អន្តរជាតិ
រដ្ឋមន្រ្តីវៀតណាមម្នាក់ រងការរិះគន់ក្រោយបរិភោគស្តេកសាច់គោស្រោបមាសថ្លៃលើសប្រាក់ខែ
06, Nov 2021 , 9:29 pm        
រូបភាព
រដ្ឋមន្ត្រីសន្តិសុខវៀតណាម To Lam រងការរិះគន់ជាបន្តបន្ទាប់ ក្រោយការចែកចាយវីដេអូដែលបង្ហាញសកម្មភាពរបស់លោកបរិភោគស្ដេកសាច់គោស្រោបមាសក្នុងភោជនីយដ្ឋានរបស់ចុងភៅ Salt Bae ដែលមានតម្លៃលើសប្រាក់ខែរបស់លោកទៅទៀត។ រឿងរ៉ាវនេះ កើតឡើងពេលលោក Lam ធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេស។

 
ក្នុងវីដេអូដែលបង្ហោះលើ TikTok ដោយគណនីហាង Nusr-Et Steakhouse របស់ចុងភៅ Nusret Gokce ដែលត្រូវស្គាល់ជាទូទៅថា Salt Bae លោក To Lam ត្រូវបានរៀបចំទទួលជាមួយម្ហូបស្តេកស្រោបមាស។ វីដេអូនេះ ត្រូវបានចែកចាយយ៉ាងទូលាយ មុនត្រូវបានលុបចោល ប៉ុន្តែវីដេអូនេះក៏បាចសាចពេញបណ្ដាញសង្គមផ្សេងទៀតមាន ​Facebook និង YouTube ជាដើម។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP ពេលវេលាជាក់លាក់នៃការថតវីដេអូ មិនទាន់បង្ហាញឡើយ តែលោក Lam ដែលជារដ្ឋមន្រ្តីសន្តិសុខសាធារណៈគ្រប់គ្រងស្ថាប័នប៉ូលិស និងដឹកនាំការបង្រ្កាបលើក្រុមប្រឆាំង បានធ្វើដំណើរចូលរួមកិច្ចប្រជុំសន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុលើកទី២៦ ហើយជួបជាមួយរដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេសនៅថ្ងៃទី១ ខែវិច្ឆិកា។ ឯហាង Nusr-Et Steakhouse ដែលសម្បូអតិថិជនល្បីឈ្មោះ មានទីតាំងនៅទីក្រុងឡុងដ៏តែម្ដង។
 
ហាងរបស់ចុងភៅ Salt Bae នេះ មានបម្រើស្តេកស្រោបមាស២៤ការ៉ាត់ដែលអាចបរិភោគ ហើយអាចមានតម្លៃដល់ទៅមួយពាន់ដុល្លារ ដែលវាលើសពីប្រាក់ខែរបស់លោក Lam និងប្រាក់ចំណូលរបស់ប្រជាជនវៀតណាមជាច្រើន។ បើតាមទិន្នន័យស្ថិតិវៀតណាម ចំណូលប្រចាំខែជាមធ្យមរបស់ប្រជាជនវៀតណាម មានត្រឹម១៨៤ដុល្លារក្នុងឆ្នាំ២០២០។
 
វីដេអូខាងលើ ធ្វើឱ្យលោក Lam ដែលជាមន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម រងការរិះគន់ខ្លាំង ស្របពេលប្រទេសកំពុងជួបបញ្ហាកូវីដ-១៩ ។​ អ្នកប្រើប្រាស់ Facebook ឈ្មោះ Pham Viet Duc សរសេរថា ប្រជាជនកំពុងរងទុក្ខដោយសារជំងឺឆ្លង តែមន្រ្តីបែរជាកំពុងរីករាយដូចជាតារាល្បីលំដាប់ពិភពលោកទៅវិញ។ អ្នកប្រើប្រាស់ម្នាក់ទៀតឈ្មោះ Mung Tin Ngo សរសេរដែរថា វៀតណាមនៅក្រនៅឡើយ តែរដ្ឋមន្រ្តីឆើតឆាយណាស់។
 
ទន្ទឹមនឹងការរិះគន់ គេក៏ឃើញមតិខ្លះរៀបរាប់ មន្រ្តីវៀតណាមក៏មានសិទ្ធិចំណាយលុយបន្ថែមពេលបំពេញការងារ ឯខ្លះទៀតលើកឡើងថា ប្រហែលមានអ្នកចេញលុយនោះផង៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com