ជាតិ
ផ្លូវល្បឿនលឿន៖ NGO ថា អាជ្ញាធរផ្ដល់សំណងយឺតយ៉ាវ ហើយប្រើវិធានការបង្ខំពលរដ្ឋ ដែលមិនព្រមយកសំណង
02, Nov 2021 , 7:59 pm        
រូបភាព
អាជ្ញាធរចុះអនុវត្តវិធាការរដ្ឋបាលវាយកម្ទេចផ្ទះពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្ងៃទី២៧តុលា ២០២១។ (រូបពី ទំព័រហ្វេសប៊ុករបស់ Somoeun Ey)
អាជ្ញាធរចុះអនុវត្តវិធាការរដ្ឋបាលវាយកម្ទេចផ្ទះពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្ងៃទី២៧តុលា ២០២១។ (រូបពី ទំព័រហ្វេសប៊ុករបស់ Somoeun Ey)
ភ្នំពេញ៖ពលរដ្ឋ១៥គ្រួសារ មិនទាន់យល់ព្រមទទួលសំណងនោះទេ ក្រោយអាជ្ញាធរចុះអនុវត្តវិធានការវាយកម្ទេចផ្ទះ។ ពលរដ្ឋអះអាងថា អាជ្ញាធរបានជួបពិភាក្សាជាមួយពួកគេ តែពីរលើកប៉ុណ្ណោះ ហើយពេលវាយកម្ទេចផ្ទះ មិនបានជូនដំណឹងឡើយ។ តែរដ្ឋាភិបាល បកស្រាយថា មន្ត្រីជំនាញបានចុះដោះស្រាយជាមួយពលរដ្ឋជិត១០ដងហើយ មុនចេញវិធានការនេះ។

 
អ្នកស្រី អ៊ី សុខនៅ ដែលជាពលរដ្ឋរងគ្រោះពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរមិនអាចជូនដំណឹងឡើយ នៅពេលចុះវាយកម្ទេចផ្ទះរបស់អ្នក​ស្រី។ ជាមួយគ្នាដែរ អ្នកស្រីអះអាងថា បានជួបពិភាក្សាជាមួយអាជ្ញាធរត្រឹមតែ២ដងប៉ុណ្ណោះ ជុំវិញបញ្ហាសំណងផ្ដល់ឲ្យប្រជាពលរដ្ឋ។ 
 
«ដីនិងផ្ទះមួយល្វែងខ្ញុំ ត្រូវបានអាជ្ញាធរឲ្យសំណងប្រមាណ៣ម៉ឺនដុល្លារ មិនអាចយកសំណងនេះ ទៅទិញផ្ទះនៅកន្លែងថ្មីនៅបានឡើយ។ ដូច្នេះ បានសុំអាជ្ញាធរបន្ថែម»។ នេះបើតាមអ្នកស្រី សុខនៅ ដែលជាម្ចាស់ផ្ទះលើទំហំដី៦០ម៉ែត្រការ៉េ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី១ វិច្ឆិកា ថា អ្នកស្រីពិបាកទទួលយកសំណងនេះណាស់ ខណៈផ្ទះខ្លួន ត្រូវបានអាជ្ញាធរវាយកម្ទេចបាត់ទៅហើយ។ 
 

លោក គីម សុភៈ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(រូបខាងស្ដាំ)។ រូបពី ក្រសួងសេដ្ឋកិច្ច

ចំណែក លោក ចែ ស៊ាម ដែលជាពលរដ្ឋរងគ្រោះម្នាក់ទៀត សុំមិនបកស្រាយច្រើនឡើយ ព្រោះផ្ទះត្រូវបានកម្ទេចរួចទៅហើយ។ ដោយសារតែផ្ទះត្រូវបានវាយកម្ទេចហើយនោះ លោក ស៊ាម ក៏ព្រមទទួលយកសំណងទាំងបង្ខំចិត្ត ។  «ខ្ញុំមិនចង់និយាយច្រើនទេ នាំតែមានបញ្ហាបន្តទៀត ព្រោះផ្ទះគេវាយកម្ទេចហើយ ឲ្យដោះស្រាយយ៉ាងណាទៀត! បានអីមកវិញ! មានតែយកតាមអ្វីដែលគេផ្ដល់ឲ្យ»។ នេះជាការលើកឡើងរបស់លោក ចែ ស៊ាម។
 
