ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ហុង សុហួរ៖ ការវិនិយោគលើទីផ្សារមូលបត្រ និង Forex មិនដូចគ្នាឡើយ
07, Nov 2021 , 8:59 pm        
រូបភាព
លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
ដោយ៖ វ៉ា សុភានុត
 
អតិថិជនឬ អ្នកវិនិយោគិនជាច្រើន យល់ច្រលំចំពោះការវិនិយោគលើការជួញដូរឧបករណ៍និស្សន្ទថាជាការទិញ-លក់ ភាគហ៊ុន។ លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបញ្ជាក់ថា ការវិនិយោគលើទីផ្សារមូលបត្រ និងឧបករណ៍និស្សន្ទដែលស្គាល់ជាទូទៅថា ហ្វររិក [Forex] មិនដូចគ្នានោះឡើយ។




រូបភាពៈ ផ្លេតហ្វមបង្ហាញពីការឡើងចុះនៃតម្លៃមាស ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ (វ៉ា សុភានុត)
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកស្រី អានបទសម្ភាសរវាងលោក ហុង សុហួរ  អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ជាមួយលោក វ៉ា សុភានុត នៃសារព័ត៌មានថ្មីៗ ខាងក្រោមដូចតទៅ៖
 
 
លោក វ៉ា សុភានុត៖ តើទីផ្សារមូលបត្រកម្ពុជា ដើរតួនាទីជាអ្វី? 
 
លោក ហុង សុហួរ៖ យើងជួយជ្រោមជ្រែងម្ចាស់អាជីវកម្មទាំងអស់ក្នុងការលក់ភាគហ៊ុនជា សាធារណៈ មានន័យ ថាអ្នកមានអាជីវកម្មតូចធំជាច្រើន ពួកគាត់មានអាជីវកម្មល្អ មានការរីកចម្រើននគ្រាន់បើហើយ គាត់ចង់លក់ភាគហ៊ុន ដល់សាធារណជន ដើម្បីកៀរគរទុន ដើម្បីពង្រីកអាជីវកម្មបន្ថែម ឬ ដើម្បីល្បីល្បាញពីព្រោះ នៅក្នុងផ្សារហ៊ុនមាន ការផ្សព្វផ្សាយច្រើន អ៊ីចឹង គាត់អាចមកចុះបញ្ជីនៅ ក្នុងផ្សារមូលបត្ររបស់យើង។ យើងជួយសម្របសម្រួល អនុញ្ញាតឱ្យក្រុមហ៊ុនលក់ភាគហ៊ុនជាសាធារណៈបាន ហើយអ្នកទិញភាគហ៊ុនរួច អាចលក់ទៅវិញគ្រប់ពេល ចឹងអ្នកមានភាគហ៊ុនអាចលក់ ឬមានភាគហ៊ុនហើយអាចទិញបន្ថែម។ 
 
 
លោក វ៉ា សុភានុត៖ មួយរយៈនេះមានវិវាទរវាងអតិថិជនជាមួយក្រុមហ៊ុនជួញដូរ ឧបករណ៍និស្សន្ទ តើវាអាចមានការច្រឡំទៅនឹងទីផ្សារមូលបត្រកម្ពុជាដែរឬទេ? 
 
លោក ហុង សុហួរ៖ ក្រុមហ៊ុន [forex] គឺសំដៅលើហាងឆេងទេ តែពួកគាត់[អតិថិជន] ចេះ តែថា ផ្សារហ៊ុនៗ ធ្វើឱ្យមានការយល់ច្រឡំ។ អតិថិជនដាក់លុយ ទៅវិនិយោគទៅលើអ្វីមួយ ហាងឆេងមាស ហាងឆេងប្រាក់ដុល្លារ វិនិយោគត្រូវបានចំណេញ វិនិយោគខុសខាតភ្លាមៗ។ ប៉ុន្តែទីផ្សារហ៊ុនយើងអត់អ៊ីចឹងទេ យើងទិញហ៊ុនគឺបានភាគហ៊ុន ទិញភាគហ៊ុនរបស់អេស៊ីលីដា គឺក្លាយជាម្ចាស់ភាគហ៊ុនអេស៊ីលីដា។ បើសិនជាយើងមិនលក់គឺមិនខាតទេ យើងនៅតែជាម្ចាស់ភាគហ៊ុនអេស៊ីលីដាមួយជីវិត។  បើសិនជាយើងលក់ពេលហ្នឹងបានដឹងថាចំណេញ ឬខាត លក់បានថ្លៃជាងយើងទិញមកបានចំណេញ លក់បានថោកជាងទិញមកខាត វាខុសគ្នាចឹង។ ខាង ឌេរីវទីវ [Derivative] នោះអត់ចឹងទេ ដាក់ទិញឬក៏លក់ខុសខាតដឹងតែអស់លុយតែម្តង។
 
លោក វ៉ា សុភានុត៖ នៅពេលអ្នកវិនិយោគ Forex យល់ច្រឡំថាជាទីផ្សារហ៊ុន តើវាអាចបង្ក ឱ្យមានផល ប៉ះពាល់ អវិជ្ជមានដល់ទីផ្សារមូលបត្រកម្ពុជាដែរឬទេ?
 
