ជាតិ
ត្រឹមថ្ងៃ១២វិច្ឆិកា ក្រុមយុវជនខ្មែរថាវរៈ នឹងចេញអស់ពីពន្ធនាគារ
08, Nov 2021 , 10:29 pm        
រូបភាព
សមាជិក៧នាក់នៃក្រុមយុវជនខ្មែរថាវរៈ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ យុវជន មាន ព្រហ្មមុនី និង យុវជន មួង សុភ័ក្រ្ត ក៏ជាសមាជិកនៃសមាគមនិស្សិតបញ្ញវន្តខ្មែរដែរ។ រូបពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
សមាជិក៧នាក់នៃក្រុមយុវជនខ្មែរថាវរៈ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន។ យុវជន មាន ព្រហ្មមុនី និង យុវជន មួង សុភ័ក្រ្ត ក៏ជាសមាជិកនៃសមាគមនិស្សិតបញ្ញវន្តខ្មែរដែរ។ រូបពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ដោយ: ថ្មីៗ
សមាជិក៤នាក់ទៀតនៃក្រុមខ្មែរថាវរៈ នឹងត្រូវដោះលែងជាបន្តបន្ទាប់នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោកមេធាវី សំ ចំរើន ផ្តល់ព័ត៌មានថា កញ្ញា អេង ម៉ាឡៃ ហៅ សូមេត្តា នឹងចេញពីថ្ងៃទី៨នេះ យុវជន មួង សុភ័ក្រ្ត នឹងចេញនៅថ្ងៃទី១១ ហើយកញ្ញា ឈឿន ដារ៉ាវី និង យុវជន ហ៊ុន វណ្ណៈ នឹងចេញនៅថ្ងៃទី១២។

 
កាលពីថ្ងៃទី៥ ខែវិច្ឆិកា សមាជិកនៃក្រុមយុវជនខ្មែរថាវរៈ៣នាក់ គឺអតីតព្រះសង្ឃ កើត សារ៉ាយ យុវជន មាន ព្រហ្មមុនី និង យុវជន ថា ឡាវី ក៏បានចេញពីពន្ធនាគារដែរ។ លោកមេធាវី សំ ចំរើន មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«យុវជនខ្មែរថាវរៈទំាង៧នាក់ អស់ត្រឹមថ្ងៃ១២វិច្ឆិកាហ្នឹងហើយ»។ 
 
កាលពីថ្ងៃទី៥ ខែវិច្ឆិកា មិនមែនតែសមាជិកនៃក្រុមយុវជនខ្មែរថាវរៈទេ មន្រ្តីមូលដ្ឋាន២នាក់នៃអតីតគណបក្សសង្គ្រោះជាតិ គឺលោក ជុំ ពុទ្ធី និង លោក ឈួ ផេង ក៏បានចេញពីពន្ធនាគារដែរ។ 
 
ការដោះលែងអ្នកទាំងអស់ខាងលើ គឺដោយសារពួកគេ អនុវត្តទោសគ្រប់តាមកាលកំណត់។ ពួកគេទាំងនេះ សុទ្ធតែជាប់ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ពាក់ព័ន្ធនឹងការទាមទារឲ្យដោះលែងលោក រ៉ុង ឈុន មេសហជីព និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា។ ពួកគេ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ និងអ្នកខ្លះ ជាប់ច្រើនជាងនេះតិចតួច។
 
ថ្វីបើក្នុងចំណោមអ្នកខាងលើ ពិសេសយុវជន-យុវតីនៃក្រុមយុវជនខ្មែរថាវរៈ ត្រូវបានដោះលែង ហើយអ្នកផ្សេងទៀត នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះក៏ដោយ តែលោក អំ សំអាត មន្រ្តីការពារសិទ្ធិមនុស្សអង្គការលីកាដូ នៅតែបារម្ភពីពួកគេ។ លោក និយាយដូចរាល់ដងថា ពួកគេ គ្រាន់តែប្រើសិទ្ធិមូលដ្ឋាន ក្នុងការធ្វើកិច្ចការសង្គមប៉ុណ្ណោះ ដោយពុំបានប្រព្រឹត្តអំពើល្មើសច្បាប់ឡើយ។
 
លោក បន្តថា ការចាប់ពួកគេ ដាក់ពន្ធនាគារយ៉ាងដូច្នេះ គឺផ្ទុយនឹងសទ្ធិសញ្ញាអន្តរជាតិនានាផង និងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជាផង។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា មន្រ្តីសង្គមស៊ីវិលរូបនេះ ថ្លែងថា៖«វា ជាការបំភ័យដល់យុវជនដទៃទៀត ដែលចង់ចូលរួមក្នុងកិច្ចការសង្គម»។ 
 
