ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ឧកញ៉ា លី សាយឃាង ត្រូវដោះលែងវិញភ្លាមៗ ក្រោយឆ្លងកាត់ការសាកសួររួច
11, Nov 2021 , 5:09 pm        
រូបភាព
ខាងមុខតុលាការរាជធានីភ្នំពេញ ថតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយភ្នាក់ងារ AFP
ខាងមុខតុលាការរាជធានីភ្នំពេញ ថតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយភ្នាក់ងារ AFP
ដោយ: ថ្មីៗ
លោកឧកញ៉ា លី សាយឃាង ដែលជាប់ចោទពីរំលោភទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ ដោះលែងឲ្យមានសេរីភាពឡើងវិញហើយ ក្រោយសាកសាររួច។ តែឧកញ៉ាជាពាណិជ្ជកររូបនេះ នៅតែជាប់បទចោទទាំង២ដដែល និងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការជាប់ជានិច្ច។


 
លោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការភ្នំពេញ មិនផ្តល់ចម្លើយតាមសំណួរ ដែលសារព័ត៌មានថ្មីៗ សួរថា ហេតុអ្វីបានជាចៅក្រមស៊ើបសួរ សម្រេចដោះលែងលោកឧកញ៉ា លី សាយឃាង ឲ្យនៅក្រៅឃុំិ? លោក គ្រាន់តែបញ្ជាក់ថា សំណុំរឿងរបស់លោក ឧកញ៉ា លី សាយឃាង គឺស្ថិតក្នុងដំណាក់កាលស៊ើបសួរ ដូច្នេះ ចៅក្រមស៊ើបសួរ មានសិទ្ធិសម្រេចលើចំណាត់ការរបស់ខ្លួន។ 
 
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ២០២១ លោក សេង លាង បានចេញដីកាបង្គាប់ឲ្យកម្លាំងសមត្ថកិច្ច តាមចាប់លោកឧកញ៉ា លី សាយឃាង ដើម្បីនាំយកទៅសាកសួរក្នុងបទចោទរំលោភទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ដែលបានប្រព្រឹត្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីអំឡុងឆ្នាំ២០១៨មកម្ល៉េះ។ ប៉ុន្តែ ដីការបស់ចៅក្រមស៊ើបសួរ ពុំបានបញ្ជាក់ថា ឧកញ៉ារូបនេះ បានរំលោភទំនុកចិត្តលើអ្នកណា និងបរិហារកេរ្តិ៍លើអ្នកណាឡើយ។ 
 
រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧកញ៉ា លី សាយឃាង ដែលកំពុងស្ថិតនៅក្នុងខេត្តសៀមរាប ក៏ស្ម័គ្រចិត្តចូលកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបដោយខ្លួនឯង ហើយពេលរសៀល លោក ក៏ត្រូវបញ្ជូនទៅកាន់លោកចៅក្រមស៊ើបសួរ សេង លាង នៅរាជធានីភ្នំពេញ។ ក្រោយចូលទៅតុលាការភ្នំពេញអស់ច្រើនម៉ោង ដើម្បីផ្តល់ចម្លើយដល់ចៅក្រមស៊ើបសួរ នៅម៉ោងប្រមាណ៨យប់ គេ ក៏ឃើញលោកឧកញ៉ា ធ្វើដំណើរចេញមកវិញដោយគ្មានការក្រៀកពីសមត្ថកិច្ច ឬការវាយខ្នោះនោះទេ ដែលបង្ហាញថា លោក ត្រូវបានចៅក្រមស៊ើបសួរ អនុញ្ញាតឲ្យនៅក្រៅឃុំ៕ 

Tag:
 លី សាយឃាង
© រក្សាសិទ្ធិដោយ thmeythmey.com