ជុំវិញការវាយកម្ទេចផ្ទះពលរដ្ឋនេះ​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អះអាងប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរជាង២០០នាក់ និងគ្រឿងចក្រ ចុះទៅរុះរើផ្ទះពលរដ្ឋ កាលពីថ្ងៃទី២៧តុលានោះ គឺអនុវត្តតាមនីតិវិធីច្បាប់។ អ្វីផ្សេងទៀត លោក រុញឲ្យសួរខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រធាននៃគណៈកម្មការដោះស្រាយផលប៉ះពាល់ នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ 
 
ពាក់ព័ន្ធរឿងរ៉ាវនេះ លោក គីម សុភៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឆ្លើយតបថា ក្រុមការងារអន្តរក្រសួងបានផ្សព្វផ្សាយនិងណែនាំពលរដ្ឋជិត១០ដងហើយ ជុំវិញនីតិវិធីច្បាប់ មុននឹងឈានដល់ការអនុវត្តវិធានការរដ្ឋបាលវាយកម្ទេច។ លោកបញ្ជាក់ថា គម្រោងផ្លូវនេះ ដោះស្រាយផលប៉ះពាល់បាន៩៩.៩០ភាគរយហើយ គឺស្មើនឹង៥,៦០៦គ្រួសារ ចូលរួមសាទរនិងសហការដោះស្រាយជាមួយអាជ្ញាធរ។
 
កន្លងមកមានពលរដ្ឋ ២១គ្រួសារ ដែលព្យាយាមទាមទារសំណងខ្ពស់។ ប៉ុន្តែ ក្រោយអាជ្ញាធរចុះវាយកម្ទេចផ្ទះនោះ ក៏មានពលរដ្ឋ៦គ្រួសារ បានយល់ព្រមចុះកិច្ចសន្យាទទួលសំណង។ បើតាមលោក គីម សុភៈ ក្រុមការងារគណៈកម្មការអន្តរក្រសួង នឹងដោះស្រាយបញ្ហាសំណងជាមួយពលរដ្ឋ ១៥គ្រួសារទៀត ដែលបន្តការតវ៉ានេះ។ 
 
អ្នកនាំពាក្យរូបបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា៖ «ប្រាក់សំណងលើដីដែលត្រូវធ្វើលទ្ធកម្ម ត្រូវគិតតាមអត្រាតម្លៃនៅត្រឹមថ្ងៃប្រកាសគម្រោង ដោយមិនទទួលឥទ្ធិពលពីគម្រោងនេះ…អត្រាសំណងត្រូវបានសិក្សាដោយភ្នាក់ងារពីខាងក្រៅដែលមានជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ច្បាស់លាស់»។ 
 

លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ។ 

យ៉ាងណាក៏ដោយ លោក អំ សំអាត ​នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ ​យល់ថា ការចុះវាយកម្ទេចផ្ទះពលរដ្ឋបែបនេះ គឺមិនគួរកើតមានឡើយ។ អាជ្ញាធរគួរដោះស្រាយដោយសន្តិវិធី ពិសេសដោះស្រាយបញ្ហានានាឲ្យបានឆាប់រហ័ស។ ត្រង់ចំណុចនេះ លោក សំអាត បានពន្យល់ថា បើគិតសំណង់ផ្អែកតាមតម្លៃទីផ្សារ នៅត្រឹមថ្ងៃប្រកាសគម្រោងនោះ គឺអាជ្ញាធរត្រូវទូទាត់ឲ្យពលរដ្ឋ នាអំឡុងពេលនោះដែរ ដោយមិនត្រូវអូសបន្លាយពេលផ្ដល់សំណងឡើយ។ បើតាមលោក សំអាត ការធ្វើបែបនេះ ទើបពលរដ្ឋអាចទទួលបានសំណងភ្លាមៗ ផ្អែកតាមតម្លៃទីផ្សារ ហើយក៏អាចយកថវិកានោះ ទិញទីតាំងស្នាក់នៅថ្មីស្របតាមពេលវេលាផងដែរ។ 
 
