ជាតិ
ថ្នាក់ដឹកនាំកំពូល៖ មរណភាពលោក ងួន ញ៉ិល ជាការបង់បាត់ឥស្សរជនដ៏ឆ្នើមរបស់កម្ពុជា
07, Nov 2021 , 11:29 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា អញ្ជើញគោរពដួងវិញ្ញាណក្ខន្ធអនុប្រធានទី១ រដ្ឋសភា លោក ងួន ញ៉ិល។
សម្ដេច ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា អញ្ជើញគោរពដួងវិញ្ញាណក្ខន្ធអនុប្រធានទី១ រដ្ឋសភា លោក ងួន ញ៉ិល។
ភ្នំពេញ៖ ការបាត់បង់ លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា គឺជាដំណឹងដ៏សោកស្ដាយក្នុងជួររដ្ឋាភិបាល។ មរណភាពរបស់អនុប្រធានទី១ រដ្ឋសភារូបនេះ ធ្វើឱ្យគ្រប់ស្ថាប័នរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗ  មានការសោកស្ដាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ឥស្សរជនឆ្នើមមួយរូប ដែលបានចំណាយកម្លាំងកាយចិត្តក្នុងបេសកម្មបម្រើប្រជាជន និងប្រទេសជាតិ។



សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្ដែងអារម្មណ៍ស្ដាយស្រណេះ និងអាឡោះអាល័យ ក្នុងការបាត់បង់វត្តមានលោក ងួន ញ៉ិល ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមម្នាក់របស់រដ្ឋាភិបាល។ សម្ដេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ៖ « ការបាត់បង់ ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ងួន ញិល គឺជាការបាត់បង់នូវលោកឪពុក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ ក្នុងការបម្រើបុព្វហេតុជាតិ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ»។
 
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា អញ្ញើញគោរពសពលោក ងួន ញ៉ិល នៅថ្ងៃទី៦ ខែវិច្ឆិកា។

មិនខុសពីសម្ដេច ហ៊ុន សែន សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា  ក៏បង្ហាញនូវក្ដីសោកស្ដាយចំពោះការបាត់បង់លោក ងួន ញ៉ិល។  ក្នុងពិធីគោរពដួងវិញ្ញាណក្ខន្ធអនុប្រធានទី១ រដ្ឋសភា លោក ងួន ញ៉ិល សម្ដេចទាំងពីរ បានចាត់ទុកមរណភាពមន្រ្តីកំពូលនៃរដ្ឋសភារូបនេះ ជាការបាត់បង់មន្រ្តីដ៏ឆ្នើមរបស់ប្រជាជន និងសង្គមជាតិ។ 
ជាមួយគ្នានេះ លោក ហ៊ុន មានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានបង្ហាញអារម្មណ៍សោកស្ដាយ ចំពោះការបាត់បង់លោក ងួន ញ៉ិល។ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភារូបនេះ បានលើកឡើងថា លោក ងួន ញ៉ិល ជាគំរូភាព របស់យុវជនជំនាន់ក្រោយ ដែលបានលះបង់ កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី និងវីរភាពអង់អាចក្នុងការបំពេញកិច្ចការជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។ 
 
លោក ហ៊ុន មានី អះអាងដូច្នេះ៖ «គំរូវីរភាព ពលិកម្ម និងសាមគ្គីភាពប្រកបដោយការតស៊ូ លះបង់របស់យុវជនជំនាន់មុន បានផ្តល់នូវអ្វីដែលយើងមាននាថ្ងៃនេះ។ គំរូវីរភាពនេះ បានជ្រួតជ្រាបក្នុងទឹកចិត្ត និងស្មារតីរបស់យើងខ្ញុំគ្រប់ៗរូប និងបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់យុវជនកម្ពុជាទាំងអស់គ្នា ក្នុងការបន្តបំពេញបេសកកម្មថែរក្សា ការពារសុខសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍសង្គម និងប្រទេសជាតិទៅអនាគត»។
 
