កីឡាជាតិ
ជាតិ
ក្រុម Newblood តំណាងឱ្យកម្ពុជា ទៅប្រកួត SEAEF DOTA 2 Champoinship 2021
11, Nov 2021 , 9:59 pm        
រូបភាព
ដោយ៖ គឹម មករា

សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា បានសម្រចយកក្រុម Newblood បានក្លាយជាក្រុមតំណាងឱ្យកម្ពុជា ដើម្បីត្រៀមទៅប្រកួត SEAEF DOTA 2 Champoinship 2021 ដែលនឹងត្រូវធ្វើតាមប្រព័ន្ធOnline  នៅថ្ងៃទី ១៦-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ ការសម្រេចនេះ ក្រោយពីក្រុម Newblood យកឈ្នះក្រុម Yeaksa នៅវគ្គផ្ដាច់ព្រ័ត្រ ៣ ទល់០ នាថ្ងៃទី០៨ ខែវិច្ឆិកា​ ឆ្នាំ២០២១ នៅក្លឹប CUE Cyber Gamer ។



អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា លោក លន់ សាមឌី បានវាយតម្លៃខ្ពស់ ទៅលើការប្រកួត Dota 2 ជាពិសេសការរៀបចំកីឡាអេឡិចត្រូនិច ជើងឯកអាស៊ានលើកដំបូង ក្រោយ​បង្កើតឲ្យមានសហព័ន្ធកីឡា​អេ​ឡិច​ត្រូនិកអាស៊ីអាគ្នេយ៍ (SEAEF) ។ លោក សាមឌី បានបន្ថែមថា  ឱកាសកម្ពុជាប្រកួតប្រជែងកីឡានេះ វាជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញថាវិស័យកីឡាអេឡិចត្រូនិច នៅកម្ពុជាមានការរីកចម្រើន ទាំងក្នុងតំបន់ និងឆាកអន្តរជាតិផងដែរ ។ 
 
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានស្រង់សម្តីលោក លន់ សាមឌី ដូច្នេះ៖«នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចឲ្យយើងមើលឃើញថា ការ​វិវឌ្ឍន៍ទៅមុខឥតឈប់ឈររបស់វិស័យកីឡាអេឡិចត្រូនិកកាន់តែដើរលឿន និងបង្កលក្ខណៈ​ងាយស្រួលឲ្យកីឡាករកម្ពុជាយើងអាចចូល​រួម​ការប្រកួតលក្ខណៈអន្ដរជាតិបានកាន់តែច្រើន» ។ 
 
ក្រោយពីការចម្រាញ់យកក្រុមខ្លាំងមួយ ក្នុងចំណោម១៤ក្រុមដែលបានចូលរួមប្រកួត កាលពីថ្ងៃទី០៨កន្លងមក  សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា សម្រេចយកក្រុម​ Newblood ធ្វើជាតំណាងឱ្យកម្ពុជាក្នុងការប្រកួត SEAEF DOTA 2 Champoinship 2021 ។ 
 
សហព័ន្ធ SEAEF រៀបចំការប្រកួតនេះឡើង ក្នុងមានគោលបំណង ជំរុញទំនាក់ទំនងភាគីពាក់ព័ន្ធនឹងវិស័យកីឡា esports និងស្ថាប័នអន្តរជាតិផ្សេងៗទៀត។ ១០ក្រុមតំណាងប្រទេសនីមួយៗក្នុងអាស៊ាន នឹងត្រូវចូលរួមប្រកួត រួមមាន កម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងព្រុយណេ លើកលែងតែទីម័រខាងកើត ។ ការប្រកួតនេះមានទឹកប្រាក់រង្វាន់សរុប ៣៥,០០០ដុល្លារ ៕

Tag:
 Dota 2
  កីឡាអេឡិចត្រូនិច
  កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com