ជាតិ
ថ្នាក់ដឹកនាំកំពូលកូរ៉េខាងជើង រំពឹងទំនាក់ទំនងជាមួយកម្ពុជានឹងកាន់តែរីកចម្រើន
11, Nov 2021 , 8:59 pm        
រូបភាព
ថ្នាក់ដឹកនាំកូរ៉េខាងជើងមានប្រមុខដឹកនាំកំពូល គីម ជុងអ៊ុន, នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសជាដើម បានផ្ញើសារថ្វាយព្រះមហាក្សត្រ និងមកកាន់សមភាគីកម្ពុជានាឱកាសខួបទី៦៨ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។ ក្នុងសារលិខិតដោយឡែកពីគ្នា ថ្នាក់ដឹកនាំកូរ៉េខាងជើង បានអបអរកម្ពុជា និងរំពឹងថា ទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀត។

 
«វាគឺជាបំណងប្រាថ្នា និងសេចក្តីប្រាថ្នារួមរបស់ប្រជាជនយើងទាំងពីរ ក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងដ៏យូរអង្វែង និងជាប្រពៃណីនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងកម្ពុជា។» ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បញ្ជាក់បែបនេះក្នុងសារថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ផ្សាយថ្ងៃទី១០ ខែវិច្ឆិកាដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ។
 
លោក គីម ក៏ថ្វាយព្រះពរព្រះមហាក្សត្រខ្មែរឱ្យមានព្រះរាជសុខភាពល្អបរិបូរណ៌ និងមានជោគជ័យក្នុងព្រះរាជភារកិច្ចដើម្បីការរីកចម្រើនរបស់កម្ពុជា។ នេះបើតាមសារដដែល។
 


នាឱកាសបុណ្យឯករាជ្យកម្ពុជាឆ្នាំ២០២១ នាយករដ្ឋមន្រ្តីកូរ៉េខាងជើង គីម តុកហ៊ុន ក៏បានផ្ញើសារអបអរឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។ សាររបស់លោក គីម តុកហ៊ុន បានបង្ហាញការជឿជាក់ថា ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងយូរលង់រវាងប្រទេសទាំងពីរ នឹងរីកចម្រើនកាន់តែខ្លាំងលើវិស័យផ្សេងៗ។ លោក គីម ក៏ជូនពរប្រមុខរដ្ឋាភិបាលកម្ពុជាឱ្យទទួលជោគជ័យក្នុងការអភិវឌ្ឍ និងវិបុលភាពផងដែរ។
 
ដោយឡែក សាររបស់លោក រី ស៊ុនគ័ន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង ផ្ញើឱ្យលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បញ្ជាក់ថា ទំនាក់ទំនងជាប្រពៃណីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំនាពេលអនាគត។
 
ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងជើង ចាប់ផ្ដើមនៅឆ្នាំ១៩៦៥ ក្រោយជំនួបរវាងអតីតមហាក្សត្រខ្មែរ នរោត្តម សីហនុ និងអតីតមេដឹកនាំកូរ៉េខាងជើង គីម អ៊ីលស៊ុង នៅទីក្រុងហ្សាការតា៕  

Tag:
 កម្ពុជា
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com