គួរជម្រាបថា លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានទទួលមរណភាពក្នុងអាយុ៧៩ឆ្នាំ នាវេលាម៉ោង១០ និង៣០នាទី កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ 

សម្ដេច សាយ ឈុំ  ប្រធានព្រឹទ្ធសភា(ឈរមុខ) បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាគោរពវិញ្ញាណក្ខន្ធសព លោក ងួន ញ៉ិល។

ប្រវត្តិការសិក្សា និងការងាររបស់ លោក ងួន ញ៉ិល 
លោក ងួន ញ៉ិល កើតនៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកបានបញ្ចប់ថ្នាក់ឧត្តមសិក្សា ផ្នែកវិទ្យាសាស្ត្រសង្គម និង បណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្រ្តនយោបាយ  និងមានសញ្ញាបត្រនៃមហាវិទ្យាល័យគរុកោសល្យ (គ្រូបង្រៀន)។
 
ពីឆ្នាំ១៩៦៥-១៩៧០ លោកធ្វើគ្រូបង្រៀននៅតាំងក្រសាំង ស្រុកសន្ទុក។ ពីឆ្នាំ១៩៧០-១៩៧៥ ជាមន្ត្រីធ្វើការនៅអធិការដ្ឋានបឋមសិក្សាខេត្តកំពង់ធំ និងនាយកការិយាល័យចិត្តសាស្រ្តគរុកោសល្យ និង ការិយាល័យបុគ្គលិកទទួលបន្ទុកបន្ថែមជានាយតំបន់អធិការកិច្ចស្រុកកំពង់ស្វាយ។ លោកធ្លាប់ធ្វើជាប្រធានភូមិត្រពាំងជ្រៃ ប្រធានឃុំបល្ល័ង្ក ប្រធានស្រុកបារាយណ៍ ដោយប្រជាជនបោះឆ្នោតជ្រើសតាំងទាំង៣លើក ចន្លោះពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ ហើយបន្តធ្វើជាប្រធានខេត្ត និងប្រធាននគបាលខេត្ត និងជាលេខាបក្សយោធាខេត្តកំពង់ធំ ដល់ឆ្នាំ១៩៨៤។
 
ពីឆ្នាំ ១៩៨៤-១៩៨៨ លោកជាលេខាបក្សទីក្រុងភ្នំពេញ លេខាបក្សយោធាក្រុងភ្នំពេញ មុននឹងក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងអគ្គនាយកចម្ការកៅស៊ូ រហូតដល់ឆ្នាំ១៩៩៣។
 
ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន លោកជាសមាជិករដ្ឋសភាមណ្ឌលកំពង់ធំ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ក្នុងអាណត្តិទី១ ហើយឡើងជាអនុប្រធានទី២រដ្ឋសភា។
 

លោក ហ៊ុន មានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា គោរពវិញ្ញាណក្ខន្ធអនុប្រធានទី១ រដ្ឋសភា លោក ងួន ញ៉ិល នៅថ្ងៃទី ៦ ខែវិច្ឆិកា។

នៅអាណត្តិទី៣-៤  លោកជាអនុប្រធានទី១រដ្ឋសភា ហើយបន្តតំណែងនេះក្នុងអាណត្តិទី៥ ក៏ប៉ុន្តែនៅ ខែសីហា ឆ្នាំ២០១៤ ដោយមានការឯកភាពនយោបាយ ត្រូវបានជ្រើសតាំងមកជាអនុប្រធានទី២ ហើយក្រោយការដកលោក កឹម សុខា លោកក៏បានកាន់តំណែងជាអនុប្រធានទី១វិញ រហូតមក។សម្រាប់មុខតំណែងក្នុងគណបក្ស លោកជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំ៕

Tag:
 ងួន ញ៉ិល
© រក្សាសិទ្ធិដោយ thmeythmey.com