ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អ្នកនាំពាក្យប៉ូលិស អះអាងថា អ្នកប្រឆាំង២នាក់ ទៅថៃខុសច្បាប់ ទើបត្រូវបញ្ជូនមកវិញ ដោយគ្មានការស្នើសុំឡើយ
12, Nov 2021 , 1:48 pm        
រូបភាព
លោក វឿង សំណាង (ឆ្វេងដៃ) និង លោក វឿន វាសនា (រូបពីទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង)
លោក វឿង សំណាង (ឆ្វេងដៃ) និង លោក វឿន វាសនា (រូបពីទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង)
លោក ឆាយ គឹមឃឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បដិសេធចំពោះការផ្សាយថា អាជ្ញាធរកម្ពុជា ស្នើឲ្យអាជ្ញាធរថៃ ចាប់សកម្មជនប្រឆាំង២នាក់ គឺ គឺលោក វឿន វាសនា និងលោក វឿង សំណាង បញ្ជូនមកកម្ពុជា។ លោក បកស្រាយថា អ្នកទាំង២ ទៅរស់នៅក្នុងប្រទេសថៃដោយខុសច្បាប់ ហើយក៏ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ។ លោក បន្តថា នៅពេលពួកគេទាំង២នាក់មកដល់កម្ពុជា សមត្ថកិច្ចកម្ពុជា ក៏ចាប់ពួកគេទៅតុលាការតាមដីកាបង្គាប់ឲ្យចាប់ខ្លួន។



លោក ឆាយ គឹមឃឿន បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗថា៖«រឿងលោក វឿន វាសនា និង វឿង សំណាង នេះ មិនមែនអាជ្ញាធរថៃ ចាប់បញ្ជូនមកឲ្យយើងទេ គឺអាជ្ញាធរគេបណ្តេញចេញពីប្រទេសគេដោយសារស្នាក់នៅស្រុកគេខុសច្បាប់ មិនមែនបានន័យថា គេចាប់បញ្ជូនឲ្យយើងតាមសំណើយើងទេ យើងអត់មានបានស្នើទេ»។

លោក វឿន វាសនា ដែលទើបនឹងលាចាកសិក្ខាបទពីព្រះសង្ឃ គឺជាសកម្មជនការពារព្រៃឈើ និងឧស្សាហ៍រិះគន់រដ្ឋាភិបាលតាមបណ្តាញសង្គម។ ចំណែក លោក វឿង សំណាង គឺជាអតីតចៅសង្កាត់រងនៃសង្កាត់ចតុមុខពីអតីតគណបក្សសង្គ្រោះជាតិ។ អ្នកទាំង២ ត្រូវបានចោទបទរួមគំនិតក្បត់ជាតិដូចគ្នា។

លោកមេធាវី សំ សុគង់ ដែលទើបទទួលបានសំណើពីអ្នកទាំង២ សុំឲ្យជួយការពារក្តី បានប្រាប់សារព័ត៌មានថ្មីៗថា តំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសថៃ បានព្យាយាមសម្របសម្រួលជាមួយអាជ្ញាធរដែរ ដើម្បីកុំឲ្យបញ្ជូនអ្នកទាំង២ មកកម្ពុជា តែនៅតែត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញយ៉ាងតក់ក្រហល់។ លោក យល់ថា អាជ្ញាធរកម្ពុជា និងអាជ្ញាធរថៃ ទំនងជាបានទាក់ទងគ្នា ក្នុងការចាប់បញ្ជូនអ្នកទាំង២នេះមកកម្ពុជា។

លោក ផ្តល់ព័ត៌មានថា នៅសប្តាហ៍ក្រោយ លោក នឹងទៅជួបកូនក្តីទាំង២របស់លោក នៅពន្ធនាគារព្រៃស ដើម្បីសួរពីអង្គហេតុ ដែលនាំឲ្យមានការចាប់ខ្លួន។ លោក បញ្ជាក់ថា៖«ទាល់តែជួបបានដឹងច្បាស់»។

បើតាមលោកមេធាវី កូនក្តីរបស់លោក ត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១៕

Tag:
 វឿន វាសនា
  វឿង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com