កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ឈ្នះអូស្ត្រាលី ជួយជប៉ុនបន្ថយគម្លាតពិន្ទុ តែឈរលេខ៤ក្នុងពូល
13, Oct 2021 , 3:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន បានយកឈ្នះអូស្ត្រាលី ២-១ ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២២ ប្រចាំតំបន់អាស៊ីជុំទី៣ នៅថ្ងៃទី១២ ខែតុលា។ ជ័យជម្នះនេះ បានជួយក្រុមសាម៉ូរ៉ៃបន្ថយគម្លាតពិន្ទុពីក្រុមគូប្រជែង តែធ្លាក់ទៅចំណាត់លេខ៤ពូល B វិញ។ អារ៉ាប៊ីសាអូឌីត រក្សាភាពមិនចាញ់និងស្មើរបស់ខ្លួន ក្រោយឈ្នះចិន ៣-២។


ឈ្នះអូស្ត្រាលី ជាជ័យជម្នះលើកទី២របស់ជប៉ុនក្នុងចំណោម៤ប្រកួត។ ឈ្នះអូស្ត្រាលីនៅជំនួបលើទី៤ នៅពូល B ធ្វើឱ្យជប៉ុនធ្លាក់ពីលេខ៣ទៅលេខ៤ក្នុងតារាងពិន្ទុវិញ ប៉ុន្តែធ្វើឱ្យគម្លាតពិន្ទុរបស់ក្រុមគូប្រជែងថយ។ 
 
ឆ្លងកាត់ការប្រកួត៤លើក ក្រុមរហស្សនាមសាម៉ូរ៉ៃរកបាន៦ពិន្ទុ ស្មើក្រុមលេខ៣អូម៉ង់ តាមពីក្រោយក្រុមលេខ២អូស្ត្រី៣ពិន្ទុ និងក្រុមកំពូលតារាងអារ៉ាប៊ីសាអូឌីត៦ពិន្ទុ។ អូម៉ង់ ឡើងពីលេខ៤ទៅលេខ៣វិញក្រោយឈ្នះវៀតណាម ៣-១ ស្របពេលអារ៉ាប៊ីសាអូឌីតរក្សាចំណាត់ថ្នាក់កំពូលតារាងពូល B មាន១២ពិន្ទុ ក្រោយបន្តឈ្នះចិន ៣-២ នៅចំនួបលើកទី៤របស់ពួកគេ។
 
ចិនដែលឈ្នះ១លើក ចាញ់៣ រកបាន៣ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៥ ខណៈវៀតណាមដែលមិនទាន់ស្គាល់ឈ្នះ និងស្មើសោះ ស្ថិតនៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។ ចិន និងវៀតណាម ត្រូវបានគេមើលឃើញថានឹងមិនអាចរកបានកៅអីទៅ World Cup នៅប្រទេសកាតា ឆ្នាំ២០២២ឡើយ។
  


អារ៉ាប៊ីសាអូឌីត មានភាគរយខ្ពស់ក្នុងការទទួលកៅអីស្វ័យប្រវត្តិ ស្របពេលអូស្ត្រាលី អូម៉ង់ និងជប៉ុន ត្រូវប្រជែងគ្នាខ្លាំងសម្រាប់តំណែងចំណាត់ថ្នាក់ទី២ និងទី៣ក្នុងពូល។
ក្នុងវគ្គជម្រុះ World Cup តំបន់អាស៊ី ត្រូវបានចែកចេញជាពីរពូល A និង B។ ក្រុមលេខ១ និងលេខ២តាមពូលនិមួយៗ ទទួលបានកៅអីស្វ័យប្រវត្តិទៅកាតា រីឯលេខ៣សល់កៅអី play-off ដើម្បីដណ្តើមយកកន្លះកៅអី ទៅបន្តជម្រុះជាមួយទ្វីបផ្សេង។
 
ដោយឡែកនៅពូល A វិញ អ៊ីរ៉ង់នៅតែរក្សាកំពូលតារាងដដែលមាន១០ពិន្ទុ ក្រោយប្រកួតស្មើកូរ៉េខាងត្បូង ១-១ នាជំនួបជម្រុះលើកទី៤។ កូរ៉េខាងត្បូងនៅលេខ២មាន៨ពិន្ទុ តាមពីក្រោយដោយលីបង់ដែលមាន៥ពិន្ទុ។ អេមីរ៉ាត់អារ៉ាប់រួម និងអ៊ីរ៉ាក់មាន៣ពិន្ទុដូចគ្នានៅចំណាត់ថ្នាក់ទី៤និងទី៥ ខណៈស៊ីរីនៅបាតតារាងមាន១ពិន្ទុ។
ក្នុងការប្រកួតជម្រុះពូល A លើកទី៤ លីបង់ឈ្នះស៊ីរី ៣-២ ខណៈ អេមីរ៉ាត់អារ៉ាប់រួមស្មើជាមួយអ៊ីរ៉ាក់ ២-២៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com