ជាតិ
អ្នកសារព័ត៌មានពីររូប ត្រូវបានដោះលែងវិញ ប៉ុន្តែស្ថិតក្រោមការតាមដានរបស់តុលាការ
11, Nov 2021 , 10:59 pm        
រូបភាព
ក្លោងទ្វារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត រូបភាពៈ ហ្វេសបុ៊កផេកសាលាដំបូងខេត្តកំពត
ក្លោងទ្វារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត រូបភាពៈ ហ្វេសបុ៊កផេកសាលាដំបូងខេត្តកំពត
ដោយ៖ វា៉ សុភានុត
សាលាដំបូងខេត្តកំពត សម្រេចមិនឃុំខ្លួនអ្នកសារព័ត៌មានពីររូប(LSN TV) ដែលបានចុះរាយការណ៍ព័ត៌មាននៅមុខរដ្ឋបាលខេត្ត ពាក់ព័ន្ធនឹងរឿងវិវាទដីធ្លីឡើយ។

 
លោក ម៉ាន់ បូរេត អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា 
នៅថ្ងៃទី​ ១១ ខែវិច្ឆិកានេះ ចៅក្រមស៊ើបសួរលោក អាំង សុភា បានសម្រេចមិនឃុំខ្លួនអ្នកសារព័ត៌មានពីររូបគឺ លោក​ អ៊ីង ធឿន និងសាយ សុភា ប៉ុន្តែពួកគេត្រូវជាប់កាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ។ 
 
នៅដើមសប្ដាហ៍នេះ ស្នងការដ្ឋានគរបាលខេត្តកំពត បានឃាត់ខ្លួនមនុស្សពីរនាក់ ដែលជាអ្នកសារព័ត៌មាន LSN TV ក្រោយពួកគេបានចុះផ្សាយផ្ទាល់នៅពីមុខរដ្ឋបាលខេត្តកំពត។ 
អាជ្ញាធរបានអះអាងថា សកម្មភាពពួកគេទាំងពីរ វាយប្រហាលើចំណាត់ការសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដោយមិនបានទាក់ទងនិងសួរនាំឱ្យបានច្បាស់លាស់ជាមួយអាជ្ញាធរ មុននឹងចុះផ្សាយផ្ទាល់។ អាជ្ញាធរ ក៏ចាត់ទុកសកម្មភាពអ្នកសារព័ត៌មានទាំងពីរ ជំរុញឱ្យបង្កើនសកម្មភាពទន្រ្ទានកាន់កាប់ដីខុសច្បាប់លើដី ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ផងដែរ។ 
 
សារព័ត៌មានថ្មីៗ មិនអាចសូមការអត្ថាធិបាយពីលោក លួស សេង ចាងហ្វាងការសែត LSN បានឡើយ ដោយខលពុំមានអ្នកលើកទូរសព្ទ។  
 
នៅក្នុងវីឌីអូដែលភ្នាក់ងារសារព័ត៌មានLSN TV ផ្សាយជាង២០នាទីចេញពីមុខរដ្ឋបាលខេត្តកំពត បង្ហាញអំពី ប្រជាពលរដ្ឋជាសាច់ញាតិជនសង្ស័យ ដែលត្រូវសម្ថកិច្ចឃាត់ខ្លួនចំនួន​ ៤នាក់ ពាក់ព័ន្ធនឹងវិវាទដីធ្លី នៅស្រុកឈូក ខេត្តកំពត បានមកកាន់រដ្ឋបាលខេត្ត ដើម្បីស្វែងរកដំណោះស្រាយពីអភិបាលខេត្តថ្មី លោក ម៉ៅ ធនិន។ ពលរដ្ឋទាំងនោះ ក៏បានលើកឡើងថា អាជ្ញាធរបានឃាត់ខ្លួនសាច់ញាតិរបស់ពួកគេ ដោយមិនបង្ហាញដីការរបស់តុលាការ។ 
 
លោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពត ថ្លែងថា លោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានសម្រេចចោទប្រកាន់អ្នកសារព័ត៌មានទាំងពីរនាក់នោះ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថ តាមមាត្រា ៤៩៤, ៤៩៥, ៥០២ នៃក្រមព្រហ្មទណ្ឌ។ 
 
កាលពីចុងខែតុលា ឆ្នាំ២០២១ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(ខេមបូចា)​ បានចេញ​របាយការណ៍​ប្រចាំត្រី​មាសទី៣ ​ឆ្នាំ​២០២១​ ឱ្យដឹងថា អ្នកសារព័ត៌មានចំនួន៩នាក់ ក្នុងចំណោម ២១នាក់ត្រូវបានរងការគំរាមកំហែង ក្នុងអំឡុងពេញបំពេញកិច្ចការងារ ខណៈ៨នាក់ត្រូវបានយាយី និងម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។
 
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា គ្នានច្បាប់ណាដែលកំណត់ឱ្យអ្នកសារព័ត៌មាន ត្រូវសុំកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន មុនចុះផ្សាយផ្ទាល់ឡើយ។ 
 
លោក វី និយាយថា៖ «ករណីដែរអ្នកសារព័ត៌មានសេចក្ដីរាយការណ៍របស់គាត់មានលក្ខណៈលើសលប់ ខ្វះខាតក្នុងចំណុចណាមួយសម្ថកិច្ចឬភាគីពាក់ព័ន្ធនឹងព័ត៌មានដែលគាត់ចេញផ្សាយ ត្រូវចូលរួម ក្នុងការធ្វើសេចក្ដីបំភ្លឺ ឬមួយក៏ឆ្លើយតបត្រលប់មកវិញតាមរយៈលិខិត ឬការីនិពន្ធរបស់ពួកគាត់ជៀសវាងការប្រើប្រាស់ច្បាប់យកមកជារូបភាពមួយ នៃការគំរាមគំហែង ដែលធ្វើឱ្យប៉ះពាល់នឹងការអនុវត្តការងារនិងភារកិច្ចរបស់អ្នកសារព័ត៌មាន»។
 
លោក មាស  សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា បញ្ហាចុះផ្សាយផ្ទាល់ព័ត៌មានដីធ្លីនេះ ដោយសារអ្នកសារព័ត៌មានមិនបានស្វែងរកការពិតនៃព័ត៌មាន ឱ្យគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ ដែលធ្វើឱ្យប្រាស់ចាកទៅនឹងក្រមសីលធម៌វិជ្ជាជីវៈ រួមទាំងប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។ 
 
លោកបន្តថា ករណីនេះមិនត្រូវចាត់ទុកថា ជាការគំរាមកំហែងដល់អ្នកសារព័ត៌មានឡើយ ។ លោក សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា ច្បាប់ស្ដីពីរបបសារព័ត៌មានបានអនុញ្ញាតឱ្យជនណាម្នាក់ មានសិទ្ធិប្ដឹងទៅកាន់អ្នកសារព័ត៌មាន ប្រសិនបើពួកគេយល់ថា អត្ថបទដែលអ្នកសារព័ត៌មាន សរសេរនោះ មានលក្ខណៈខុសពីការពិត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន។ 
 
«គឺផ្សាយព័ត៌មានតែពីភាគីម្ខាង  ហេីយធ្វេីការសន្និដ្ឋាន ដែលមិនត្រឹមត្រូវ  ដូចជាថាអជ្ញាធរចាប់ក្មេងអាយុបួនឆ្នាំ  តេីក្មេងខុសអ្វី?  ជាដេីម  ដែលនេះអាចចាត់ទុកថា ជាការផ្សព្វផ្សាយដោយខ្វះកិច្ចសហការក្នុងការស្វះស្វែងរកព័ត៌មាន ពីគ្រប់ប្រភពដែលពាក់ព័ន្ធ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន៕
 

Tag:
 សារព័ត៌មាន
  ច្បាប់
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com