សម្រាប់លោក អំ សំអាត អាជ្ញាធរដោះស្រាយបញ្ហាទូទាត់ប្រាក់សំណងមានភាពយឺតយ៉ាវនេះហើយ ទើបបញ្ហាដីធ្លីកើតឡើងដដែលៗ មិនចេះចប់។ «បើគិតតម្លៃសំណងតាំងពីថ្ងៃប្រកាសគម្រោងនោះ គឺប្រមាណ៤ឆ្នាំហើយ មកដល់ឥឡូវទើបផ្ដល់សំណងឲ្យ។ អ៊ីចឹង គឺការអូសបន្លាយពេល មានន័យថាយកសំណងកាលពីប៉ុន្មានឆ្នាំមុន មកឲ្យពលរដ្ឋនៅឆ្នាំ២០២១។ យើងឃើញហើយតម្លៃគ្រប់យ៉ាងគឺប្រែប្រួល ទើបមានការតវ៉ានិងបញ្ហាជាហូរហែ»។ នេះបើតាមមន្ត្រីជាន់ខ្ពស់លីកាដូ ដោយបានបន្ថែមថា ការវាយកម្ទេចផ្ទះពលរដ្ឋនេះ ប្រៀបដូចជាបង្ខំនិងធ្វើឲ្យពលរដ្ឋគ្មានជម្រើស ហើយត្រូវតែទទួលអ្វី ដែលអាជ្ញាធរបានដាក់កំហិត។ 
 
 
តែយ៉ាងណាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក គីម សុភៈ បានអំពាវនាវឱ្យពលរដ្ឋ ដែលនៅសល់១៥គ្រួសារចុងក្រោយនេះ យោគយល់ ខណៈក្រុមការងារនឹងដោះស្រាយដោយតម្លាភាព ដើម្បីអនុវត្តគម្រោងតាមផែនការ។ ជាពិសេសផលប្រយោជន៍ក្នុងការអភិវឌ្ឍ និងជំរុញល្បឿនសេដ្ឋកិច្ចជាតិ។ 
 
កន្លងមកប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន តាមរយៈសន្ទរកថា ក្នុងពិធីសម្ពោធការដ្ឋានសាងសង់កាលពីឆ្នាំ២០១៩នោះ ក៏បានលើកយកវិធានការ​ច្បាប់​អស្សាមិករណ៍មកបកស្រាយ ដើម្បីពន្យល់ពីការអនុវត្តយន្តការដោះស្រាយផលប៉ះពាល់នានា ជាមួយប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ដែរ។
 
ច្បាប់អស្សាមិករណ៍ គឺមានចែងអំពីយន្តការរបស់អាជ្ញាធរ ក្នុងការដោះស្រាយ និងសម្រួលសម្រួលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃការអភិវឌ្ឍ តាមរយៈការផ្ដល់សំណងនានា។ ប៉ុន្តែបើពលរដ្ឋណា ឬតិចតួច ក្នុងចំណោមពលរដ្ឋសរុប ​ដែល​រឹងទទឹង​មិន​ព្រម​ទទួល​យក​សំណង ​ពី​គម្រោង​អភិវឌ្ឍ​ន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ ដែល​បម្រើ​ប្រយោជន៍​​សាធារណៈនិង​ប្រទេស​ជាតិទេនោះ រដ្ឋ ក៏ដូចជាអាជ្ញាធរអាចមានសិទ្ធិ​ដក​ហូត​កម្មសិទិ្ធ​លើ​អចលន​ទ្រព្យនោះ តាមរូបភាពនានា។
 
សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង១៨៧គីឡូម៉ែត្រ។ គម្រោងនេះ ត្រូវបានចុះហត្ថលេខា និងប្រកាសជាសាធារណៈតាមបណ្ដាញសារព័ត៌មាន នៅថ្ងៃទី១១ មករា ឆ្នាំ២០១៨។ គម្រោងនេះ ត្រូវបានចាប់ផ្ដើមដំណើការសាងសង់ កាលពីខែមីនា ឆ្នាំ២០១៩ ក្នុងកម្ចីថវិកាពីចិន ប្រមាណ២ពាន់លានដុល្លារ។ គម្រោងសាងសង់នេះ មានរយៈពេល៤ឆ្នាំ៕

Tag:
 ដីធ្លី
  ផ្លូវល្បឿនលឿន
© រក្សាសិទ្ធិដោយ thmeythmey.com