ជាតិ
សមត្ថកិច្ច កំពុងរកអ្នកទោស៧នាក់ ដែលរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង
08, Nov 2021 , 12:20 pm        
រូបភាព
ភ្នំពេញ៖ លោក ម៉ែន គង់ អ្នកនាំពាក្យខេត្តស្ទឹងត្រែងថា សមត្ថកិច្ចទូទាំងខេត្ត កំពុងតាមស្រាវជ្រាវចាប់ខ្លួនអ្នកទោស៧នាក់ ដែលបានវាយទម្លាយជញ្ជាំងរត់គេចខ្លួន កាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី៨ វិច្ឆិកានេះ។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក ម៉ែន គង់ បានឲ្យដឹងថា ពួកគេទាំង៧នាក់ បានប្រើកំណាត់ឈើវាយទម្លាយជញ្ជាំងពន្ធនាគារ ដើម្បីរត់គេចខ្លួន។ លោកបញ្ជាក់ថា អ្នកទោសដែលរត់ចេញទាំងនោះ មានអ្នកជាប់ទោសមួយជីវិតម្នាក់។ ក្រៅពីនេះ មានអ្នកទោសម្នាក់ត្រូវជាប់ពន្ធនាគារ៤ឆ្នាំ ហើយអ្នកផ្សេងទៀត គឺជាប់ទោសប្រមាណ២០ឆ្នាំ។ 
 
លោកថ្លែងយ៉ាងដូច្នេះថា៖ «ករណីនេះ ពួកគេបានប្រើប្រាស់ដុំឈើធំមួយ ទម្លាយជញ្ជាំងចេញ។ ហើយបានរត់ចេញនៅពេលយប់ទៀបភ្លឺ។ ឥឡូវនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់កំពុងតាមស្រាវជ្រាវ»។ 
ទន្ទឹមនឹងនេះ​ លោកសង្កត់ធ្ងន់ថា ក្រុមអ្នកទោសទាំងនោះ ប្រាកដជាបានរៀបគម្រោងទុកជាមុន។ ប៉ុន្តែ សម្រាប់នរណាខ្លះដែលជាប់ពាក់ព័ន្ធនេះ លោកសុំមិនទាន់បកស្រាយឡើយ ដោយរង់ចាំការស៊ើបអង្កេតបន្ថែម។ ករណីនេះ លោកអំពាវនាវឲ្យសាធារណជនទាំងអស់ ជួយសហការរាយការណ៍មកអាជ្ញាធរ ប្រសិនបានឃើញអ្នកទោសទាំងនោះ៕ 
 

Tag:
 អ្នកទោស
  រត់គេចខ្លួន
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com