ជាតិ
ពលរដ្ឋខ្មែរអាចបន្ត​បោះបង់​ការធ្វើស្រែចម្ការ ដោយសារ​ជី និង​ថ្នាំឡើងថ្លៃ តែកសិផល​ចុះថោក
06, Nov 2021 , 4:59 pm        
រូបភាព
ជី និងថ្នាំកសិកម្ម បន្តឡើងថ្លៃជាបន្តបន្ទាប់ ដែលបានធ្វើឲ្យកសិករមួយចំនួនរងការខាតបង់ប្រាក់ចំណូលកាន់តែខ្លាំង ខណៈកសិផល គ្មានឈ្មួញទិញ និងលក់បានតម្លៃថោក។ កសិករខ្លះ ចង់បោះបង់មុខរបរធ្វើស្រែចម្ការ ដោយងាកទៅធ្វើការងាររោងចក្រវិញ ប្រសិនបើរដ្ឋមិនជួយដោះស្រាយ។ ជាដំណោះស្រាយ អ្នកជំនាញ ឱ្យរដ្ឋគួរតែជួយជំរុញឲ្យតម្លៃលក់ចេញថ្លៃជាង តម្លៃដើមផលិត។

 
លោកស្រី ម៉ុក ដានីត កសិករធ្វើស្រែជាង៦ហិកតានៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានប្រាប់សារព័ត៌មានថ្មីៗ២៥ កាលពីថ្ងៃទី៣ខែវិច្ឆិកាថា ឆ្នាំនេះ លោកស្រីខាតបង់ប្រាក់ចំណូលប្រមាណ១ពាន់ដុល្លារ ដោយសារស្រូវលក់បានតម្លៃថោក។ រីឯ ជី ថ្នាំ និងសាំង បន្តឡើងថ្លៃឥតឈប់។ លោកស្រី ដានីត លើកឡើងថា  ក្នុងរដូវធ្វើស្រែម្ដងៗ អ្នកស្រីចំណាយលុយទិញជី ឈ្នួលភ្ជួរ និងច្រូតស្រូវអស់ប្រមាណ១០លានរៀល ខណៈតម្លៃស្រូវបានធ្លាក់ចុះយ៉ាងគំហុកមកត្រឹម៦០០ ឬ៧០០រៀលប៉ុណ្ណោះក្នុងមួយគីឡូ។ តម្លៃបន្តធ្លាក់រហូតនេះ បន្ទាប់ពីឈ្មួញវៀតណាមផ្អាកទិញស្រូវ និងបិទច្រកព្រំដែនជាច្រើនលើក។ 
 
លោកស្រី ដានីត រៀបរាប់ដូច្នេះ៖«ស្រូវលក់បានថោក្នុងតម្លៃ ១គីឡូ ៧០០រៀល និងគ្មានឈ្មួញមកទិញផង។ ជី និងប្រេង ឡើងថ្លៃ ធ្វើឲ្យខ្ញុំចំណាយច្រើនជាងមុន ព្រោះស្រូវដែលធ្វើបាន លក់ទៅថោកពេក។ ខ្ញុំខាតរហូតហ្នឹង។ កាលអត់ទាន់កូវីដ ខ្ញុំលក់ទៅវៀតណាមបានច្រើន។ ដល់ពេលកូវីដអ៊ីចឹង ស្រូវថោកៗ មិនដឹងយកទៅលក់នៅឯណាទេ?»។ 
 
កសិកររូបនេះ ស្នើឲ្យក្រសួងកសិកម្ម ជួយបន្ធូរបន្ថយតម្លៃជី និងថ្នាំកសិកម្ម​។ ប្រសិនបើ ជី ថ្នាំកសិកម្ម នៅបន្តឡើងថ្លៃទៀត ពួកគាត់អាចនឹងឈប់ធ្វើស្រែទៅរកការងាររោងចក្រវិញ។ 
 
លោកស្រី ត្អូញត្អែរដូច្នេះថា៖«ពិបាកណាស់ អ្នកស្រែឥឡូវ! ជី ក៏ថ្លៃ សាំងក៏ថ្លៃ ស្អីៗថ្លៃទាំងអស់ ហើយស្រូវថោក។ អ៊ីចឹង! ខ្ញុំលក់មិនរួចថ្លៃជី និងថ្នាំផងហ្នឹង។​ ខ្ញុំសូមឲ្យរដ្ឋជួយកាត់បន្ថយតម្លៃជី ថ្នាំ និងប្រេងចុះថោកទៅ ហើយសូមឲ្យឈ្មួយជួយមកទិញស្រូវខ្មែរយើងផង កុំចាំតែជនជាតិគេមកទិញ»។​​
 
មិនមែនតែកសិករ ដាំដុះស្រូវនោះទេ ដែលកំពុងបានខាតថវិកា  ដោយសារជីកសិកម្មឡើងថ្លៃ និងគ្មានទីផ្សារលក់កសិផលរបស់ខ្លួន ប៉ុន្តែកសិករ ដាំដុះដំណាំផ្សេងៗទៀត ក៏ខាតបង់ថវិកាដូចគ្នាអំឡុងពេលកូវីដ-១៩ ជិត២ឆ្នាំនេះ។ ស្វាយ ចន្ទី និងបន្លែ របស់កសិករនៅតាមបណ្ដាខេត្ត សុទ្ធតែមិនមានទីផ្សារទូលំទូលាយដូចមុនកូវីដ-១៩។ 
 
