ជាតិ
បាក់ឌុបឆ្នាំនេះ មានបេក្ខជនជាង​១១ម៉ឺននាក់ និងមណ្ឌលប្រឡងជាង២០០
11, Nov 2021 , 6:59 pm        
រូបភាព
បេក្ខជនជាង ១១ម៉ឺននាក់ នឹងចូលរួមប្រឡងបាក់ឌុបឆ្នាំ២០២១នេះ ក្នុងនោះជាង ៦ម៉ឺននាក់ជានារី។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ខណៈដែលមណ្ឌលប្រឡង ប្រឡងបាក់ឌុបឆ្នាំនេះ មានចំនួន ២០៤មណ្ឌល ក្នុងនោះថ្នាក់សង្គមមានចំនួន១៣១មណ្ឌល ច្រើនជាងមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រជិតពាក់កណ្តាល ខណៈដែលថ្នាក់នេះ មានតែ៧៣មណ្ឌលប៉ុណ្ណោះ។

 
មណ្ឌលប្រឡង​ប្រឡងបាក់ឌុបឆ្នាំ២០២១នេះ មានចំនួន២០៤មណ្ឌល ចែកចេញជា៤ ៦​៥​១ បន្ទប់។ ​បើយោងតាមការប្រកាសរបស់ក្រសួងអប់រំ ចុះថ្ងៃទី១០ ខែវិច្ឆិកា ក្នុងចំណោមមណ្ឌលប្រឡងសរុប មណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួនតែ៧៣មណ្ឌលប៉ុណ្ណោះ ពោលគឺតិចជាងថ្នាក់សង្គមជិតពាក់កណ្តាល។ ថ្នាក់សង្គម មានចំនួន ១៣១មណ្ឌលប្រឡងនៅទូទាំងប្រទេស។ 
 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានចំនួន ១១៥ ១៣៩នាក់ ក្នុងនោះសិស្សស្រីមានចំនួន ៦០ ៦៦១នាក់។  បើទោះជាកាលបរិច្ឆេទប្រឡងត្រូវបានលើកទៅដល់ថ្ងៃទី២៧ ខែធ្នូ ចុងឆ្នាំ២០២១ក្តី ប៉ុន្តែអ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា ការប្រឡង នឹងនៅតែបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានដដែល ហើយក៏នឹងស្របទៅតាមវិធានការសុវត្ថិភាពសុខភាពផងដែរ។
 
យោងតាមសេចក្តីប្រកាសដដែល រាជធានីភ្នំពេញ មានចំនួន​មណ្ឌលប្រឡងច្រើនជាងគេ គឺចំនួន ២៨មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ និងសង្គម មាន១៤មណ្ឌលប្រឡងដូចគ្នា។ បន្ទាប់មកទៀតគឺខេត្តកណ្តាល ដែលមាន​មណ្ឌលប្រឡងចំនួន១៨ ក្នុងនោះ​ ១៣មណ្ឌលសម្រាប់ថ្នាក់សង្គម។ ខេត្តតាកែវ មាន១៧មណ្ឌលប្រឡង ក្នុងនោះ​ថ្នាក់សង្គម មាន១១មណ្ឌល​។
 
ចំណែកឯខេត្តព្រៃវែង មាន១៣មណ្ឌលប្រឡង ក្នុងនោះថ្នាក់សង្គមមានមណ្ឌលប្រឡងចំនួន១០ ខណៈ​ខេត្តកំពង់ចាម និងសៀមរាប មាន១២មណ្ឌលប្រឡងដូចគ្នា ហើយខេត្តកំពង់ស្ពឺ មាន១១មណ្ឌលប្រឡង។
 
សម្រាប់ខេត្តកំពង់ធំ កំពត និងបាត់ដំបង មាន១០មណ្ឌលប្រឡងរៀងខ្លួន ខណៈខេត្តត្បូងឃ្មុំ មាន៩មណ្ឌល​ខេត្តកំពង់ឆ្នាំង មាន៨មណ្ឌល។ ខេត្តបន្ទាយមានជ័យ និងស្វាយរៀងមាន៧មណ្ឌលប្រឡងដូចគ្នា។
 
ខេត្តពោធិ៍សាត់ និងព្រះសីហនុ មាន៥មណ្ឌលប្រឡងដូចគ្នាដែរ។ រីឯខេត្តក្រចេះ មាន៤មណ្ឌលប្រឡង ​ខណៈខេត្តព្រះវិហារ និងឧត្តរមានជ័យមាន ៣មណ្ឌលប្រឡងរៀងខ្លួន។ ដោយឡែក​​ខេត្តកែប កោះកុង ប៉ៃលិន ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី សុទ្ធតែមាន២មណ្ឌលប្រឡងដូចគ្នា ក្នុងនោះ១មណ្ឌលសម្រាប់ថ្នាក់សង្គម និង ១មណ្ឌលទៀតសម្រាប់វិទ្យាសាស្ត្រ។
 
សូមជម្រាបថា ក្រសួងអប់រំ បានពន្យារពេលប្រឡងបាក់ឌុប ពីថ្ងៃទី៦ ខែធ្នូ ទៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះវិញ ក្រោមហេតុផលផ្តល់ឱកាសដល់សិស្សានុសិស្ស​ មានពេលរៀនបន្ថែមសម្រាប់ត្រៀមប្រឡង។ យ៉ាងណាក៏ដោយ ក្រសួងអប់រំ នៅមិនទាន់បញ្ជាក់កាលបរិច្ឆេទ​ប្រកាសលទ្ធផលបាក់ឌុបនេះនៅឡើយ ខណៈកាលបរិច្ឆេទនៃការបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១០មករា ឆ្នាំ២០២២៕
 

Tag:
 បាក់ឌុប
  មណ្ឌលប្រឡង
© រក្សាសិទ្ធិដោយ thmeythmey.com