ជាតិ
អតីតតារាភាពយន្តទសវត្សរ៍ ៦០ លោកស្រី កែវ មន្ថា ទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ
11, Nov 2021 , 2:42 pm        
រូបភាព
ភ្នំពេញ៖ លោកស្រី កែវ មន្ថា អតីតតារាភាពយន្ត និងជាតារាចម្រៀង តាំងពីក្នុងទសវត្សរ៍ឆ្នាំ៦០ បានទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់អ្នកស្រី ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១២ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។


 
បើតាមចៅស្រីបង្កើតរបស់លោកស្រី កែវ មន្ថា គឺកញ្ញា ស៊ូ ស៊ីរីកា ដែលជាតារាចម្រៀងមួយរូបផងដែរនោះ បានប្រាប់សារព័ត៌មានថ្មីៗថា សពជីដូនរបស់កញ្ញា នឹងត្រូវបូជានៅថ្ងៃសៅរ៍។ ចំណែកម៉ោងនិងពេលវេលាជាក់លាក់ណាមួយ នៅរង់ចាំកូនប្រុសរបស់អ្នកស្រី កែវ មន្ថា ត្រឡប់មកពីអាមេរិក ដើម្បីសម្រេច។
 
«យើងមិនទាន់ដឹងថានឹងបូជាលោកយាយ នៅពេលព្រឹក ឬល្ងាច ឬនៅម៉ោងប៉ុន្មានទេ ព្រោះយើងនៅចាំលោកពូ ដែលត្រូវជាកូនប្រុសរបស់លោកយាយ មកពីអាមេរិក ដើម្បីពិភាក្សាគ្នា ហើយសម្រេច។ ពូនឹងមកដល់កម្ពុជានៅល្ងាចនេះ»។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ស៊ូ ស៊ីរីកា ត្រូវជាចៅស្រីរបស់លោកស្រី កែវ មន្ថា។
 
បើតាមកញ្ញា ស៊ូ ស៊ីរីកា លោកស្រី កែវ មន្ថា មានកូនចំនួន៧នាក់ ប៉ុន្តែបានស្លាប់ម្នាក់។ លោកស្រី កែវ មន្ថា ក៏មានកូនភ្លោះផងដែរ។ ក្នុងចំណោម កូន ចៅ និងចៅទួតជាច្រើនរូប មានតែចៅស្រីតែម្នាក់គត់ គឺកញ្ញា ស៊ូ ស៊ីរីកា ដែលមានឧបនិស្ស័យខាងសិល្បៈ និងបានស្នងមរតកសិល្បៈពីជីដូន។
 
បើតាមការផ្សាយរបស់ក្រុមព្រះសុរិយាដដែល លោកស្រី កែវ មន្ថា កើតនៅឆ្នាំ១៩៤៤ ក្នុងរាជធានីភ្នំពេញ ដែលមានឪពុកជាសិល្បករអាយ៉ៃដ៏ល្បីមួយរូប។ អ្នកស្រីបានចូលប្រឡូកក្នុងវិស័យសិល្បៈភាពយន្តខ្មែរ តាំងពីដើមឆ្នាំ១៩៦០ ក្នុងអាយុ១៦ឆ្នាំ តាមរយៈភាពយន្តដំបូងរឿង “ស្បៃក្រហម”។
 
ក្នុងមហោស្រពភាពយន្តក្រុងកែប នាឆ្នាំ១៩៦៤ តារាភាពយន្ត កែវ មន្ថា បានទទួលពានរង្វាន់អប្សរាមាស ជាតារាឯកស្រីលំដាប់កំពូលនៃកម្ពុជា តាមរយៈខ្សែភាពយន្តលំដាប់ថ្នាក់ជាតិ គឺរឿង “សង្សារឧត្តមដួងចិត្ត” ក្រោមព្រះរាជប្រទានដោយផ្ទាល់ នៃព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
 
ក្នុងវិស័យចម្រៀងវិញ បន្ទាប់ពីបទ “ខ្យល់កំពូលភ្នំ” ដែលលោកស្រីបានច្រៀង ដើម្បីដាក់បញ្ចូលក្នុងខ្សែភាពយន្ត “សង្សារឧត្តមដួងចិត្ត” ក៏មានអ្នកនិពន្ធល្បីៗជាច្រើនរូប ដូចជាលោក យ៉ង់ ឈៀង លោក គឹម សំអែល លោក វ៉ោយ ហូរ បានយកចម្រៀងមួយចំនួន ទៅឱ្យលោកស្រីច្រៀង ដើម្បីដាក់បញ្ចូលក្នុងខ្សែភាពយន្ត និងចេញផ្សាយតាមវិទ្យុ។ បទខ្លះរបស់លោកស្រី ក៏បានចេញលក់ជាថាសផងដែរ ដូចជាបទ “ប្រហារដួងចិត្ត” សរសៃទឹកភ្នែក” “ឱបអូនមក” “ថើបមកចុះ” “គេហើយបង” “គូជីវិត” “ម្ចាស់ចិត្តស្នេហ៍” “មិនយកទេប្ដីចាស់” និងបទ “មួលភ្លៅ” ជាដើម៕

Tag:
 សិល្បៈ
  ភាពយន្ត
  តារាសម្ដែង
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com