ជាតិ
និស្សិតខ្មែរច្នៃ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង និងខ្ទឹមស ទៅជាផលិតផលកំប៉ុង
07, Nov 2021 , 8:59 am        
រូបភាព
និសិ្សតខ្មែរ៦នាក់ មកពីសាលាចំនួនបួន រួមគ្នាផលិតគ្រឿងបុកខ្មែរ ជាផលិតផលកំប៉ុង ដើម្បីផ្តល់ភាពងាយស្រួលដល់ស្រ្តី/បុរសមេផ្ទះ ​ឬចុងភៅ និងប្រជាជនខ្មែររស់នៅក្រៅប្រទេស។ «គ្រឿង» ជាឈ្មោះផ្លូវការ ដែលក្រុមនិស្សិតដាក់​​ក្នុងបំណងរក្សាឈ្មោះដើម។ ធាតុផ្សំនៃគ្រឿង មិនខុសពីធាតុផ្សំដែលស្រ្តីមេផ្ទះប្រើជាប្រចាំ ដើម្បីដាក់ក្នុងម្ហូបឡើយ។ យ៉ាងណាមិញ គ្រឿងមកនេះ មិនទាន់ក្លាយជាផលិតសម្រេចឡើយ ដោយកំពុងសិក្សាបន្ថែម ដើម្បីធានានូវគ្រឿងបុកកំប៉ុងមានគុណភាពខ្ពស់ និងទុកបានយូរ។ កាលពីថ្មីៗនេះ គ្រឿងបុករបស់​យុវជនខាង​លើ បានទទួលមេដាយមាសក្នុងកម្មវិធី«អាជីវកម្មខ្ញុំ» របស់ក្រសួងអប់រំផងដែរ។



គ្រឿងបុក ជាការផ្សំឡើងនៃធាតុជាច្រើនមុខដើម្បីប្រើក្នុងម្ហូបឲ្យកាន់តែមានរសជាតិឆ្ងាញ់។ តាំងពីបុរាណមក គ្រឿងបុកត្រូវបានប្រើក្នុងម្ហូបខ្មែរជាច្រើនមុខ ដោយផ្សំឡើយពីមើមរុក្ខជាតិ និងស្លឹករុក្ខជាតិ ៥ ទៅ៦មុខ ដែលអាចរកបាននៅក្បែរផ្ទះ។ ជាទូទៅ គេដាក់ធាតុទាំងអស់ចូលគ្នា រួចបុកឲ្យម៉ត់ ដោយប្រើ អង្រែ និងត្បាល់។ ប្រជាជនខ្មែរភាគច្រើន និយមប្រើគ្រឿងបុកបង់ក្នុងសម្ល ឆា និងការីជាដើម។
  

គ្រឿង ក្រោយកែច្នៃជាគ្រឿងបុកស្រាប់សម្រាបដាក់ក្នុងសម្ល។ រូបភាពពីកញ្ញា ហ៊ុង សាន់សុជាតា

ក្រោយសង្កេតឃើញពីភាពសំខាន់នៃគ្រឿងបុក ដែលចុងភៅមិនអាចខ្វះបាន ដើម្បីដាក់ក្នុងម្ហូបឲ្យកាន់តែមានរសជាតិ កញ្ញា ហ៊ុង សាន់សុជាតា និស្សិតឆ្នាំទី៤នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង​និស្សិត៥រូបទៀត​ បានសម្រេចចិត្តផលិតគ្រឿងបុកជាផលិតផលស្រាប់នេះឡើង។ កញ្ញា សាន់សុជាតា ចង់ផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា ដល់ស្រ្តីមេផ្ទះ និងចុងភៅទាំងអស់ ដែលចូលចិត្តធ្វើម្ហូបមានគ្រឿងបុកចាំបាច់។
  

និស្សិត និងលោកគ្រូ ពេលទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីអាជីវកម្មខ្ញុំ របស់ក្រសួងអប់រំ។ រូបភាពពីកញ្ញា ហ៊ុង សាន់សុជាតា 

