ជាតិ
ស្លាប់៧នាក់ ខណៈ១៦នាក់ទៀត ព្យាបាលនៅមន្ទីរពេទ្យ ដោយសារផឹកអាល់កុលលាយជាមួយភេសជ្ជៈ
12, Nov 2021 , 11:29 am        
រូបភាព
ពលករដែលពុលអាល់កុលកាលពីថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០២១។ (រូបពី ហ្វេសប៊ុក លោក ឡេ ច័ន្ទ  សង្វាតប្រធានប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ)
ពលករដែលពុលអាល់កុលកាលពីថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០២១។ (រូបពី ហ្វេសប៊ុក លោក ឡេ ច័ន្ទ សង្វាតប្រធានប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ)
ភ្នំពេញ៖ ពលករ៧នាក់បានស្លាប់ និង១៦នាក់បានបញ្ជូនមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ដោយសារផឹកអាល់កុលលាយជាមួយទឹកភេសជ្ជៈ ក្នុងមណ្ឌលចត្តាឡីស័ក កាលពីយប់ថ្ងៃទី១១ វិច្ឆិកា។ នេះបើតាមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។

 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីពុលអាល់កុលនេះ គឺដោយសារជនរងគ្រោះមានបំណងចង់ផឹកស្រា ទើបយកភេសជ្ជៈ ទៅលាយបញ្ចូលគ្នា ជាមួយអាល់កុលផឹក។ 
 
អភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា អ្នកពុលមានចំនួន២៣នាក់ ក្នុងនោះបានស្លាប់៧នាក់ ក្រោយបញ្ចូនទៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ។ ចំណែក ១៦នាក់ទៀត កំពុងសម្រាកនិងតាមដានបន្តក្នុងមន្ទីរពេទ្យបង្អែកខេត្ត។ 
 


លោក គាត ហ៊ុល ថ្លែងយ៉ាងដូច្នេះថា៖ «អ្នកពុលទាំងនោះជាពលករ ដែលកំពុងធ្វើចត្តាឡីស័ក ហើយកន្លែងចត្តាឡីស័កមិនអនុញ្ញាតឲ្យយកស្រាចូលឡើយ។ ដូច្នេះ ពួកគេក៏លាយអាល់កុល ជាមួយទឹកអូអ៊ិឈិនិងស្ទីង ដើម្បីផឹក ដូចដែលពួកគេធ្លាប់លាយផឹកកាលនៅប្រទេសថៃ។ ផឹកហើយក៏ពុលជាបន្តបន្ទាប់»។ 
 
ជាមួយគ្នាដែរ អភិបាលក្រុងរូបនេះ បានអំពាវនាវសុំឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន លើចំណីអាហារនិងភេសជ្ជៈ នៅពេលបរិភោគ ពោលគឺត្រូវពិនិត្យនិងជៀសវាង ការលាយបញ្ជូលគ្នាដោយគ្មានក្បួនច្បាប់ត្រឹមត្រូវ៕ 

Tag:
 សង្គម
  ពុលស្រា
© រក្សាសិទ្ធិដោយ thmeythmey.com