កីឡាអន្តរជាតិ
អន្តរជាតិ
Conte ស្ថិតក្នុងបេក្ខភាពអ្នកចាត់ការ៥រូប ដែល Spurs អាចយកទៅជំនួសលោក Santo
02, Nov 2021 , 9:40 am        
រូបភាព
ក្លិប Tottenham Hotspur បានបញ្ចប់តំណែងលោក Nuno Espirito Santo ជាអ្នកចាត់ការទូទៅភ្លាមៗក្រោយចាញ់ Manchester United ៣-០ និងដឹកនាំក្រុមមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយ។ មិនបង្អង់យូរ ក្លិបមាន់ខ្នាយមាសបានសម្លឹងឃើញបេក្ខភាពគ្រូចំនួន៥រូបដើម្បីទៅកាន់កៅអីដែលទំនេរនេះ។



ប្រធានក្លិប Spurs លោក Daniel Levy និងនាយកគ្រប់គ្រងលោក Fabio Paratici បានសម្រេចចិត្តរួមគ្នាដើម្បីបញ្ចប់លោក Santo ពីតំណែងនៅថ្ងៃទី១ ខែវិច្ឆិកា ក្រោយអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ដឹកនាំបានតែ៤ខែប៉ុណ្ណោះ។
 
ក្រោមការដឹកនាំរបស់អ្នកចាត់ការព័រទុយហ្កាល់ Spurs ធ្វើមិនបានល្អទេទាំងក្នុងលីគ និង UEFA Conference League។ ១០ប្រកួតនៅ Premier League ក្រុមរហស្សនាមមាន់ខ្នាយមាសឈ្នះ៥ និងចាញ់៥លើក មាន១៥ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៩។ នៅក្របខណ្ឌទី៣អឺរ៉ុប Spurs ស្ថិតនៅលេខ៣ ក្នុងពូល G ក្រោយការប្រកួត៣លើកឈ្នះ១ ចាញ់១ និងស្មើ១ ប្រឈមមិនបានឆ្លងទៅវគ្គបន្ត។
 
បើតាមការចុះផ្សាយរបស់កាសែត BBC ក្រោយបញ្ចប់តំណែងលោក Santo ភ្លាម Spurs បានដាក់គោលដៅលើសមាសភាពអ្នកចាត់ការ៥រូបដើម្បីចរចាយកមួយរូបទៅដឹកនាំក្រុម។ អ្នកចាត់ការទាំង៥រូបរួមមានលោក Antonio Conte, អតីតគ្រូចាស់លោក Mauricio Pochettino សព្វថ្ងៃជាអ្នកចាត់ការ PSG, គ្រូ Ajax លោក Erik ten Hag, លោក Paulo Fonseca អតីតគ្រូ Shakhtar Donetsk និងលោក Graham Potter អ្នកចាត់ការក្រុម Brighton។
 
យ៉ាងណាក៏ដោយ ក្នុងចំណោមបេក្ខភាពទាំង៥ លោក Conte អតីតអ្នកចាត់ការ Chelsea, Juventus និង Inter Milan ដែលសព្វថ្ងៃនៅទំនេរពីការងារស្រាប់ មានភាគរយច្រើនជាងគេដែល Spurs យកទៅជំនួសតំណែងលោក Santo។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ ក៏មានទំនាក់ទំនងទៅនឹងការផ្លាស់ទៅ Man Utd ដែរក្រោយលោកលោក Ole Gunnar Solskjær ដឹកនាំចាញ់ Liverpool ៥-០។ ប៉ុន្តែក្រោយបិសាចក្រហមផ្តល់ឱកាសជាថ្មីដល់លោក Solskjær ទំនាក់ទំនងជាមួយលោក Conte ក៏ស្ងាត់ទៅវិញ។
 
ដើមឡើយលោក Conte ក៏ត្រូវបានគេជឿជាក់ថា នឹងត្រូវជំនួសតំណែងលោក Jose Mourinho នៅ Spurs នេះម្តងដែរ មុនពេលលោក Levy ជ្រើសយកលោក Santo អតីតគ្រូ Wolves ទៅដឹកនាំ៕

Tag:
 Tottenham Hotspur
  Nuno Espirito Santo
  Antonio Conte
© រក្សាសិទ្ធិដោយ thmeythmey.com