និស្សិតវ័យ២១ឆ្នាំរូបនេះ បានប្រាប់ ThmeyThmey25 ដូច្នេះថា៖« គ្រឿងបុកនេះ នឹងជួយឱ្យអ្នកធ្វើម្ហូបដែលទាក់ទងជាមួយគ្រឿងពេលណាក៏បាន ជាពិសេសក្នុងករណីថា ឥឡូវហ្នឹងយើងម្នាក់ៗសុទ្ធតែមានការងារធ្វើ រវល់រាងខ្លួន អ៊ីចឹងទោះគាត់ចេញពីធ្វើការយប់ ក៏អាចធ្វើម្ហូបហូបបាន។ គាត់មិនខាតពេលទៅផ្សារទិញគ្រឿងឡើយ»។
ម្យ៉ាង កញ្ញា សាន់សុជាតា មើលឃើញពីសកម្មភាពជាក់ស្តែងប្រចាំថ្ងៃរបស់អ្នកផ្ទះ ដែលចំណាយពេលយូរដើម្បីបុកគ្រឿង ទម្រាំបានធ្វើម្ហូប។ ​« មើលតាមជីវភាពប្រចាំថ្ងៃ យើងឃើញថាវាពិបាក ពេលដែលអ្នកផ្ទះគាត់ធ្វើម្ហូបមានគ្រឿងបុកម្តងៗ ព្រោះគាត់ត្រូវទៅផ្សារដើម្បីទិញគ្រឿងយកមកបុក»។ នេះជាការលើកឡើងរបស់និស្សិតផ្នែកគីមីចំណីអាហារ ដោយបានបន្ថែមថា ដ្បិតក្នុងផ្សារមានគ្រឿងបុកស្រាប់ តែមិនដឹងថាគ្រឿងនោះផ្សំពីអ្វីខ្លះ ហើយធ្វើតាំងពីពេលណា ជាពិសេសគឺមិនទុកចិត្តរឿងអនាម័យ។ គ្រឿងបុកដែលក្រុមនិស្សិតទាំង៦នាក់ ផលិតផ្សំឡើងតាមរូបមន្តដែលប្រជាជនខ្មែរ ធ្វើប្រចាំថ្ងៃ មាន​ដូចជា គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង និងខ្ទឹមស។
  

មេដាយមាស និងប័ណ្ណសសើរ ដែលក្រុមនិស្សិតទទួលបាន។  រូបភាពពីកញ្ញា ហ៊ុង សាន់សុជាតា

ស្ថិតក្នុងដំណាក់កាល ដែលត្រូវសិក្សាបន្ថែម គ្រឿងបុក ត្រូវបានផលិតដោយប្រើមាស៊ីនក្រឡុក និងស្របតាមរូបមន្តនៃផ្នែកគីមីចំណីអាហារ ដែលអាចរក្សាទុកបានរយៈពេល១ឆ្នាំ។ ការណ៍នេះ នឹងជួយឱ្យប្រជាជនខ្មែររស់នៅក្រៅប្រទេសកាន់តែមានភាពងាយស្រួលក្នុងការទទួលគ្រឿងបុកស្រាប់ មិនពិបាករកទិញគ្រឿងផ្សំតម្លៃថ្លៃ។ កញ្ញា​ សាន់សុជាតា និងសមាជិក៥រូបទៀត កំពុងស្វែងរកអ្នកវិនិយោគ ខណៈបច្ចុប្បន្នពួក​គេជានិស្សិតនៅឡើយ និង​បានត្រឹមស្រាវជ្រាវប៉ុណ្ណោះ។ កញ្ញា សាន់សុជាតា សង្ឃឹមថា គ្រឿង នឹងអាចសាយភាយដល់ទីផ្សារក្រៅស្រុក ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋខ្មែរនៅប្រទេស។
 
យ៉ាងណាមិញ គ្រឿងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ ដោយនិស្សិតទាំង៦នាក់ កំពុងសិក្សាបន្ថែមលើគុណភាព រសជាតិ និងដំណើរការទីផ្សារ។ ដ្បិតក្នុងដំណាក់កាលសាកល្បង តែគ្រឿងបានទទួលមេដាយមាស លើជ័យលាភីលេខ១ ក្នុងកម្មវិធី«អាជីវកម្មខ្ញុំ» របស់ក្រសួងអប់រំ យុវជន និង​កីឡា​។


រូបភាពនិស្សិត ជាមេដាយមាស។  រូបភាពពីកញ្ញា ហ៊ុង សាន់សុជាតា

មុនទទួលភាពជោគជ័យនេះ គ្រឿង ត្រូវបានដាក់ប្រកួតក្នុងកម្មវិធី Tech Innovation ផងដែរ ប៉ុន្តែមិនបានទទួលជ័យលាភីឡើយ។ ការបរាជ័យនេះ ក្លាយជាមេរៀនល្អមួយសម្រាប់និស្សិតទាំង៦រូប សិក្សា និងកែតម្រូវពីកំហុសឆ្គង។
 
កញ្ញា ហ៊ុង សាន់សុជាតា លើកទឹកចិត្តដល់អ្នកដែលកំពុងជួបបញ្ហា កុំបាក់ទឹកចិត្ត និងកុំបោះបង់ខ្លួងឯង ទោះធ្លាក់យ៉ាងណា ក៏គង់មានថ្ងៃជោគជ័យ។ ទន្ទឹមនឹងនេះ មិនត្រូវបោះចោលក្តីស្រមៃ ព្រោះតម្លៃរបស់យើងមាននៅកន្លែងផ្សេងគ្នា៕

Tag:
 គ្រឿងបុក
  និស្សិត
  គីមីចំណីអាហារ
  អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com