ជាតិ
អាជ្ញាធរ​ខេត្តព្រះសីហនុ នឹងចុះពិនិត្យរោងម៉ាស៊ីន និងសិប្បកម្មកែច្នៃឈើក្នុងតំបន់ការពារ នៅ​សប្ដាហ៍​ក្រោយ
12, Nov 2021 , 2:36 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅ​សប្ដាហ៍​ក្រោយ​ អាជ្ញាធរនឹងចុះត្រួតពិនិត្យរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើចំនួន ២០កន្លែង នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង-ស្រុក៣ នៃខេត្តព្រះសីហនុ។ បើតាម​លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត​ព្រះសីហនុ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងការពារ និងអភិរក្សព្រៃ ក្នុងតំបន់កាពារនៃ​ខេត្តព្រះសីហនុ។



លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទថា កន្លងមកក្រសួងបរិស្ថាន បានចុះពិនិត្យឃើញថា​ស្រុកស្ទឹងហាវ ស្រុកព្រៃនប់ និងក្រុងព្រះសីហនុ មានរោងម៉ាស៊ីន និងសិប្បកម្មកែច្នៃឈើចំនួន ២០កន្លែង ដែលកំពុងបើកអាជីវកម្ម ក្នុង និងក្បែរតំបន់ការពារនៃខេត្តព្រះសីហនុ។ ក្រោយ​ឃើញ​សកម្មភាព​បែបនេះ ក្រសួង​បរិស្ថាន​ ​បាន​ជូនដំណឹងមក​រដ្ឋបាលខេត្ត ដើម្បីចូលរួមជួយដោះស្រាយ។
 
កាល​ពី​ថ្ងៃទី​១០ វិច្ឆិកា លោក ឡុង ឌី​ម៉ង់ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​លើ​ការ​ត្រៀម​ចុះ​បញ្ឈប់​ទីតាំង​រោង​ម៉ាស៊ីន​ រោង​សន្និធិ និង​រោងសិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​​ក្នុង និង​ក្បែរ​តំបន់ការពារ។ ក្នុង​បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ២៥តាមទូរសព្ទ​ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា៖ «​មុនពេលប្រជុំមានក្រុមការងារចាំត្រួតពិនិត្យតាមទីតាំងមួយចំនួន ហើយក៏មានកន្លែងខ្លះបានជួយសហការបង្ហាញនូវឯកសារ ហើយក៏មានកន្លែងខ្លះមិនបានចូលរួមទេ។ ក្រុមការងារបានប្រជុំកាលពីម្សិលមិញហើយថា ដេប៉ូ ឬក៏រោងសិប្បកម្មត្រូវមានអ្វីខ្លះ ដើម្បីអាចបន្តដំណើរការអាជីវកម្មនៅក្នុងតំបន់ទាំងបីនោះ»។
 
បើតាម​អភិបាលរង​ខេត្តរូបនេះ ចំពោះទីតាំងអាជីវកម្មទាំង២០ក្នុងតំបន់ទាំងបីខាងលើ អាជ្ញាធរមិនទាន់អាចបញ្ជាក់បាននៅឡើយទេថាមានប៉ុន្មានដែលមានច្បាប់ ឬគ្មានច្បាប់បើកអាជីវកម្ម។ លោក ឡុង ឌីម៉ង់ បន្តថា ​ដំណើរការនៃការចុះត្រួតពិនិត្យតាមទីតាំងអាជីវកម្មនេះ​​ អាចនឹងដំណើរការឱ្យកាន់តែលឿនកាន់តែប្រសើរ។
 
«យើងកំពុងរៀបចំក្រុមការងារ យើងសង្ឃឹមថានឹ ងអាចចុះឱ្យបានលឿន អាចក្នុងសប្ដាហ៍ក្រោយទៅបាន។ ប្រសិនបើយើងចុះត្រួតពិនិត្យ ហើយទៅតាំងទាំងនោះមិនមានឯកសារគ្រប់តាមការកំណត់ ក្រុមការងារនឹងបញ្ជូនសំណើទៅអភិបាលខេត្ត ដើម្បីបិទអាជីវកម្មតែម្ដង»។ នេះជាការ​ពន្យល់បន្ថែមរបស់​លោក ឡុង ឌីម៉ង់ ដោយ​លោក​បន្តថា ជាគោលដៅធំបំផុត គឺចង់ការពារ និងអភិរក្សតំបន់ក្នុង​ខេត្ត​ព្រះសីហនុ​។
 
សកម្មភាពខាងលើនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តព្រះសីហនុ មាន​គោលបំណង​បញ្ឈប់អាជីវកម្មដែលគ្មានច្បាប់​អនុញ្ញាត និងដើម្បីត្រួតពិនិត្យកុំឱ្យមានជនខិលខូចឆ្លៀតឱកាសទាញផលប្រយោជន៍ពីតំបន់ការពារ៕  

Tag:
 ក្រសួងបរិស្ថាន
  ខេត្តព្រះសីហនុ
  រោងសិប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com