ជាតិ
សម្ដេច ហ៊ុន សែន ៖ ប្រមុខការទូតអូស្រ្តាលី មកកម្ពុជា មិនមែនដើម្បីសង្កត់ឡើយ តែទំនងចង់ពន្យល់ពី AUKUS
08, Nov 2021 , 11:11 am        
រូបភាព
ភ្នំពេញ៖ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី៧ដល់៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ប្រមុខការទូតអូស្រ្តាលី ទំនងចង់ពន្យល់ពី ដៃគូសន្តិសុខអូស្រ្តាលី អង់គ្លេស និងអាម៉េរិក ដែលហៅថា AUKUS។



«រដ្ឋមន្រ្តីការបរទេសមកកម្ពុជាទៀត បន្តិចទៀតខ្ញុំទៅជួបហើយ មិនមែនជាការសង្កត់ទេ ប្រហែលជាការពន្យល់របស់គាត់ ឱ្យយើងយល់អំពីអ្វីដែលហៅថា AUKUS»។ សម្ដេច ហ៊ុន សែន បង្ហើបបែបនេះ នៅក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ។
 
បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ារីស ផេន ពេលនេះ ទំនងចង់លើកយកភាពជាដៃគូសន្តិសុខអូស្រ្តាលី អង់គ្លេស និងអាម៉េរិក (AUKUS) មកនិយាយជាងរឿងដទៃទៀត។
 
ភាពជាដៃគូសន្តិសុខ AUKUS នេះ កំពុងធ្វើឱ្យពិភពលោកព្រួយបារម្ភ។ កាលពីថ្ងៃទី៨ តុលាកន្លងមក រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានពិភាក្សាតាមទូរស័ព្ទជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី ដោយបានលើកពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងបង្ហាញពីក្តីព្រួយបារម្ភចំពោះភាពជាដៃគូសន្តិសុខត្រីភាគីអូស្ត្រាលី-អង់គ្លេស-អាមេរិក (AUKUS) ។ ប្រមុខការទូតកម្ពុជា សង្ឃឹមថា AUKUS នឹងមិនបន្ថែមសាំងទៅលើការប្រកួតប្រជែងដែលកំពុងមានស្ថានភាពមិនល្អស្រាប់ និងបង្កើនភាពតានតឹងបន្ថែមទៀតនោះទេ។
 
ជុំវិញក្តីបារម្ភរបស់កម្ពុជានេះ ប្រមុខការទូតអូស្ត្រាលី លោកស្រី ម៉ារីស ផេន បានបកស្រាយប្រាប់កម្ពុជាថា AUKUS ត្រូវបានបង្កើតឡើងដើម្បីប្រយោជន៍ទូទៅ ក្នុងគោលបំណងរក្សាសន្តិភាព វិបុលភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយគ្មានចេតនាណាមួយដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ និងសមត្ថភាពនុយក្លេអ៊ែរស៊ីវិលនោះទេ។ បើតាមលោកស្រី ម៉ារីស ផេន AUKUS មិនមែនជាការបន្ថែមសម្ពាធទៅលើការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់នោះដែរ។ 
 
លោកស្រី ម៉ារីស ផេន បានអះអាងថា អូស្ត្រាលីប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC) សន្ធិសញ្ញាតំបន់ប៉ាស៊ីហ្វិកខាងត្បូងគ្មានអាវុធនុយក្លេអ៊ែរ (SPNWFZ) និងតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)។
ក្រៅពីកម្ពុជា ក៏មានប្រទេសក្នុងតំបន់ដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងចិន ជាដើម កំពុងព្រួយបារម្ភលើភាពជាដៃគូសន្តិសុខអូស្រ្តាលី អង់គ្លេស និងអាម៉េរិកនេះ ព្រោះវាអាចបង្កឱ្យមានការប្រកួតប្រជែងសព្វាវុធក្នុងតំបន់ និងពិភពលោក។ មិនតែប៉ុណ្ណោះម៉ាឡេស៊ី ក៏អំពាវនាវឱ្យអាស៊ានរក្សាជំហរតែមួយចំពោះសម្ព័ន្ធថ្មី AUKUS នេះដែរ៕

Tag:
 ដីធ្លី
  ហ៊ុន សែន)
© រក្សាសិទ្ធិដោយ thmeythmey.com