កសិករដាំម្ទេសដៃនាងនៅស្រុកស្អាង ខេត្តកណ្ដាល លោកស្រី ខឹម សុខឃឿន បានប្រាប់សារព័ត៌មានថ្មីៗ២៥ ថា បច្ចុប្បន្នជីកសិកម្ម បានឡើងថ្លៃចន្លោះ១២ម៉ឺនរៀលទៅ១៤ម៉ឺនរៀលក្នុងប៉ាវ។ ប៉ុន្តែ ម្ទេសមានតម្លៃចន្លោះពី១ពាន់ ចុះរហូតដល់៣រយរៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ លោកស្រី សុខ ឃឿន លើកឡើងថា សព្វថ្ងៃកសិករដាំម្ទេសដៃនាង មិនសូវចំណេញប៉ុន្មានទេ ដោយសារប្រភេទម្ទេសទាំងនេះ ត្រូវការជី និងបាញ់ថ្នាំជាប្រចាំ ដើម្បីសម្លាប់សត្វល្អិត។ 
 
លោកស្រី ឃឿន អះអាងដូច្នេះ៖ «វាពិបាកត្រង់ថា ជី និងសាំង ឡើងថ្លៃគ្រប់សព្វ។ ដល់ពេល ខ្ញុំលក់ម្ទេសចេញទៅវាថោក។ អ៊ីចឹង! បើយកមកគិតគូរជាមួយថ្លៃជី​ ថ្នាំ សាំង វាមិនសូវចំណេញ ហើយជួនកាលក៏ខាតដែរ»។ លោកស្រីធ្លាប់បោះបង់មុខរបរដាំម្ទេសដៃនាងនេះម្ដងកាលពីឆ្នាំមុន ខណៈលោកស្រី អាចនឹងបោះបង់ការដាំម្ដងទៀតនៅឆ្នាំនេះ ប្រសិនបើ ប្រេងសាំង និងជីកសិកម្ម ឡើងថ្លៃ ហើយម្ទេសចុះថោក។
 
 
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី១៨ខែតុលា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានប្រាប់ពីមូលហេតុ ដែលធ្វើឲ្យជី និងថ្នាំកសិកម្ម នៅកម្ពុជាបន្តឡើងថ្លៃ គឺដោយសារនៅបណ្តាប្រទេសផលិត ថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មានបញ្ហារអាក់រអួលផ្នែកផលិតកម្ម។ វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ មានដូចជា ចិន ម៉ាឡេស៊ី និងអារ៉ាប់។ 
 
រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ បន្ថែមថា ផលិតកម្មជីកសិកម្ម ត្រូវបានកាត់បន្ថយ ដោយសារកម្លាំងពលកម្មថយចុះ ខណៈការដឹកជញ្ជូនប្រើពេលវេលាយូរ និងមានតម្លៃខ្ពស់ ដែលបណ្ដាលមកបញ្ហាកូវីដ-១៩។ មិនតែប៉ុណ្ណោះ ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញ ក៏ជាបន្ទុកមួយទៀត ដែលត្រូវការសំបកវេចខ្ចប់បោះពុម្ពជាភាសាខ្មែរ។ ក្រុមហ៊ុនផ្គត់ផ្គង់ជី ថ្នាំកសិកម្មមួយចំនួនធំ មិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្តាល ដែលជាហេតុធ្វើឱ្យជី និងថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត។ 
 
ដោយឡែក អ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា វិស័យកសិកម្មនៅកម្ពុជា កំពុងធ្លាក់ចូលក្នុងស្ថានភាពដ៏អាក្រក់​ ដោយសារ ជី ថ្នាំកសិកម្ម និងសាំងឡើងថ្លៃ ខណៈកសិករប្រឈមគ្មានទីផ្សារ និងលក់បានតម្លៃថោក។ ជាក់ស្ដែង ដូចជាស្រូវជាដើម ដែលមានតម្លៃត្រឹម៦០០ ឬ៧០០រៀល។ លោក លើកឡើងថា រដ្ឋគួរតែជួយជំរុញឲ្យតម្លៃលក់ចេញថ្លៃជាង តម្លៃដើមផលិត ដើម្បីកុំឲ្យកសិកររងខាតបង់បន្តទៀត។ 
 
លោកបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ដូច្នេះ៖«ការឡើងថ្លៃនេះ ប៉ះពាល់ធ្ងន់ធ្ងរណាស់ ជាពិសេសអ្នកធ្វើស្រែប្រាំង ដោយសារ​គាត់(កសិករ)​ត្រូវប្រើប្រាស់ជី និងប្រេងបូមទឹកច្រើន។ អ៊ីចឹង! នៅរដូវប្រាំងខាងមុខនេះ បើតម្លៃស្រូវនៅតែ ៦០០ ឬ៧០០រៀលទេ នោះកសិករច្បាស់ជាខាតបង់។ អ៊ីចឹង! ស្ថានភាពនេះ វាអាក្រក់មែនទេ ត្រង់ជីក៏ថ្លៃ ប្រេងក៏ថ្លៃ ហើយស្រូវថោក»៕  

Tag:
 ស្រូវ
 ជី
  ថ្នាំ
  កសិកម្ម
  ប្រេងសាំង
© រក្សាសិទ្ធិដោយ thmeythmey.com