ជាតិ
បទសម្ភាសន៍
លោក មៀច គង់ហ៊ុយ៖ ផ្កាដែលនិយម​នៅ​បរទេស ជាចំណែក​នៃការទាក់ទាញទេសចរផងដែរ
06, Nov 2021 , 10:59 pm        
រូបភាព
លោក មៀច គង់ហ៊ុយ ម្ចាស់ La A Seven Fresh Flowers
លោក មៀច គង់ហ៊ុយ ម្ចាស់ La A Seven Fresh Flowers
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ លោក មៀច គង់ហ៊ុយ  ជាម្ចាស់សួនផ្កាដំណក់ទឹក នៅទឹកដីបាត់ដំបង។ សួនផ្កានេះ មានដាំប្រភេទផ្សារដែលពេញនិយមដាំនៅបរទេស មានដូចជាផ្កាលីលី ផ្កាដំណក់ទឹកភ្លៀងពណ៌ស ម៉ាកាឡែតពណ៌ស្វាយ ស្មៅស និងស្មៅក្រហមជាដើម។ បំណងដើមនៃការចាប់ផ្តើមដាំផ្កាទាំងនេះ គឺគ្រាន់តែដើម្បីបំពេញតម្រូវការផ្កាទាំងនេះ នៅលើទីផ្សារក្នុងស្រុក ក៏ប៉ុន្តែសម្រស់សួនផ្ការបស់លោក ក៏អាចទាក់ចិត្តភ្ញៀវទេសចរ រហូតក្លាយជាកន្លែងថតរូប និងកម្សាន្តដ៏ពេញនិយមផងដែរ។



ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ និងលោក មៀច គង់ហ៊ុយ ដូចតទៅ៖
 
លោក មៀច គង់ហ៊ុយ ស្ថាបនិក La A Seven Fresh Flowers បានសម្រេចចិត្តដំណើរការអាជីវកម្មដាំផ្កាបរទេសជាច្រើនមុខរួមមាន៖ ផ្កាលីលី ដំណក់ទឹកភ្លៀងពណ៌ស ម៉ាកាឡែតពណ៌ស្វាយ ស្មៅស ស្មៅក្រហម។ល។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្នុងកម្មវិធី «គំនិតថ្មី» លោក មៀច គង់ហ៊ុយ បញ្ជាក់ថា ការបង្កើតអាជីវកម្មនេះ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ស្របពេលមានវិបត្តិកូវីដ-១៩ នេះ ដែលទំនិញប្រភេទនេះផ្អាកការនាំចូលស្ទើរតែទាំងស្រុង។
 
ក្រោយដាំដុះបានទិន្នផល ផ្ការបស់លោក គង់ហ៊ុយ បានបញ្ចេញសម្រស់ស្រស់ស្អាត ដែលទាក់ទាញភ្ញៀវទេសចរ។ តាមរយៈការគាំទ្រពីទេសចរ លោក មៀច គង់ហ៊ុយ ក៏មានគំនិតបង្កើត និងពង្រីកជាតំបន់ទេសចរណ៍កម្សាន្ត ដែលមានហាងកាហ្វេ តូបលក់ចំណីអាហារ។ ទាក់ទងនឹងការថែទាំផ្កាឱ្យបានផលល្អ មិនមែនជារឿងងាយស្រួលនោះទេ ដោយទាមទារឱ្យយកចិត្តទុកដាក់ខ្លាំងទៅលើប្រភេទដី អាកាសធាតុ បច្ចេកទេសថែទាំ និងទីតាំងដាំដុះ។
 
បុរសសម្បុរស្រអែមរូបនេះ បញ្ជាក់ថា៖ «បច្ចុប្បន្នយើងដាំបានល្អទៅលើពូជផ្កាបរទេសជាច្រើនប្រភេទនោះ។ តែកាលពីដំបូងវាពិបាកគួរសមដែរដូចជា មិនមានបទពិសោធ អាកាសធាតុស្រុកយើងមានភ្លៀងច្រើននៅខែវស្សា។ ដូចនេះបើមិនមានបច្ចេកទេសលើករោងដាំផ្កាឱ្យមានល្អទេ វាងាយនឹងរងការខូចខាត ថែមទាំងនាំឱ្យខូចពូជផ្កាដែលបានកម្ម៉ង់មកទៀតផង និងត្រូវសិក្សាពីបច្ចេកទេសដាំ ថែទាំជារឿងចាំបាច់បំផុត»។
  

លោក មៀច គង់ហ៊ុយ ម្ចាស់ La A Seven Fresh Flowers.

ម្ចាស់មុខជំនួញដែលមានបទពិសោធ ១១ឆ្នាំរូបនេះ នឹងបន្តឆន្ទៈពង្រីកអាជីវកម្មខ្លួន ផ្តល់ភាពរីករាយ ស្រស់ស្អាត និងផ្តល់ជូននូវសេវាកម្មល្អ ទៅកាន់អ្នកគាំទ្រក្នុងប្រទេសបន្ថែមទៀត។ ជាងនេះទៅទៀត សម្រាប់អ្នកចង់បង្កើតអាជីវកម្មដាំផ្កាបរទេសនៅក្នុងស្រុក លោក គង់ហ៊ុយ រីករាយក្នុងការចែករំលែកបទពិសោធដែលមាន ប៉ុន្តែលោកមិនគាំទ្រនូវអ្វីដែលចង់ចាញ់ឈ្នះគ្នា ដោយបង្កើតអ្វីដូចគ្នា គ្មានគំនិតច្នៃប្រឌិតឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com