កីឡាជាតិ
ជាតិ
លោក ហ៊ឹម ខេមរា៖ យើងសង្ឃឹមខ្ពស់លើកីឡាការិនីប៉េតង់ ព្រោះនៅតំបន់អឺរ៉ុប មិនសូវមាននារីខ្លាំងជាងកម្ពុជាទេ
11, Nov 2021 , 10:54 am        
រូបភាព
ដោយ៖ គឹម មករា

ភ្នំពេញ៖ កីឡាការិនីប៉េតង់កម្ពុជា ៤រូប បានទៅដល់ប្រទេសអេស្ប៉ាញ ដើម្បីចូលប្រកួតជើងឯកពិភពលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។ មន្ត្រីសហព័ន្ធកីឡាប៊ូល និងប៉េតុងកម្ពុជា សង្ឃឹមខ្ពស់លើកីឡាការិនីប៉េតង់ ដោយសារនៅតំបន់អឺរ៉ុប មិនសូវមាននារីខ្លាំងជាងកម្ពុជា។



មន្ត្រីសហព័ន្ធកីឡាប៊ូល និងប៉េតុងកម្ពុជា លោក ហ៊ឹម ខេមរា បាននិយាយថា ក្នុងបរិបទកូវីដ-១៩នេះ កីឡាការិនីប៉េតង់កម្ពុជា មិនសូវមានពេលហ្វឹកហាត់គ្រប់គ្រាន់ឡើយ ពោលគឺទើបតែ៤ខែចុងក្រោយនេះ ដែលមានឱកាសហាត់ ប៉ុន្តែក៏មិនបានពេញលេញ១០០ភាគរយដែរ ខណៈកីឡាករ និងកីឡាការិនីនៅអឺរ៉ុប ដូចជា ប្រទេសបារាំង កាណាដា និងអេស្ប៉ាញ ជាដើម បានហ្វឹកហាត់ពង្រឹងសមត្ថភាពច្រើនជាងកម្ពុជា។
 
តែយ៉ាងណាលោក ហ៊ឹម ខេមរា នៅតែសង្ឃឹមលើកីឡាការិនីកម្ពុជា ដោយសារនៅតំបន់អឺរ៉ុប មិនសូវមាននារីខ្លាំងជាងកម្ពុជាឡើយ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មន្ត្រីសហព័ន្ធកីឡាប៊ូល និងប៉េតុងកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«យើងគឺមានសង្ឃឹមខ្ពស់ ជាពិសេសផ្នែកនារី ពីព្រោះនៅតំបន់អឺរ៉ុបនោះ ផ្នែកនារីមិនសូវជាលើកម្ពុជាយើងទេ ។ ជាក់ស្ដែង ផ្នែកនារី ដែលខ្លាំងនោះគឺ នៅខាងផ្នែកអាស៊ីយើង ដូចជាថៃ ឡាវ ។ ហើយប្រទេសទាំងនេះ យើងក៏ធ្លាប់យកជ័យជំនះលើផងដែរ តែដោយសារបញ្ហាកូវីដ-១៩នេះ សមត្ថភាពយើងក៏រាងស្ដួចស្ដើងដែរ បន្ដែយើងនៅតែសង្ឃឹមថា កីឡាការិនីយើង នឹងអាចយកមេដាយណាមួយត្រឡប់មកប្រទេសយើងផងដែរ»។
 
កីឡាការិនីឆ្នើមទាំងបួនរូប ដែលកម្ពុជាបញ្ជូនទៅប្រកួតប្រជែងយកជើងឯកពិភពលោក នៅទីក្រុង Santa Susanna នៃប្រទេសអេស្ប៉ាញ នៅថ្ងៃទី១២-១៤ ខែវិច្ឆិកា ឆ្នាំ២០២១ រួមមាន អ៊ុក ស្រីមុំ ជាម្ចាស់មេដាយមាស១ និងមេដាយសំរឹទ្ធ ៣គ្រឿង, អ៊ុន ស្រីយ៉ា ម្ចាស់មេដាយសំរឹទ្ធ ៣គ្រឿង, ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយប្រាក់១ និងមេដាយសំរឹទ្ធ១ និងកីឡាការិនី ឃួន យ៉ារី មិនធ្លាប់ឈ្នះមេដាយកម្រិតពិភពលោកនេះទេ។
 
ក្រៅពីកីឡាការិនីនេះ កម្ពុជា ក៏នឹងបានបញ្ជូនកីឡាករប៉េតង់ ទៅប្រកួតផ្នែកបុរស នៅប្រទេសអេស្ប៉ាញដែរចាប់ពីថ្ងៃទី១៩-២១ ខែវិច្ឆិកា ឆ្នាំ២០២១។ ចំពោះផ្នែកបុរសនេះ វាហាក់ដូចជាពិបាកបន្តិចសម្រាប់កីឡាករកម្ពុជា។
 
លោក ហ៊ឹម ខេមរា មន្ត្រីសហព័ន្ធកីឡាប៊ូល និងប៉េតុងកម្ពុជា បានបន្ថែមថា៖«ចំណែកខាងបុរសវិញ គឺពិតជាមានការពិបាកខ្លាំង ដោយសារតែខាងបុរសនៅអឺរ៉ុបសម្បូរអ្នកខ្លាំង ដូចជាខាង បារាំង និងម៉ាដាហ្គាស្កា តែយើងនៅតែមានក្ដីសង្ឃឹមថា កីឡាករកម្ពុជាយើងធ្វើបានល្អ »។
 
កីឡាករ ៤រូប ដែលត្រៀមទៅប្រកួតនៅទឹកដី អេស្ប៉ាញ រួមមាន៖ សុខ ចាន់មាន ម្ចាស់មេដាយមាស១៣ មេដាយប្រាក់១៥ និងមេដាយសំរឹទ្ធិ៦, ថោង ឈឿន ម្ចាស់មេដាយប្រាក់២ និងមេដាយសំរឹទ្ធិ៣,  ញ៉ែម បូរ៉ា ម្ចាស់មេដាយប្រាក់១ និងសំរឹទ្ធិ១ ហើយកីឡាករ ស៊ីង វង់ ។ មេដាយកីឡាករទាំងនេះ សម្រេចបាននៅក្នុងកម្មវិធីប្រកួតផ្សេងៗគ្នា នៃជើងឯកពិភពលោក , ជើង​ឯកអាស៊ី និងស៊ីហ្គេមជាដើម។
 
សូមបញ្ជាក់ថា ការប្រកួតយកជើងឯកពិភពលោក លើវិញ្ញាសារ៣ផ្សេងគ្នា ក្នុងនោះ ការប្រកួតយកជើងឯកពិភពលោកផ្នែកនារី ,ការប្រកួតជើងឯកពិភពលោកផ្នែកបុរស និងការប្រកួតជើងឯកពិភពលោកផ្នែកយុវជន ។ ប៉ុន្តែផ្នែកយុវជននេះ កម្ពុជាមិនបានបញ្ជូនកីឡាករ-កីឡាការិនីទៅចូលរួមនោះទេ ដោយសារពួកគេ មិនបានហ្វឹកហាត់លើទីលានត្រឹមត្រូវ ពោលគឺហាត់នៅតាមប្រព័ន្ធ Zoom ប៉ុណ្ណោះ ដែលមិនទាន់អាចប្រាកដលើសមត្ថភាព៕

Tag:
 ហ៊ឹម ខេមរា
  ប៉េតង់
  កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com