ចំណែកយុវជន៣នាក់នៃក្រុមមាតាធម្មជាតិ គឺ គឺកញ្ញា ឡុង គន្ធា កញ្ញា ភួន កែវ រស្មី និង យុវជន ថុន រដ្ឋា ក៏បានអនុវត្តទោសចប់នៅថ្ងៃទី៥ ខែវិច្ឆិកា ដែរ ក្នុងបទចោទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម តែមិនទាន់ត្រូវបានដោះលែងនោះទេ ដោយសារនៅជាប់បទចោទ១ទៀត គឺបទរួមគំនិតក្បត់ជាតិ។ 
លោក អំ សំអាត លើកឡើងថា ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បានចេញដីកាឃុំអ្នកទាំង៣ជាបណ្តោះអាសន្ន តាំងពីឆ្នាំ២០២០ ដើម្បីបន្តការស៊ើសសួរក្នុងបទចោទរួមគំនិតក្បត់ជាតិ។ 
 
អ្នកទាំង៣ ជាប់ពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសាររៀបចំគម្រោងដង្ហែញត្តិទៅជូននាយករដ្ឋមន្រ្តី ដើម្បីសុំឲ្យបញ្ឈប់ការលុបបឹងតាមោក ហើយជាប់ពីបទរួមគំនិតក្បត់ជាតិ ដោយសារបាននិយាយឆ្លងឆ្លើយជាមួយលោក អាឡិច ជនជាតិអេស្បាញ ជាស្ថាបនិកនៃក្រុមមាតាធម្មជាតិ។ សម្រាប់អាជ្ញាធរ អ្វីដែលពួកគេ និយាយគ្នាក្នុងវីដេអូនោះជាមួយអាឡិច គឺស្ថិតក្នុងអំពើរួមគំនិតក្បត់ជាតិ។ 
 
ដោយឡែក យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៧ឆ្នាំ បានជាប់ពន្ធនាគារគ្រប់តាម កាលកំណត់នៅថ្ងៃទី៥ ខែវិច្ឆិកានេះដែរហើយ តែត្រូវបានអ្នកស្រី ព្រុំ ចាន់ថា ជាម្តាយ អះអាងថា ការដោះលែងសុវណ្ណច្ឆ័យ ត្រូវលើកទៅថ្ងៃទី១០ ខែវិច្ឆិកាវិញ។ អ្នកស្រីទទួលបានដំណឹងពីការពន្យារពេលនេះពីមន្រ្តីពន្ធនាគារ ពេលអ្នកស្រី បានទៅចាំទទួលកូននៅមុខពន្ធនាគារ។ មិនមានមានការបកស្រាយពីពន្ធនាគារ ក៏ដូចជាតុលាការភ្នំពេញនោះទេ ពីការពន្យារពេលដោះលែងយុវជនជាអនីតិជនរូបនេះ។
 
សុវណ្ណច្ឆ័យ ត្រូវចោទពីបទប្រមាថមន្រ្តីរាជសាធារណៈ និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម ដោយសារ បាននិយាយឆ្លើយឆ្លងជាមួយអ្នកផ្សេងទៀត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ហើយត្រូវសមត្ថកិច្ច ចាប់បានការឆ្លើយឆ្លងនោះ ដោយពិនិត្យឃើញថា សម្តីរបស់សុវណ្ណច្ឆ័យ មានលក្ខលៈប្រមាថមន្រ្តីរាជការសាធារណៈ និងបង្កឲ្យមានភាពវឹកវរដល់សង្គម។ សុវណ្ណច្ឆ័យ ត្រូវចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៤ខែ១៥ថ្ងៃ។
 
ការចាប់ក្រុមយុវជន-យុវតីខាងលើ ដាក់ពន្ធនាគារ ធ្វើឲ្យរដ្ឋាភិបាលកម្ពុជា រងការរិះគន់ពីអង្គការអន្តរជាតិជាហូរហែ ដ្បិតពួកគេ យល់ថា យុវជន-យុវតីទាំងនោះ គ្រាន់តែចូលរួមធ្វើការងារដើម្បីសង្គម និងបរិស្ថានប៉ុណ្ណោះ។ តែរដ្ឋាភិបាល បកស្រាយថា យុវជន-យុវតីទាំងនោះ ធ្វើអំពើល្មើសច្បាប់ ដែលត្រូវតែចាត់វិធានការតាមច្បាប់៕ 

© រក្សាសិទ្ធិដោយ thmeythmey.com