ជាតិ
ស្ករត្នោតកំពង់ស្ពឺ មានតម្លៃខ្ពស់ជាងមុន តែផ្គត់ផ្គង់មិនទាន់តម្រូវការទីផ្សារបរទេស
11, Nov 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ វិបត្តិកូវីដ-១៩ ធ្វើឱ្យផលិតផលកសិកម្មជាច្រើន ធ្លាក់ចុះ និងខ្លះខ្វះទីផ្សារនាំចេញ។ ដោយឡែកក្នុងអំឡុងកូវីដ-១៩នេះ  ស្ករត្នោតកំពង់ស្ពឺ កាន់តែទទួលការបញ្ជាទិញច្រើនពីបរទេស  និងមានតម្លៃខ្ពស់ជាងមុន។ លោក សំ សាវឿន ប្រធានសហគមន៍ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ក្នុងមួយឆ្នាំ កសិករក្នុងសហគមន៍ អាចផលិតស្ករត្នោត ប្រមាណពី៦០ ទៅ ៧០តោន  ដែលចំនួននេះ មិនទាន់អាចផ្គត់ផ្គង់ តម្រូវការទីផ្សារនោះឡើយ។

 
 
លោក សំ សាវឿន ប្រធានសហគមន៍ស្ករត្នោតខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗ២៥ ក្នុងអំឡុងពេលនេះ ស្ករត្នោតកំពង់ស្ពឺបានពង្រីកទីផ្សារដល់ប្រទេសចិន ឥណ្ឌា រុស្សី និងបណ្ដា​ប្រទេសនៅអាស៊ានមួយចំនួន ខណៈកាលមុនផ្គត់ផ្គង់នៅតំបន់អ៊ឺរ៉ុបប៉ុណ្ណោះ។ បើតាមប្រធានសហគមន៍ស្ករត្នោតកំពង់ស្ពឺរូបនេះ កំណើននៃការបញ្ជាទិញពីបរទេស ធ្វើឱ្យសហគមន៍លោក មិនអាចផលិតគ្រប់តម្រូវការឡើយ ដោយសារកង្វះកម្លាំងពលកម្ម។ លោក សាវឿន បន្តថា បច្ចុប្បន្ន​សមាគមន៍ មានសមាជិកប្រមាណ១៥០គ្រួសារ ខណៈ លោកចង់បង្កើនសមាជិកឲ្យច្រើនជាងនេះ ដើម្បីបំពេញតម្រូវការទីផ្សារស្ករត្នោតអន្តរជាតិ។ 
 
លោក សំ សាវឿន អះអាងថា កាលពី២ ឬ៣ឆ្នាំកន្លងទៅ ស្ករត្នោត លក់បានតម្លៃត្រឹមតែ៦០០០រៀលក្នុង១គីឡូប៉ុណ្ណោះ ហើយក្នុងឆ្នាំ២០២០ មានតម្លៃ ៦៨០០រៀល និងឆ្នាំនេះ តម្លៃស្ករត្នោតកំពង់ស្ពឺ ឡើងដល់តម្លៃ ៧០០០រៀលក្នុងមួយគីឡូក្រាម។ «តម្លៃឆ្នាំនេះកសិករទទួលបាន ៧០០០រៀលក្នុង១គីឡូ ពីក្រុមហ៊ុន។ ពួកគាត់(កសិករ) សប្បាយចិត្ត នឹងចង់ឱ្យឡើងបន្តិចទៀតដែរ តែខ្ញុំថាមិនអាចឡើងបានទេ ដោយសារយើងជជែកគ្នាពីតម្លៃជាមួយក្រុមហ៊ុន១ឆ្នាំម្ដង»។ នេះជាការបញ្ជាក់របស់លោក សំរឿន។ 
 


លោក សំ សារឿន បានបង្ហាញពីក្ដីរំភើប ដែលតម្លៃស្ករត្នោតកំពង់ស្ពឺ មានតម្លៃកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនោះអាចជួយឱ្យស្ករត្នោតកម្ពុជា មានទីផ្សារនាំចេញទៅក្រៅប្រទេស។​ 
គួរជម្រាបថា ស្ករត្នោតកំពង់ស្ពឺត្រូវ បាន​រដ្ឋាភិបាល​ដាក់​ជា​ផលិត​សម្គាល់​ភូមិសាស្ត្រ កាលពី​ឆ្នាំ​២០១០ និងនៅឆ្នាំ២០១៩ សហភាព​អឺរ៉ុប​ដាក់​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ។ 
 
ថ្មីៗនេះខេត្តកំពង់ស្ពឺ បានសង់រូបសំណាកផ្លែត្នោតមួយកន្លែងនៅក្បែរវត្តថ្មី ជាប់នឹងគល់ស្ពានឆ្លងស្ទឹងព្រែកត្នោត ដែលស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន ដើម្បីបង្ហាញពីសក្ដានុពលស្ករត្នោតរបស់កំពង់ស្ពឺ។ 
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ត្នោត គឺជាដើមឈើតំណាងឲ្យភូមិសាស្រ្តខេត្តកំពង់ស្ពឺ ហើយការសាងសង់រូបសំណាកនេះ គឺចង់បង្ហាញពីសក្ដានុពលរបស់ សហគមន៍ស្ករត្នោតកំពង់ស្ពឺ និងអត្ថប្រយោជន៍ជាច្រើនទៀតរបស់ត្នោត។ លោក បន្តថា បច្ចុប្បន្ន ស្ករត្នោត ក្លាយជាផ្នែកមួយជួយដល់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ៕ 

Tag:
 កសិកម្ម
 ស្ករត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com