ជាតិ
ជាក្មេងកំព្រា និងធ្លាប់ទៅធ្វើការនៅកូរ៉េ បច្ចុប្បន្ន លោក សុកគា ក្លាយជាអ្នកជំនាញអចលនទ្រព្យ​
07, Nov 2021 , 7:59 am        
រូបភាព
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ វិស័យអចលនទ្រព្យ បានចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិកម្ពុជា ឱ្យមានភាពល្អប្រ​សើរ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ នៅ​កម្ពុជា អ្នក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ភាគច្រើន ជា​អ្នកមាន​ទ្រព្យ​សម្បត្តិច្រើន ផ្ទុយទៅវិញលោក ស៊ឺន សុកគា ជា​ក្មេង​កំព្រា និងជា​អតីតពលករកូរ៉េ ក៏​មាន​ឱកាស​​ក្លាយជា​ម្ចាស់បុរី​មួយរូប​ផងដែរ​។ ម្ចាស់​បុរី​វ័យ៣០ឆ្នាំ​រូបនេះ បាន​ប្រឹងប្រែង តស៊ូ មិន​ចុះចាញ់ ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងចង់ជួយអ្នកជុំវិញខ្លួន តាមរយៈការធ្វើអាជីវកម្មបច្ចុប្បន្ន។ ក្នុង​បទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃ​សារព័ត៌មាន​ថ្មីៗ លោក ស៊ឺន សុកគា លើក​ឡើងថា៖ «ការអភិវឌ្ឍផ្នត់គំនិត គឺជាដាវអាជ្ញាសឹក រីឯហិរញ្ញវត្ថុគ្រាន់តែជាស្ពានចម្លង​សម្រាប់ម្ចាស់អាជីវកម្ម»។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ និងលោក ស៊ឺន សុកគា ដូចតទៅ៖
 

ជាក្មេងកំព្រា និង​ជា​អតីត​ពលករពី​ប្រទេស​កូរ៉េ លោក ស៊ឺន សុកគា បាន​ក្លាយជា​ម្ចាស់បុរី អេស អេ លែន តាមរយៈការ​​ប្រឹង​ប្រែង និង​តស៊ូ។ ទម្រាំមកដល់ចំណុចនេះ លោក បានហ្វឹកហាត់សមត្ថភាពជាច្រើនដូចជា ទម្លាប់​អានសៀវភៅដែលបណ្តុះស្មារតីសហគ្រិន សេពគប់បុគ្គលមានគុណភាព និងរៀនសូត្រពីរៀមច្បង។ ជាមួយគ្នានេះ អតីតពលកររូបនេះ តែងស្រាវជ្រាវនូវចំណេះដឹងថ្មីៗ ដកយកបទពិសោធន៍ ចេះប្រើប្រាស់ហិរញ្ញវត្ថុ និងពង្រឹងអាជីវម្មក្នុងដៃឱ្យបានល្អក្នុងនាមជាអ្នកដឹកនាំមួយរូប។
 
​លោក សុកគា បញ្ជាក់ថា៖ «ឧបសគ្គតូចធំដែលចូលមកក្នុងជីវិតយើង វាគឺជាកែវវាស់ស្តង់នូវសមត្ថភាពយើងនោះឯង។ ការណ៍ដែលអាចជម្នះបានបញ្ហាកាន់តែធំ កាន់តែខ្លឹម នោះយើងនឹងខ្លាំងជាងបញ្ហាដូចគ្នាដែរ ហើយត្រូវធ្វើខ្លួនធំ ជាងបញ្ហាជានិច្ច»។
  

លោក ស៊ឺន សុកគា អគ្គនាយកក្រុមហ៊ុនបុរី អេស ខេ លែន..

សហគ្រិនរូបនេះ តែងតែយកការមើលងាយពីមនុស្សមួយចំនួន ចំពោះអតីតកាលរបស់លោក មក​ជំរុញ​ការងារនាពេល​បច្ចុប្បន្ន​។ ទន្ទឹមនេះ ដើម្បីក្លាយជាម្ចាស់អាជីវកម្មអចលនទ្រព្យ ដូចសព្វថ្ងៃ លោក សុកគា តែយកចិត្តទុកដាក់លើការរៀនសូត្រក្រៅសាលា រៀនពីបទពិសោធន៍ជីវិត ចំណេះជំនាញជាច្រើនដែលទាក់ទងនឹងវិស័យនេះ។ ម្ចាស់បុរីវ័យ៣០ឆ្នាំរូបនេះ រៀបរាប់​យ៉ាងដូច្នេះ៖ «ម្ចាស់អាជីវកម្មគឺជាតួឯក នៅក្នុងសាច់រឿង ដែលដើរតួនាទីយ៉ាងសំខាន់ ដើម្បីធានាឱ្យបាននូវដំណើរការរបស់ក្រុមហ៊ុន និងមានទិន្នន័យគ្រប់ផ្នែក នៅក្នុងដៃជានិច្ច។ ត្រូវរៀនពីរបៀបធ្វើទីផ្សារបែបថ្មី ដើម្បីជំរុញការលក់ឱ្យមានប្រសិទ្ធភាព ហើយការដឹកនាំ តែងតែមានត្រជាក់ មានក្តៅ ជៀសមិនរួចឡើយ»៕

Tag:
 ស៊ឺន សុកគា
  អចលនទ្រព្យ
© រក្សាសិទ្ធិដោយ thmeythmey.com