ជាតិ
សេដ្ឋកិច្ច
លោក វេង សាខុន៖ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលលើវិស័យកសិកម្មកម្ពុជា
11, Nov 2021 , 7:59 am        
រូបភាព
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម
ដោយ៖ ហ៊ន ថូវ៉ាន
 
ភ្នំពេញ៖ បម្រែបម្រួលអាកាសធាតុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា។ នេះជាការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួង រុក្ខាប្រមាញ់ និងនេសាទ ដោយបានបញ្ជាក់ថា ឥទ្ធិពលពីការប្រែប្រួលអាកាសធាតុនោះ កំពុងប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់របស់ពលរដ្ឋនៅជនបទ។

 
 
វិស័យកសិកម្មកម្ពុជា បានវិវឌ្ឍយ៉ាងឆាប់រហ័សចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០មក ដោយបានចូលរួមចំណែកយ៉ាងសំខាន់ដល់ផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណជា ៣០ភាគរយ និងស្រូបយកកម្លាំងពលកម្មក្នុងស្រុកប្រហែល៦០ភាគរយមុនវិបត្តិកូវីដ-១៩។ បើតាមលោក វេង សាខុន កត្តាវិជ្ជមានទាំងអស់នេះ បណ្តាលមកពីការពង្រីកដីកសិកម្មទាំងនៅតំបន់ទំនាប និងតំបន់ខ្ពង់រាប និងការកើនឡើងនៃផលិតភាពផលិតកម្មដោយសារការកើនឡើងនៃការប្រើគ្រឿងយន្តកសិកម្ម ប្រព័ន្ធធារាសាស្រ្ត ធាតុចូលកសិកម្មដូចជាពូជសត្វ ពូជដំណាំ និងបន្លែគ្រប់ប្រភេទ ជីគីមី និងថ្នាំសម្លាប់សត្វល្អិត ជាដើម។ ប៉ុន្តែភាពរីកចម្រើននៃវិស័យកសិកម្មរបស់កម្ពុជានេះ ក៏កំពុងរងការគំរាមគំហែងយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុជាសកល ផងដែរ។ 
 
ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់តាមប្រព័ន្ធ Zoom ស្តីពីដំណើរផ្លាស់ប្តូរកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារប្រកបដោយសុវត្ថិភាព ដើម្បីភាពបៃតង ភាពរឹងមាំ និងការងើបឡើងវិញ ប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ាន កាលពីថ្ងៃទី៨វិច្ឆិកា លោក វេង សាខុន បានបញ្ជាក់ថា៖ «ជារួម និងមិនអាចចៀសវាងបាន ការប្រែប្រួលអាកាសធាតុបាន ជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា ដែលប៉ះពាល់ដល់សន្តិសុខស្បៀង និងជីវភាពរស់របស់ប្រជាពលរដ្ឋនៅជនបទ»។ 
 
នាអនាគតសម្រាប់រយៈពេល២០២៥ - ២០៥០ តំបន់កសិកម្មភាគច្រើននៃប្រទេសកម្ពុជាអាចបន្តជួបនឹងហានិភ័យដោយគ្រោះរាំងស្ងួត ហើយនៅក្រោមសេណារីយ៉ូនៃការបំភាយឧស្ម័នខ្ពស់ (SREAS-A2) ទិន្នផលកសិកម្មនឹងរងផលប៉ះពាល់ផងដែរ។ នេះជាការលើកឡើងរបស់លោក វេង សាខុន ដោយបាន និយាយដូច្នេះ៖ «ជាក់ស្តែងផលប៉ះពាល់លើវិស័យកសិកម្មបណ្តាលមកពីគ្រោះមហន្តរាយ ដោយទឹកជំនន់មានប្រមាណ៦២ភាគរយ និងគ្រោះរាំងស្ងួត ៣៦ភាគរយ ជាពិសេសកសិករខ្នាតតូចងាយរងគ្រោះ ដោយសារការពឹងផ្អែកលើទឹកភ្លៀង និងការមិនអាចផ្លាស់ប្តូរមុខដំណាំឲ្យស្របទៅតាមបម្រែបម្រួលអាកាសធាតុជាសកល»។
 
កំណើននៃប្រជាជននៅកម្ពុជាពីមួយឆ្នាំទៅមួយ បានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីគម្របព្រៃឈើទៅជាដីកសិកម្ម និងការបង្វែរកសិកម្មបែបប្រពៃណីទៅជាកសិកម្មប្រពលវប្បកម្មឬប្រព័ន្ធកសិកម្មចម្រុះ ព្រមទាំងកំណើនតម្រូវការកសិផលនៅលើទីផ្សារក្នុងនិងក្រៅប្រទេស បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើគម្របព្រៃឈើ ជីវចម្រុះ ការសឹករេចរិល និងការបាត់បង់គុណភាពដី។  លោក វេង សាខុន បានលើកឡើងថា  ប្រសិនបើគ្មានអន្តរាគមន៍បន្ទាន់ ច្បាស់លាស់ពិតប្រាកដណាមួយដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនេះទេ ការប្រែប្រួលអាកាសធាតុនឹងបន្តឥទ្ធិពលយ៉ាងខ្លាំងតាមរយៈការថយចុះនៃទឹកភ្លៀង គ្រោះរាំងស្ងួត ការកើនឡើងកម្តៅ ការហូរច្រោះដី ទឹកជំនន់ និងការរអិលបាក់ដី ដែលជាហេតុចំបងប៉ះពាល់ដល់ទិន្នផលកសិកម្មជាប្រាកដ។ 
 
បើតាមរដ្ឋមន្ត្រីកសិកម្មរូបនេះ ដើម្បីបន្ស៊ាំនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការស្ដារគុណភាពដី ការអភិរក្សប្រភពទឹក ព្រៃឈើធម្មជាតិ គឺជាតម្រូវការចាំបាច់បំផុត ក្នុងការជំរុញនិរន្តរភាពកសិកម្មកម្ពុជា។  ការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយភាពច្នៃប្រឌិត អភិរក្ស ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ឆ្លាតវៃ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមទាំងនេះ និងស្របតាមចក្ខុវិស័យអាស៊ាន និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យឆ្នាំ២០១៦-២០២៥របស់រដ្ឋាភិបាល ក្នុងការចូលរួមលើកកម្ពស់ផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងធានាសន្តិសុខស្បៀង។ 
 
លោក វេង សាខុន បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនេះ ក្រសួងកសិកម្មកំពុងខិតខំ លើកកម្ពស់ផលិតភាពកសិកម្ម ការធ្វើពិពិធកម្មប្រកបដោយនិរន្តរភាពទំនើបភាវូបនីយកម្ម និងពាណិជ្ជកម្ម តាមរយៈការបង្កើនផលិតកម្មដំណាំ ព្រៃឈើ និងនិរន្តរភាពប្រព័ន្ធអេកូឡូស៊ី ដែលកំពុងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕ 
 

Tag:
 កសិកម្ម
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com