លោក ហុង សុហួរ៖ ជាក់ស្ដែងយើងមានការបារម្ភថាអាច ប៉ះពាល់ពីព្រោះដោយសារពួកគាត់ បានប្រើពាក្យផ្សារ ហ៊ុនដែរ ឬក៏ផ្សារមូលបត្រជាពិសេសប្រើពាក្យផ្សារហ៊ុនតែម្ដង ធ្វើឱ្យយល់ច្រឡំ ប៉ុន្តែយើងសង្កេតឃើញរយៈពេល៩ ខែ ១០ខែចុងក្រោយនេះ យើងមានការកើនឡើងខ្លាំង។ កាលពី២០១៨ យើងទិញលក់ក្នុងមួយថ្ងៃ២ម៉ឺនដុល្លារ ប្រចាំថ្ងៃ។ ឆ្នាំ២០១៩ យើងឡើងខ្លាំងដល់ម្ដុំជិត១៦ម៉ឺនដុល្លារជាមធ្យម។ ឆ្នាំ២០២០ កូវីដ-១៩ មកដល់យើង ធ្លាក់មកត្រឹម១១ម៉ឺនដុល្លារ ដល់២០២១នេះយើងឡើង ២២ម៉ឺនដុល្លារ ចឹងឡើងមួយទ្វេរ ជាពីរធៀបជាមួយឆ្នាំ២០២០។ ដូច្នេះ ខ្ញុំអាចសន្និដ្ឋានបានថាពិតមែនតែសាធារណជនខ្លះអាចមានការយល់ច្រឡំ ប៉ុន្តែប្រហែលជាយល់ច្រឡំក្នុងចំណោមអ្នកខ្លះទេ ព្រោះអ្នកចូលរួមក្នុងទីផ្សារ ស្គាល់ទីផ្សារច្បាស់ពួកគាត់អត់យល់ច្រលំ។ 
 
លោក វ៉ា សុភានុត ៖ តើអ្វីដែរទីផ្សារមូលបត្រកម្ពុជាអាចធ្វើដើម្បី ផ្ដល់ទំនុកចិត្ត ឬកុំឱ្យមានការច្រឡំដល់វិនិយោគិនខ្លួន?
 
លោក ហុង សុហួរ៖ យើងមានការផ្សព្វផ្សាយបណ្ដុះបណ្ដាលច្រើន ដើម្បីឱ្យពួកគាត់ [វិនិយោគិន] ស្គាល់ច្បាស់ កុំឱ្យតែឮគេហៅភាគហ៊ុនៗនឹងវាដូចគ្នា ទិញហ៊ុនវាខុសពីទិញហាងឆេង ទិញខុសអស់លុយ ប៉ុន្តែភាគហ៊ុនអត់អ៊ីចឹងទេ ទិញភាគហ៊ុន ក្លាយជាម្ចាស់ បើមិនលក់ទេគឺមិនខាត មិនបាត់ទៅណាទេ។ យើងបណ្ដុះបណ្ដាលពួកគាត់ឱ្យយល់ចឹង ថាខុសគ្នា។  មកពីអ្នកខ្លះចង់បានចំណេញលឿនពេក។ ហាងឆេងបើយើងចាក់ត្រូវចំណេញច្រើន ប៉ុន្តែចាក់ ខុសអស់រលីង។ វិស័យមូលបត្ររបស់យើងមានពេលខ្លះចំណេញច្រើន មានពេលខ្លះចំណេញតិច ពេលខ្លះខាត មានពេលខ្លះថ្លៃភាគហ៊ុនកើនឡើងច្រើន ពេលខ្លះថ្លៃភាគហ៊ុនធ្លាក់ចុះ វាមានពេលរបស់វាអ៊ីចឹង ប៉ុន្តែបើយើង អត់លក់ទេអត់ខាតទេ។ ហើយអ្នកទិញភាគហ៊ុន គាត់មានអេប  [App] សម្រាប់តាមដានថាឡើង ធ្លាក់អីដោយ ផ្ទាល់ហើយ ទាំងអស់នេះវាចូលរួមក៏សាងនូវទំនុកចិត្ត។ ម៉្យាងទៀតទីផ្សារមូលបត្រកម្ពុជាយើងគឺជា សហគ្រាសសាធារណៈ មិនមែនដូចឯកជនទេ រដ្ឋជាធម្មតា ការពារប្រយោជន៍សាធារណជាងក្រុមហ៊ុនឯកជន។
 
លោក វ៉ា សុភានុត៖ តើលោកមានអ្វីពិសេសចង់រំលេចទៅកាន់ពលរដ្ឋ ពាក់ពន្ធករណីនេះ?
 
លោក ហុង សុហួរ៖ កន្លងមកខ្ញុំតែលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ ស្វែងយល់ពីវិស័យមូលបត្រអំពី ភាគហ៊ុន ស្អីគេជាភាគហ៊ុនឱ្យពិតប្រាកដ។ ហើយប្រសិនបើពួកគាត់មានសាច់ប្រាក់ទំនេរ ខ្លះអាចវិនិយោគរបៀប សន្សំរយៈពេលវែង មួយខែ៥០ ទៅ១០០ដុល្លារអ៊ីចឹងទៅ។ ត្រូវជ្រើសរើសយកក្រុមហ៊ុនណាដែលមានកំណើន ទៀងទាត់ល្អ ក្រុមហ៊ុនខ្លះយើងឃើញថាគាត់ ចំណូលមួយឆ្នាំៗកើនឡើង ១០%ទៅ ២០% អីក៏មាន ហើយមើលក្រុមហ៊ុននឹងអាចរស់បាន១០ ឆ្នាំទៅ ២០ឆ្នាំអត់?។ ក្រុមហ៊ុនខ្លះមានស្ថេរភាព ដូច្នេះ ១០ឆ្នាំទៅ ២០ឆ្នាំក្រោយ មិនរំពឹងទៅណាទេ៕

© រក្សាសិទ្ធិដោយ thmeythmey.com