ជាតិ
ជំនួយ USAID របស់អាម៉េរិក ជួយកសិករខ្មែរជាង២៣ម៉ឺននាក់ឲ្យចេញផុតពីភាពអត់ឃ្លាន
06, Nov 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល៦០ឆ្នាំ ទីភ្នាក់ងារជំនួយអាម៉េរិក USAID បានជួយស្ដារជីវភាពកសិករខ្មែរជាង២៣ម៉ឺននាក់ តាមសហគមន៍ជនបទទូទាំងប្រទេស តាមរយៈគម្រោងកសិកម្ម និងបរិស្ថាន។ កន្លងមកនេះ គម្រោងកសិកម្ម បានផ្ដល់ចំណូលបន្ថែមចំនួន៩០លានដុល្លារ ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា។ នេះបើតាមទីភ្នាក់ងារជំនួយអាមេរិក USAID។



នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ទីភ្នាក់ងារជំនួយអាម៉េរិក USAID បានប្រារព្ធខួបលើកទី៦០ នៃភាពជាដៃគូជាមួយកម្ពុជា ក្នុងការអនុវត្តគម្រោង និងការផ្ដល់ជំនួយនានា។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារជំនួយអាម៉េរិក USAID កសិករខ្មែរជាង២៣ម៉ឺននាក់ ដែលរស់នៅតាមសហគមន៍ជនបទ ទូទាំងប្រទេសកម្ពុជា បានស្ដារជីវភាពរបស់ពួកគេ ឱ្យផុតពីភាពក្រីក្រ ដោយប្រកបការងារកសិកម្ម តាមរយៈគម្រោងកសិកម្មរបស់ USAID។ លើសពីការស្ដារជីវភាពពលរដ្ឋ គម្រោងកសិកម្មនេះ ក៏បានផ្ដល់ចំណូលបន្ថែមដល់សេដ្ឋកម្ពុជាចំនួន៩០លានដុល្លារផងដែរ។ 
 
ក្រៅពីវិស័យកសិកម្ម ទីភ្នាក់ងារជំនួយអាម៉េរិក USAID ក៏បន្តជួយដល់កម្ពុជាលើវិស័យសុខាភិបាល ដោយសម្រេចគោលដៅលុបបំបាត់ជំងឺអេដស៍ និងជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល ដោយបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧មក គ្មានពលរដ្ឋកម្ពុជាណាម្នាក់បានស្លាប់ដោយសារជំងឺគ្រុនចាញ់ឡើយ ហើយអត្រាភាពក្រិនរបស់កុមារ អាយយក្រោម៥ឆ្នាំ ក៏បានធ្លាក់ចុះមកត្រឹម២៧ភាគប៉ុណ្ណោះ បើគិតត្រឹមឆ្នាំ២០១៨។ 
អំឡុងពេលនៃវិបត្តិកូវីដ-១៩ រដ្ឋាភិបាលអាមេរិក តាមរយៈទីភ្នាក់ងារ USAID បានផ្ដល់ជំនួយថវិកាជាង១៥លានដុល្លារ និងវ៉ាក់សាំង Johnson&Johnson ជាង១លានដូស ដល់កម្ពុជា តាមរយៈយន្តការ COVAX ផងដែរ។ 
  


លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកឡើងថា៖«ទីភ្នាក់ងារ USAID ជាទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិឈានមុខគេ និងជាតួអង្គជំរុញដល់លទ្ធផលនៃការអភិវឌ្ឍ។ ការងាររបស់ទីភ្នាក់ងារ USAID បង្ហាញឱ្យឃើញនូវភាពសប្បុរសរបស់ប្រជាជនអាមេរិក ជំរុញទៅរកការទទួលបាននូវភាពម្ចាស់ការលើខ្លួនឯង និងភាពធន់។ កម្មវិធីរបស់ ទីភ្នាក់ងារអាមេរិក USAID នៅកម្ពុជា តំណាងឱ្យការបេ្ដជ្ញាចិត្តយូរអង្វែងរបស់យើង ចំពោះប្រជាជនកម្ពុជា ភាពស៊ីជម្រៅ និងទំហំនៃភាពជាដៃគូរវាងកម្ពុជា និងអាមេរិក»៕

Tag:
 USAID
© រក្សាសិទ្ធិដោយ thmeythmey.com