ជាតិ
សង្គមជាតិ
ក្រសួងដែនដី បានដោះស្រាយវិវាទដីធ្លី​ជាង១ម៉ឺនករណី និងកំពុងដោះស្រាយជាង៣ពាន់ករណី​
09, Nov 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា កន្លងមក ក្រសួងបានដោះស្រាយ​វិវាទដីធ្លីដែលកើតមានឡើងទូទាំងប្រទេស ចំនួន​​​​១​០ ៦៣៤ករណី។ ទន្ទឹមនឹងនេះ ក្រុមការងារជំនាញ ក៏កំពុងបន្តដោះស្រាយវិវាទ ជាង៣ពាន់ករណីទៀតផងដែរ។ ថ្លែងក្នុងសុន្ទរកថា​ នាពិធីសម្ពោធអគារក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ក្រៅពីប្តេជ្ញាពន្លឿនការងារដោះស្រាយវិវាទដីធ្លី លោករដ្ឋមន្ត្រីក្រសួងដែនដី ក៏អះអាងពីការពន្លឿនការងារចុះបញ្ជីដីធ្លីជូនដល់ពលរដ្ឋ ឱ្យបានន១០០ភាគរយ នៅត្រឹមឆ្នាំ២០៣០ផងដែរ

 
ក្រសួងដែនដី បានដោះស្រាយរួចរាល់វិវាទដីធ្លីទូទាំងប្រទេស ចំនួន​​​​១​០ ៦៣៤ករណី ​ខណៈក្រុមការងារកំពុងបន្តដោះស្រាយវិវាទ ដែលនៅសេសសល់ចំនួន ៣ ១៤៨ករណីទៀត។  លោក ជា សុផារ៉ា រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ដូច្នេះ ក្នុងសុន្ទរកថាខ្លួន នាពិធីសម្ពោធអគារក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៨ ខែវិច្ឆិកា។
 
​លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា មកទល់ពេលនេះ ក្រសួងបានចេញបណ្ណកម្មសិទ្ធិឲ្យពលរដ្ឋ ជាង៦លាន៣សែនបណ្ណ ដែលស្មើនឹងជាង៩០ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានសរុប ៧លានក្បាលដី។ លើសពីនេះ លោក ជា សុផារ៉ា ក៏ ប្តេជ្ញា​ពន្លឿនការងារវាស់វែង និងចុះបញ្ជីដីធ្លីជូន​ពលរដ្ឋ ឱ្យបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០២៣។  ការប្តេជ្ញានេះធ្វើឡើងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារក្រសួងដែនដី នាថ្ងៃទី៨ ខែវិច្ឆិកា។
 


«បន្តខិតខំចុះបញ្ជីដីធ្លី ឱ្យបាន១០០ភាគរយ នៅឆ្នាំ២០២៣។ ធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរដ្ឋាភិបាល ជូនប្រជាពលរដ្ឋសម្រាប់រស់នៅ ដាំចុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ បង្កើនប្រាក់ចំណូល រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម»។ នេះបើតាមប្រសាសន៍របស់លោក ជា សុផារ៉ា ដោយរដ្ឋមន្ត្រីរូបនេះ បន្តបញ្ជាក់ថា កិច្ចខំប្រឹងប្រែងចុះបញ្ជីដីធ្លី គឺដើម្បីធានាសុវត្ថិភាពលើសិទ្ធិកាន់កាប់ដីធ្លីរបស់ពលរដ្ឋ ក៏ដូចជាសម្រាប់ការរស់នៅ ដាំដុះ បង្កើតមុខរបរ និងវិនិយោគជាដើម។
 
ដើម្បី​ពន្លឿនការងារវាស់វែង និងចុះបញ្ជីដីធ្លីនេះ ​លោករដ្ឋមន្រី្តក្រសួងដែនដី ក្រសួងបានបង្កើតស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ចំនួន៦០ស្ថានីយ៍ ក្នុងរាធានី-ខេត្តទាំង២៥។ ដើម្បីពន្លឿន និងពង្រឹងការងារវាស់វែង និងចុះបញ្ជីដីធ្លី ឱ្យសម្រេចបានតាមផែនការ។ នេះបើតាមលោក ជា សុផារ៉ា។
ជុំវិញបញ្ហានេះ លោក សេង ឡូត អ្នកនាំពាក្យរបស់ក្រសួងអះអាងថា បញ្ហាដីធ្លីដែលនៅសេសសល់នឹងត្រូវដោះស្រាយនាពេលមុននេះ ពោលគឺស្របពេលគ្នានឹងការចុះបញ្ជីជូនពលរដ្ឋរួចនៅឆ្នាំ២០២៣។ 
 
​ពាក់ព័ន្ធនឹងការដោះស្រាយវិវាទដីធ្លីវិញ អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា វិវាទដីធ្លីថ្មីមិនសូវកើតមានឡើយ។ លោកបញ្ជាក់ថា ក្រុមការងារ ជំនាញកំពុងដោះស្រាយជាបន្តបន្ទាប់ ពិសេសវិវាទចាស់ៗ។ លោក សេង ឡូត ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី៩ វិច្ឆិកា៖«វិវាទដីធ្លី មានចំនួននៅសល់តិចតួច ដែលនឹងដោះស្រាយបញ្ចប់។ មិនយូរទេ អាចនៅពេលយើងចុះបញ្ជីដីធ្លីគ្រប់ទាំងអស់១០០ភាគរយហើយ វាស្ទើរនឹងលែងកើតមានវិវាទដីធ្លីទៀតហើយ»។ ​ 
 
ក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដីនោះដែរ សម្ដេច ហ៊ុន សែន នាយរដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបញ្ហាដីធ្លីពលរដ្ឋក្រៅប្រព័ន្ធតុលាការ ដោយសុចរិតភាពផងដែរ។ សម្ដេច ថ្លែងយ៉ាងដូច្នេះថា៖ «ខិតខំដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធតុលាការ ហើយត្រូវមានសុចរិតភាព បើមានសុចរិតភាពយើងនឹងអាចដោះស្រាយបញ្ហាបាន»។
 
ចំពោះដីសម្បទានសង្គមកិច្ចវិញ សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យរដ្ឋមន្រ្តីដែនដី យកចិត្តទុកដាក់លើកិច្ចការនេះ ព្រោះដីសម្បទាន វាផ្ដល់ប្រយោជន៍ដល់ពលរដ្ឋក្រីក្រ៕
 

Tag:
 វិវាទដីធ្លី
  បញ្ជីដីធ្លី
 ជា សុផារ៉ា
 ក្រសួងដែនដី
© រក្សាសិទ្ធិដោយ thmeythmey.com