ជាតិ
រថយន្ត
ទូតអូស្ត្រាលី និងអង់គ្លេស ចូលរួមពិភាក្សាស្តីពីអនាគតនៃយានយន្តអគ្គិសនីនៅកម្ពុជា
08, Nov 2021 , 8:59 pm        
រូបភាព
ដោយ: រួបរួម
ឯកអគ្គរាជទូតអូស្ត្រាលី និងចក្រភពអង់គ្លេស រួមជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា បានពិភាក្សាគ្នានៅសណ្ឋាគារ Raffles Le Royal ស្តីអំពីអនាគតនៃយានយន្តអគ្គិសនីនៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរួមរបស់ស្ថានទូតទាំងពីរប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៤ ខែវិច្ឆិកា។

 
កិច្ចពិភាក្សា បានផ្តោតទៅលើការពង្រីកទីផ្សារអន្តរជាតិរបស់យានយន្តអគ្គិសនី និងភាពសម្បូរបែបថ្មីនៃយានយន្តអគ្គិសនីមួយចំនួននៅកម្ពុជា មានដូចជា Jaguar I-Pace, Onion (e-tuks tuks) និង Thada (e-moped)។ ភាគីទាំងអស់ ក៏បានលើកឡើងពីផលប្រយោជន៍ និងបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសទៅសេដ្ឋកិច្ច បរិស្ថាន ការដឹកជញ្ជូន ការធ្វើនគរូបនីយកម្ម និងបណ្តាញចែកចាយអគ្គិសនី។


 
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា វិស័យដឹកជញ្ជូនរួមចំណែកជាងពាក់កណ្តាលនៃការប្រើប្រាស់ថាមពលសរុបនៅកម្ពុជាក្នុងឆ្នាំ២០១៨ ដូច្នេះការផ្គត់ផ្គង់អគ្គិសនីដល់វិស័យនេះ ជាជំហានដ៏សំខាន់មួយក្នុងការកាត់បន្ថយការបំភាយកាបូននៅក្នុងប្រទេស។
 
ស្ថានីយ៍សាកថ្ម អាចតម្លើងបាននៅតាមផ្ទះ ការិយាល័យធ្វើការ ឬទីសាធារណៈ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចសាកថ្មរថយន្តបានដោយងាយ។ ទាក់ទងករណីនេះ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានកត់សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធសាកថ្មឆ្លាត អាចជួយឲ្យសង្គមមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៃបណ្តាញចែកចាយអគ្គិសនី។


 
អូស្ត្រាលីជាស្ថាបនិកឧបត្ថម្ភកម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២១ (Clean Energy Week 2021)។ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានឱកាសក្នុងការឈានទៅមុខគេលើការប្រើប្រាស់ថាមពលស្អាត និងយានអគ្គិសនី ដោយប្រើប្រាស់សក្តានុពលនៃថាមពលព្រះអាទិត្យ និងថាមពលខ្យល់នៅក្នុងប្រទេសដែលមានតម្លៃទាប។ 
 
យានយន្តអគ្គិសនីមានលក្ខណៈស្អាត ដោយសារតែវាមិនប្រើឥន្ធនៈ ហើយអាចជួយកាត់បន្ថយការបំពុលខ្យល់ក្នុងទីក្រុង។ ជាមួយគ្នានេះ លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានលើកឡើងពីសារសំខាន់នៃការផ្តល់ថាមពលអគ្គិសនីដល់ការដឹកជញ្ជូន ស្របពេលដែលមេដឹកនាំពិភពលោកជួបជុំគ្នាចរចាលើបញ្ហាអាកាសធាតុអន្តរជាតិនៅកិច្ចប្រជុំ COP26 នាក្រុង Glasgow។
 
 
«ក្នុងអំឡុងពេលដែលយើងកំពុងតែស្តារសេដ្ឋកិច្ចឡើងវិញ យានយន្តអគ្គិសនីអាចជំរុញឲ្យមានការបង្កើតការងារ និងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី។ ខ្ញុំពិតជាមានមោទកភាពដែលបានដឹកនាំយន្តការនេះក្នុងនាមជាឯកអគ្គរាជទូតដំបូងដែលមានយានយន្តអគ្គិសនី»។ លោកស្រីឯកអគ្គរាជទូតអង់គ្លេស បានគូសបញ្ជាក់យ៉ាងដូច្នេះ។
 
បើតាមលោក ស៊ុន ចាន់ថុល ក្រសួងសាធារណការ កំពុងរៀបចំគោលនយោបាយ និងជំនួយសម្រាប់យានយន្តអគ្គិសនី ជាពិសេសហេដ្ឋារចនាសម្ព័ន្ធទាំងមូលនៅក្នុងប្រទេស ដូចជាស្ថានីយ៍សាកថ្ម កន្លែងផ្តល់សេវាកម្ម គ្រឿងបន្លាស់ កម្មករជំនាញ និងកន្លែងបន្សល់ថ្ម ជាដើម៕
 
ប្រភពរូបថត៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា
 

© រក្សាសិទ្ធិដោយ thmeythmey.com