កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុនប្រឈមអត់កៅអី World Cup ក្រោយចាញ់អារ៉ាប៊ីសាអូឌីត ខណៈចិនឈ្នះវៀតណាម
08, Oct 2021 , 4:02 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន ប្រឈមអត់កៅអីទៅ  FIFA World Cup ឆ្នាំ២០២២ នៅកាតា ក្រោយចាញ់អារ៉ាប៊ីសាអូឌីតក្នុងការប្រកួតវគ្គជម្រុះតំបន់អាស៊ីជុំទី៣ពូល B។ ចិនរកបានជ័យជម្នះលើកដំបូង ក្រោយឈ្នះវៀតណាមដែលមិនទាន់ស្គាល់ឈ្នះសោះ។ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីតរកបាន៩ពិន្ទុពេញ ក្រោយឈ្នះទាំង៣ប្រកួត។


 
ចាញ់អារ៉ាប៊ីសាអូឌីត ១-០ នៅថ្ងៃទី៧ ខែតុលា ជាបរាជ័យលើកទី២របស់ជប៉ុនក្នុងចំណោមការប្រកួតទាំង៣លើកនៅពូល B។ ជប៉ុនឈ្នះ១លើកលើក្រុមចិន បន្ទាប់ពីចាញ់អូម៉ង់នៅជំនួបបើកឆាក។
 
ឆ្លងកាត់ការប្រកួត៣លើក ក្រុមរហស្សនាមសាម៉ូរ៉ៃរកបានតែ៣ពិន្ទុ ឈរចំណាត់ថ្នាក់ទី៣ក្នុងតារាង តាមពីក្រោយក្រុមលេខ២អារ៉ាប៊ីសាអូឌីត និងក្រុមកំពូលតារាងអូស្ត្រាលីដែលបន្តឈ្នះអូម៉ង់ ៣-១ ចំនួន៦ពិន្ទុ។ ដោយក្នុងតំបន់អាស៊ី ទទួលបានកូតាតែបួនកៅអីកន្លះ ទៅកាន់ការប្រកួតដណ្តើមពានរង្វាន់ពិភពលោកឆ្នាំ២០២២ ជប៉ុនដែលនៅចំណត់ថ្នាក់ទី៣បណ្តោះអាសន្ន កំពុងប្រឈមអត់កៅអី។
 
ស្របពេលអារ៉ាប៊ីសាអូឌីត និងអូស្ត្រាលីបង្ហាញភាពរឹងមាំរបស់ខ្លួនជាមួយឱកាសឈានទៅកាតាដោយស្វ័យប្រវត្តិ ជប៉ុនរួមជាមួយអូម៉ង់ និងចិនដែលមាន៣ពិន្ទុស្មើគ្នា នឹងត្រូវប្រជែងគ្នាដណ្តើមយកកន្លះកៅអីដើម្បីទៅកាន់វគ្គ Play-off ជាមួយពូលផ្សេងមួយលើកទៀត។
 
សម្រាប់វៀតណាមវិញ ពួកគេទំនងជាមិនអាចឆ្លងផុតវគ្គជម្រុះជុំទី៣នេះឡើយ ដ្បិតចាញ់ទាំង៣លើកជាប់គ្នា។ ក្រុមពីតំបន់អាស៊ានតែមួយគត់ដែលឈានដល់វគ្គជម្រុះជុំទី៣នេះ ស្ថិតនៅបាតតារាងពូល B ក្រោយចាញ់ចិន ៣-២ នៅជំនួបលើកទី៣។
 
យ៉ាងក៏ដោយ គិតត្រឹមពេលនេះ ក្រុមទាំង៦នៅតែមានឱកាសប្រជែងកៅអីទៅ World Cup នៅប្រទេសកាតារៀងខ្លួន ព្រោះនៅសល់ការប្រកួតក្នុងដៃម្នាក់៧លើកទៀត៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com