ជាតិ
របៀបលាយ«កំបោរបាយអ» ដើម្បីភ្ជិតតំណ ឬ​ស្នាមប្រេះតាម​ប្រាសាទបុរាណ​សង់ពីឥដ្ឋ
07, Nov 2021 , 10:59 am        
រូបភាព
កំបោរបាយអ ប្រើសម្រាប់បៀកប្រាសាទ។ រូបភាពពី អាជ្ញាធរជាតិអប្សរា
កំបោរបាយអ ប្រើសម្រាប់បៀកប្រាសាទ។ រូបភាពពី អាជ្ញាធរជាតិអប្សរា
កំបោរបាយអរ ជាការលាយល្បាយ៥មុខចូលគ្នា សម្រាប់ប្រើផ្សារភ្ជាប់ស្នាមតំណ និងស្នាមប្រេះ របស់ប្រាសាទបុរាណឲ្យស្អិតជាប់គ្នា។ ធាតុផ្សំចំនួន ៥មុខ ដែលអ្នកជំនាញលាយចូលគ្នានោះមាន កំបោរធ្វើពីសំបកលៀស កម្ទេចឥដ្ឋ ដីខ្សាច់ ស្ករត្នោត កាវស្បែកគោ និងធាតុផ្សំមួយមុខទៀត គឺធ្យូង ដែលគេប្រើដើម្បីបន្ថែមពណ៌។ កំបោរបាយអ នៅតែជម្រើសចាំបាច់ក្នុងការប្រើដើម្បីជួសជុល និងកសាងប្រាសាទ ដ្បិតសំណង់អាគារសម័យនេះ គេនិយមប្រើស៊ីម៉ងត៍ក្តី។



កំបោរបាយអ មាននាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទ ដែលធ្វើឡើងពីឥដ្ឋ។ វាបានបំពេញស្នាមតំណ និងស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា រួមទាំងជួយការពារការជ្រាបទឹក។ បច្ចុប្បន្ន ការជួសជុលប្រាសាទបុរាណ នៅតែប្រើកំបោរបាយអ ទោះវាជាវិធីបុរាណក្តី។ ដ្បិត វាជាវិធីដែលបុព្វបុរសខ្មែរប្រើកាលពីបុរាណ តែការលាយធាតុផ្សំទាំង៥មុខ និងការបៀកលើជញ្ជាំងប្រាសាទ មិនងាយស្រួលឡើយ។
  

ធាតុផ្សំទាំង ៥មុខ ប្រើដើម្បីលាយធ្វើជាកំបោរបាយអ។  រូបភាពពី អាជ្ញាធរជាតិអប្សរា

ក្នុងចំណោមធាតុផ្សំទាំង៥មុខ ដែលគេយកមកលាយចូលគ្នា ក្នុងនោះមានកម្ទេចឥដ្ឋ ដែលអ្នកជួសជុលប្រាសាទត្រូវផលិត ដោយប្រើរបៀបបុរាណ។ ការផលិតនេះ ត្រូវប្រើកម្លាំង និងភាពអត់ធ្មត់ ទើបអាចផលិតបានជាកម្ទេចឥដ្ឋពីរប្រភេទ គឺកម្ទេចម៉ត់ និងកម្ទេចគ្រើម។ អ្នកស្រី សៀង ម៉ាលីណែត អ្នកជំនាញស្ត្រីម្នាក់ក្នុងចំណោមអ្នកជំនាញស្ត្រីជាច្រើនរូបទៀតដែលចេះជំនាញធ្វើ និងលាយបាយអនេះ បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖« យើងត្រូវយកញញួរវាយឥដ្ឋឲ្យបែក រួចយកវាមកបុក ដោយប្រើត្បាល់ និងអង្រែ។ បន្ទាប់ពីបុកហើយ យើងត្រូវយកវាទៅរែង ដើម្បីបែងចែកជា កម្ទេចម៉ត់​ និងកម្ទេចគ្រើម»។
  

