ជាតិ
ពាក្យ «គ្រូជោគជ័យ» បែរជាក្លាយទៅជាភាសាចំអក ដែលប៉ះពាល់ដល់គុណតម្លៃគ្រូបង្រៀនទូទៅ
07, Nov 2021 , 6:59 pm        
រូបភាព
លោកប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា
លោកប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា
ភ្នំពេញ៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានអំពាវនាវដល់ពលរដ្ឋ កុំហៅបុគ្គលណាម្នាក់ ដែលបានបណ្ដុះបណ្ដាល ឬប្រឹក្សាយោបល់ដោយមិនមានគរុកោសល្យ និងទំនួលខុសត្រូវ ថាជាគ្រូជោគជ័យ។ បើតាមសហព័ន្ធសេវាអប់រំនៅកម្ពុជា ការដាក់ងារបុគ្គលនោះ ជា គ្រូជោគជ័យ ក្នុងន័យបន្ដុះបង្អាប់ នឹងធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និងកេរ្តិ៍ឈ្មោះគ្រូបង្រៀនទាំងអស់។

 
 
រយៈពេលកន្លងទៅ នៅក្នុងបណ្ដាញសង្គម មហាជនមួយចំនួន បានប្រតិកម្ម និងហៅ បុគ្គលមួយចំនួន ដែលបណ្ដុះបណ្ដាល  ឬប្រឹក្សាយោបល់ដល់អ្នកដទៃដោយមិនមានក្រមសីលធម៌ និងទំនួលខុសត្រូវច្បាស់លាស់ ជា«គ្រូជោគជ័យ»ក្នុងន័យបន្ដុះបង្អាប់ និងសើចចំអក។ 
 
លោកប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា ពាក្យបន្តុះបង្អាប់នេះ បានធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំ និងតម្លៃគ្រូបង្រៀនដែលប្រៀបដូចជាឪពុកម្ដាយជាទីពីរ និងជាបុគ្គលគំរូដ៏ល្អមួយក្នុងសង្គម ជាពិសេសនោះ នឹងអាចធ្វើឱ្យបាត់បង់នូវវប្បធម៌ចែករំលែក ។ 
 
លោកប៉ិច បូឡែន បានបញ្ជាក់ប្រាប់ ThmeyThmey យ៉ាងដូច្នេះ៖ « អ្នកដែលគាត់មានស្មារតីចង់ចែករំលែកគាត់អាចរារែក ព្រោះឱ្យតែគាត់ចែករំលែកចំណេះដឹងអ្វីផ្សេងៗ អាចត្រូវបានគេហៅរបៀបជាពាក្យឌឺដង ចំអក ថាគ្រូជោគជ័យ។ បើក្នុងករណីគាត់បារម្ភ គាត់ខ្លាច ឬត្រូវបានគេឌឺដង អ៊ីចឹងគាត់លែងសូវចែករំលែកហើយ»។ 
 


ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជារូបនេះ បានអំពាវនាវដល់ពលរដ្ឋ កុំបន្តចែករំលែក ប្រើពាក្យគ្រូជោគជ័យ ក្នុងន័យចំអកបន្តទៀត ដែលនាំឱ្យបង្កើតជាការគិតអវិជ្ជមានដល់គ្រូទាំងអស់។ ដោយឡែក ក្នុងករណីមហាជន មិនពេញចិត្ត ឬមានមតិប្រតិកម្ម ទៅលើបុគ្គលណាម្នាក់ ឬគ្រូណាម្នាក់ សូមប្រើពាក្យសំដៅលើបុគ្គលរូបនោះតែម្ដង ចៀសវាងប្រើពាក្យ គ្រូជោគជ័យ ក្នុងន័យចំអក និងធ្វើឱ្យប៉ះពាល់ដល់អាជីពគ្រូទាំងអស់។ 
 
ជាមួយគ្នានេះ លោក ក៏បានស្នើដល់អ្នកបង្ហាត់បង្រៀន ឬអ្នកចែករំលែកចំណេះដឹងផ្សេងៗ ត្រូវរៀនសូត្រ និងអនុវត្តគរុកោសល្យបង្រៀនឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកស្ទួយ និងរក្សាគុណតម្លៃ តួនាទីគ្រូនៅក្នុងសង្គម៕ 

Tag:
 គ្រូ
  សហព័ន្ធសេវាអប់រំកម្ពុជា
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com