កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ជប៉ុនដណ្តើមបានលេខ៣ក្នុងពូលវិញ ក្រោយឈ្នះវៀតណាម ១-០
12, Nov 2021 , 1:59 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន បានដណ្តើមយកចំណាត់ថ្នាក់ទី៣ក្នុងពូល B វិញ ក្រោយឈ្នះវៀតណាម ១-០ ក្នុងការប្រកួតជម្រុះ FIFA World Cup ២០២២ ប្រចាំតំបន់អាស៊ី។ អូម៉ង់ដែលស្មើចិន ១-១ ធ្លាក់ទៅលេខ៤វិញ។



នាជំនួបលើកទី៥ នៃវគ្គសន្សំពិន្ទុពូល B នៅថ្ងៃទី១១ ខែវិច្ឆិកា ជប៉ុនបានយកឈ្នះម្ចាស់ផ្ទះវៀតណាម ១-០។ ខ្សែប្រយុទ្ធ Junya Ito ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះឱ្យក្រុមសាម៉ូរៃជប៉ុន។
៣ពិន្ទនេះ បានជួយក្រុមជប៉ុនគេចផុតពីតំបន់កាត់ចោល ដើម្បីឡើងទៅចំណាត់ថ្នាក់ទី៣វិញ។ ជប៉ុនកើនបាន៩ពិន្ទុពីការប្រកួត៥លើក តាមពីក្រោយក្រុមលេខ២អូស្ត្រាលី១ពិន្ទុ និងក្រុមកំពូលតារាងអារ៉ាប៊ីសាអូឌីត៤ពិន្ទុ។ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីតទទួលបានម្នាក់១ពិន្ទុ ក្រោយពួកគេប្រកួតស្មើគ្នា ០-០ នៅជំនួបទី៥។
 
អូម៉ង់ ដែលស្មើចិន ១-១ បានធ្លាក់ពីលេខ៣ ទៅលេខ៤វិញ ក្រោយរកបាន៧ពិន្ទុ។ ចិននៅលេខ៤មាន៤ពិន្ទុ ខណៈវៀតណាមនៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។ ស្របពេលការប្រកួតក្នុងវគ្គជម្រុះទើបឈានបានពាក់កណ្តាលផ្លូវ ក្រុមទាំង៦ក្នុងពូល B នេះ នៅតែមានឱកាសប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្រ World Cup រៀងខ្លួន។
 
ក្នុងវគ្គជម្រុះតំបន់អាស៊ី សម្រាប់ពានរង្វាន់កីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា មានពីរពូល A និង B។ ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ និងទី២ បានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ឯលេខ៣ត្រូវបន្តលេងវគ្គ play-off។
 
នៅពូល A វិញ អ៊ីរ៉ង់នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងក្រោយបន្តឈ្នះលីបង់ ២-១។ កូរ៉េខាងត្បូង ដែលឈ្នះអេមីរ៉ាតអារ៉ាប់រួម ១-០ ក៏ស្ថិតនៅលេខ២ដដែល។ អ៊ីរ៉ង់រកបាន១៣ពិន្ទុ កូរ៉េខាងត្បូងនៅលេខ២មាន ១១ពិន្ទុ លីបង់លេខ៣ មាន៥ពិន្ទុ អ៊ីរ៉ាក់លេខ៤ រកបាន៤ពិន្ទុក្រោយស្នើស៊ីរី ១-១។ អេមីរ៉ាតអារ៉ាប់រួមនៅលេខ៥មាន៣ពិន្ទុ និងស៊ីរីនៅបាតតារាងមាន២ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត៥លើកដូចគ្នា៕

អត្ថបទទាក់ទង
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com