សកម្មភាពអុ្នកជំនាញកម្ទេចឥដ្ឋ ដើម្បីលាយជាមួយធាតុផ្សំដទៃទៀត។ . រូបភាពពី អាជ្ញាធរជាតិអប្សរា

អ្នកជំនាញនៅតែបន្តប្រើរបៀបបុរាណ ដើម្បីកម្ទេចឥដ្ឋ ទោះពេលនេះមានឧបករណ៍ជាច្រើនអាចប្រើជំនួសបាន។ ត្រង់ចំនុចនេះ អ្នកស្រី ម៉ាលីណែត បានបញ្ជាក់ថា ការប្រើអង្រែ ត្បាល់ វាស្រួលជាង ព្រោះត្រូវចម្រាញ់វា មើលថាណាគ្រើម ណាម៉ត់។ កម្ទេចម៉ត់ គេប្រើដើម្បីបៀកបញ្ចូលឥដ្ឋតូច ចំណែកកម្ទេចគ្រើម គេប្រើជាមួយឥដ្ឋធំ។ បន្ទាប់ពីបុកកម្ទេចឥដ្ឋរួចហើយ ទើបគេយកវាទៅលាយបញ្ចូលជាមួយធាតុផ្សំចំនួន៤ទៀត។ ក្រៅពីនេះ ក៏មានបន្ថែមធ្យូង ដើម្បីឲ្យវាមានពណ៌ដូចទីតាំងដែលត្រូវបៀក ដើម្បីឲ្យមានពណ៌ស៊ីគ្នា។
  

សកម្មភាពអុ្នកជំនាញកម្ទេចឥដ្ឋ ដើម្បីលាយជាមួយធាតុផ្សំដទៃទៀត។ 

ចំពោះការបៀកកំបោរបាយអ អ្នកបៀក ត្រូវបៀកដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់បំផុត ដើម្បីធានាបានថា វានឹងជាប់បានយូរ។ ចំណែក អ្នកបុកឥដ្ឋ និងអ្នករែងវិញ   គឺរងផលប៉ះពាលយ៉ាងខ្លាំងចំពោះសុខភាព ព្រោះវាធ្វើឲ្យចុកដៃ ចុកដើមទ្រូង និងត្រូវកម្ទេចឥដ្ឋហុយចូលច្រមុះផងដែរ។
  

អ្នកស្រី សៀង ម៉ាលីណែត អ្នកជំនាញលាយ និងបៀក កំបោរបាយអ។ រូបភាពពី អាជ្ញាធរជាតិអប្សរា 

ទោះវាលំបាកយ៉ាងណាក្តី​ តែវាមិនអាចយកឈ្នះចិត្តស្រឡាញ់ និងការចង់មើលថែប្រាសាទរបស់អ្នកជំនាញ ដែលរស់នៅ ភូមិឪឡោក ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគងនេះបានឡើយ។ «ខ្ញុំស្តាយ ខ្លាចប្រាសាទទ្រុឌទ្រោមទៅ វាបាត់បង់ ព្រោះដូនតាយើងខំទុកឲ្យហើយ។ ខ្ញុំកាន់តែធ្វើ កាន់តែស្រលាញ់ កាន់តែចង់ថែរក្សា កាន់តែដឹងថា វាអស្ចារ្យពិតមែន ចឹងក៏បន្តធ្វើដើម្បីក្មេងជំនាន់ក្រោយទៅ»។ នេះជាសម្តីជំនាញវ័យ៣៧ឆ្នាំ ដោយបានបន្ថែមថា ខ្ញុំចង់ឲ្យក្មេងជំនាន់ក្រោយ គាត់បានយល់ដឹងពីការថែរក្សា ព្រោះពួកគាត់ភាគច្រើនបានតែឃើញ តែអត់ដឹងថាវាអស្ចារ្យយ៉ាណា៕

Tag:
 បា្រសាទឥដ្ឋ
 កំបោរបាយអ
  ​ប្រាសាទបាគង
 សៀង ម៉ាលីណែត
© រក្សាសិទ្ធិដោយ thmeythmey.com