នារាត្រីថ្ងៃទី៣១ ខែតុលា។



Aguero ត្រូវបានប្តូរចេញភ្លាមៗនៅក្នុងវគ្គទី១ នាទីទី៣៧ ក្រោយរូបគេបានលោតប្រជែងយកបាល់លើអាកាសទល់ជាមួយខ្សែការពាររបស់ក្រុម Alves គឺកីឡាករ Victor Laguardia រួចមក រូបគេក៏បានបង្ហាញអាការៈថបដង្ហើម។ ក្រោយមកក្លិបអ្នកមានបុណ្យក៏សម្រេចប្តូររូបគេចេញតែម្តង ហើយត្រូវបានក្រុមការងារប្រចាំក្លិបបញ្ជូនរូបគេទៅមន្ទីពេទ្យភ្លាមៗ។ Aguero ទទួលបានការជូនពរជាច្រើន ពីសំណាក់គ្រូបង្វឹក និងអតីតក្លិបចាស់របស់ខ្លួន Manchester City ផងដែរ។
 
បន្ទាប់ពី Aguero បានទៅកាន់មន្ទីពេទ្យ គ្រូបង្វឹក លោក Sergio Barjuan បាននិយាយក្រោយចប់ការប្រកួតថា« Aguero បានប្រាប់ខ្ញុំថារូបគេមានអារម្មណ៍វិលមុខពេលកំពុងប្រកួត ហើយក្រោយមកនៅពេលមានបញ្ហាពួកយើងក៏សម្រេចបញ្ជូនគេទៅកាន់មន្ទីពេទ្យភ្លាមតែម្តង។ មកដល់ពេលនេះខ្ញុំមិនអាចនិយាយអ្វីលើសពីនេះបានទៀតឡើយ»។
 
ក្នុងរដូវកាលថ្មីនេះ កីឡាករវ័យ ៣៣ឆ្នាំរូបនេះ ទើបតែបង្ហាញខ្លួនឲ្យក្លិបអ្នកមានបុណ្យ ត្រឹមតែ ៥លើកប៉ុណ្ណោះ ដោយរកបាន១គ្រាប់ទល់ក្លិប Real Madrid។ ចំណែកការប្រកួតនារាត្រីថ្ងៃទី ៣១ ខែតុលា គឺជាប្រកួតដំបូង ដែលរូបគេលេងជម្រើស ១១នាក់ ។

Tag:
 Sergio Aguero
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com