កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Ronaldo ស៊ុត២គ្រាប់សង្គ្រោះ Man Utd ដើម្បីតាមស្មើ Atalanta ២-២
03, Nov 2021 , 9:27 am        
រូបភាព
Cristiano Ronaldo នៅតែជាវីរបុរសក្នុងការសង្គ្រោះក្រុម Manchester United តាមរយៈការស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង ដើម្បីតាមស្មើក្រុម Atalanta ក្នុងការប្រកួត Champions League។ Bayern Munich ជាក្រុមដំបូងគេបានកៅអីទៅវគ្គខ្វែងក្រោយឈ្នះ Benfica ៥-២។



នាជំនួបពូល F នៅរាត្រីថ្ងៃទី២ ខែវិច្ឆិកា Josip Ilicic បានរកគ្រាប់នាំមុនឱ្យក្រុមម្ចាស់ផ្ទះ Atalanta នៅនាទី១២ មុនពេល Ronaldo ស៊ុតតាមស្មើឱ្យ Man Utd វិញនៅនាទី៤៥។
ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន១១នាទី ខ្សែប្រយុទ្ធ Duvan Zapata ជាអ្នកជួយក្រុមអ៊ីតាលីនាំមុខ ២-១ ជាថ្មី។ នៅនាទី៩០+១ទៅហើយ ខ្សែប្រយុទ្ធឆ្នើម​វ័យ៣៦ឆ្នាំ បន្ថែមគ្រាប់ទី២របស់ខ្លួន ដើម្បីជួយក្រុមបិសាចក្រហមតាមស្មើ Atalanta ២-២។ 
 
២គ្រាប់របស់ Ronaldo ក្នុងជំនួបនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ក្រុមលោក Ole Gunnar Solskjaer ដើម្បីធានាកៅអីបន្តទៅវគ្គខ្វែង។ Man Utd រកបាន៧ពិន្ទុពីការប្រកួត៤លើក ឈរកំពូលតារាងពូល F ស្មើក្រុមលេខ២ Villarreal ដែលឈ្នះ Young Boys ២-០។ Atalanta នៅលេខ៣មាន៥ពិន្ទុ ឯ Young Boys នៅតារាងមាន៣ពិន្ទុ។ ក្រុមទាំង៤នៅមានឱកាសប្រជែងកៅអីទៅវគ្គបន្ត ដ្បិតនៅសល់២ប្រកួតរៀងខ្លួន។
  


​ក្នុងការប្រកួតវគ្គសន្សំពិន្ទុតាមពូល៤ប្រកួត Ronaldo រកបាន៥គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៤ប្រកួត។ ក្នុងចំណោម៥គ្រាប់ មាន៣គ្រាប់ជាគ្រាប់បាល់សង្គ្រោះសម្រាប់ក្រុម Man Utd។
ដោយឡែក Bayern Munich ដែលស្ថិតក្នុងពូល E បានក្លាយជាក្រុមដំបូងគេបានកៅអីស្វ័យប្រវត្តិទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ Benfica ៥-២។ ក្រុមអាល្លឺម៉ង់ឈ្នះទាំង៤ប្រកួតមាន១២ពិន្ទុ នាំមុខក្រុមលេខ២​ Barcelona ៦ពិន្ទុ និងក្រុមលេខ៣ Benfica ៨ពិន្ទុដាច់ ខណៈការប្រកួតនៅសល់២លើក។
 
Barcelona ដែលទើបបញ្ចប់តំណែងគ្រូលោក Ronal Koeman បានយកឈ្នះ Dynamo Kyiv ១-០ មានឱកាសប្រជែងកៅអីទៅវគ្គខ្វែងឡើងវិញ។ ពីរប្រកួតចុងក្រោយក្រុមយក្សអេស្ប៉ាញ ត្រូវប៉ះ Benfica និង Bayern Munich៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com