ជាតិ
សម្ដេច ហ៊ុន សែន៖ «សូមកុំតាំងខ្លួនជា ត្រីបក លើក្ដារអុកអាស៊ាន ទោះចំណាយ សេះមួយ និងទូកមួយ ក៏ខ្ញុំស៊ីក្រវាត់ចោលដែរ»
08, Nov 2021 , 4:05 pm        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានវិធានការក្តៅចំពោះអ្នកប្រឆាំងរដ្ឋាភិបាល ដែលកំពុងរៀបចំយុទ្ធសាស្ត្ររំខានកិច្ចការជាតិ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន នាឆ្នាំ២០២២។



 «សូមអ្នកឯងកុំតាំងខ្លួនជា ត្រីបក លើក្ដារអុកអាស៊ាន។ មានអ្នកដែលកំពុងដាក់ចេញនូវយុទ្ធសាស្រ្ត ត្រីបកលើក្ដារអុកអាស៊ាន ខ្ញុំសូមបញ្ជាក់ ទោះជាចំណាយ សេះមួយ និងទូកមួយ ក៏ខ្ញុំស៊ីអាត្រីបកហ្នឹងក្រវាត់ចោលដែរ»។ នេះជាការព្រមានរបស់សម្ដេច ហ៊ុន សែន ដែលលើកយកយុទ្ធសាស្រ្តលេងអុក មកធៀបក្នុងរឿងនយោបាយ។
 


ថ្លែងក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ប្រមុខរដ្ឋាភិបាលកម្ពុជា បានព្រលយសម្តីព្រមានទៀតថា អ្នកដែលហ៊ានប្រើយុទ្ធសាស្រ្ត «ត្រីបក លើក្ដារអុកអាស៊ាន» នឹងប្រឈមមុខជាប់ពន្ធនាគារ ទោះបីជាកម្ពុជាត្រូវដឹកនាំកិច្ចប្រជុំអាស៊ានក្តី។
 
«ហ្អែងសាកមើល បើមិន(ពន្ធនាគារ)ត្រពាំងផ្លុង ។ កំពុងតែប្រជុំអាស៊ានក៏ដោយ ព្រោះអត់មានទាក់ទងអីហ្នឹងគ្នាទេ កិច្ចការកម្ពុជា គឺកម្ពុជាអ្នកធ្វើ អត់មានអាស៊ានមកលូកលាន់រឿងកិច្ចការកម្ពុជាទេ។ អាហ្នឹងនិយាយគ្នាឱ្យច្បាស់។ សូមមនុស្សមួយចំនួន កុំតាំងខ្លួនជាត្រីបកលើក្ដារអុកអាស៊ាន »។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានរំឮកថា គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានលើកដំបូង នៅឆ្នាំ២០០២នោះ ក៏មានអ្នកប្រើយុទ្ធសាស្រ្ត«ត្រីបកលើក្ដារអុកអាស៊ាន» ដែរ តាមរយៈការធ្វើកូដកម្ម អត់អាហារ ដើម្បីបំបាក់មុខរដ្ឋាភិបាល ដែលធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអាស៊ាន។
 
តាមក្បួនអុក «ត្រីបក» គឺជាត្រីស្នូលមួយដ៏ខ្លាំង ដែលអាចការពារអង្គ(ស្ដេច)ផង រួមទាំងបង្កការរំខានដល់គូបដិបក្ខ និងអាចប្រើកម្ចាត់សត្រូវផងដែរ។ ហើយបើមាន«ត្រីបក» ក្នុងដៃកាន់តែច្រើន ក្រឡាអុកនេះ ប្រាកដជាមានប្រៀបលើគូប្រកួត ដែលធ្វើឱ្យគូប្រកួតដើរដល់ផ្លូវពិបាក ហើយត្រូវសម្រេចចិត្តប្ដូរ តាមរយៈការយកគ្រាប់អុកសំខាន់ៗដូចជា«គោល សេះ ឬទូក» កម្ចាត់(ស៊ី)ត្រីបក ដ៏រំខាននេះវិញ។ នេះជាអត្ថន័យនៃក្បួនអុក។
 
អត្ថបទទាក់ទង
 

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះអាស៊ាន ឆ្នាំ២០២២។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាចិត្តដឹកនាំអាស៊ាន ឱ្យស្របតាមគោលការណ៍ស្មារតីស្នូល ក្នុងនោះមាន «ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ»។
 
បើតាមសម្ដេច ហ៊ុន សែន កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះអាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដើម្បីភាពសុខដុមរមនា សន្តិភាព និងវិបុលភាពក្នុងតំបន់ទាំងមូល»។ គួរបញ្ជាក់ថា កម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះអាស៊ាន ២លើករួចហើយ កាលពីឆ្នាំ២០០២ និង២០១២៕

Tag:
 ហ៊ុន សែន
  អាស៊ាន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com