ជាតិ
ក្រសួង៣ រៀបចំគោលនយោបាយឌីជីថល ដើម្បីអភិវឌ្ឍវិស័យកសិកម្ម
12, Nov 2021 , 7:59 am        
រូបភាព
ក្រសួង៣ កំពុងរៀបចំសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២១-២០៣៥ ក្នុងគោលដៅអភិវឌ្ឍវិស័យកសិកម្មបែបទំនើប។ បើតាមរដ្ឋមន្រ្តីកសិកម្ម សេចក្ដីព្រាងនេះ ផ្ដោតសំខាន់លើការរៀបចំប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស ទីផ្សារកសិកម្មសម្រាប់ធ្វើពាណិជ្ជកម្មឌីជីថលតាមទូរសព្ទដៃ និងប្រព័ន្ធរក្សាទិន្នន័យកសិកម្មជាដើម។



ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល រយៈពេល១៥ឆ្នាំ ដើម្បីអភិវឌ្ឍវិស័យកសិកម្មតាមបែបឌីជីថល។ គោលដៅរបស់ក្រសួងទាំង៣ គឺពង្រឹងវិស័យកសិកម្មដោយរៀបចំប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស ដែលធ្វើការងារកសិកម្មឱ្យបានច្បាស់លាស់។ 
  


លើសពីនេះ ក៏មានការផ្សព្វផ្សាយផលិតផលកសិកម្ម តាមរយៈកម្មវិធីក្នុងទូរសព្ទដៃសម្រាប់បង្កើនទីផ្សារផលិតផលក្នុងឱ្យកាន់តែមានភាពទាក់ទាញផងដែរ។ បច្ចុប្បន្នក្រសួងបានដាក់ឱ្យដំណើរការតាមប្រព័ន្ធកម្មវិធី CamAgriMarket ​និង Angkor Salad។ ក្នុងសេចក្ដីព្រាងនេះដដែល ក៏មានរៀបចំឱ្យមានប្រព័ន្ធត្រួតពិនិត្យទិន្នន័យកសិកម្ម សម្រាប់គ្រប់គ្រងព័ត៌មានផលិតផលកសិកម្ម និងសម្របសម្រួលតម្លៃផលិតផលកសិកម្មផងដែរ។ 
 
ទន្ទឹមនឹងនេះ សេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ក៏រៀបចំទិន្នន័យរូបភាពពាក់ព័ន្ធនានា លើវិស័យកសិកម្ម បរិស្ថាន ការប្រើប្រាស់ដីធ្លី ដើម្បីផ្ដល់ភាពងាយស្រួលដល់ការអនុវត្តសកម្មភាពការងារជាដើម។ ក្រសួងក៏រៀបចំកែលម្អប្រព័ន្ធគ្រប់គ្រងព័ត៌មាន លើវិធីសាស្រ្តផ្សព្វផ្សាយកសិកម្ម បច្ចេកទេស ស្ថានភាពដំណាំ អាកាសធាតុ ទីផ្សារ ដើម្បីបង្កើនគុណភាព សុវត្ថិភាព សម្រាប់នាំចេញផងដែរ៕

Tag:
 រដ្ឋាភិបាលឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com